ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន​៖ អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​អ្នក​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​
22, Jun 2018 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ចូលរួម​បោះឆ្នោត និង​អ្នក​ដែល​ព្យាយាម​បង្កចលាចល ក្នុង​ចេតនា​មិន​ឲ្យ​មានការ​បោះឆ្នោត ទើប​ជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ​។ នេះ​ជាការ​ឆ្លើយតប​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សំដៅ​ទៅកាន់​អតីត​ក្រុម​អ្នកប្រឆាំង​។​



​ប្រមុខ​រដ្ឋាភិបាល ថែមទាំង​ហៅ​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជាការ​បំផ្លាញ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទៀតផង​។  បន្ទាប់មក នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​អះអាងថា អ្នក ដែល​ស្រឡាញ់ និង​កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ គឺ​អ្នក ដែល​ចូលរួម​រក្សា​សន្តិសុខ​ជាមួយ​រដ្ឋាភិបាល និង​គាំទ្រ​ការរៀប​ចំការ​ដោយ​ឯករាជ្យ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបការ​បោះឆ្នោត​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាង​៣​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ប្រធាន​គណបក្សកាន់អំណាច បាន​និយាយ​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​គេ​ប្រកាសថា យើង​ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ នៅពេល​យើង ចាត់តាំង​ការបោះឆ្នោត​មួយ ដ៏​មាន​ភាពជាក់លាក់​។ ២០​គណបក្ស [​ចូលរួម​] មិនមែន​លេង​ទេ​....​។ អ៊ីចឹង វា​គ្រប់គ្រាន់ និង​ភ្លឺភ្នែក​ហើយ សម្រាប់​អស់លោក ដែល​និយាយថា អ្នកណា​ស្រឡាញ់​ប្រជាធិបតេយ្យ ហើយ​អ្នកណា​ស្អប់​ប្រជាធិបតេយ្យ​។ ប្រជាធិបតេយ្យ នៅ​កម្ពុជា មិនបាន​រាថយ​នោះទេ​»​។​

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្សពួក នៅក្រៅ​ប្រទេស បាន​បន្ត​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ លោក សម រង្ស៊ី បាន​ហៅ​ការបោះឆ្នោត ដែល​គ្មាន​ការចូលរួម​ពី​គណបក្សប្រឆាំង​ថា ជាការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​សហគមន៍​អន្តរជាតិ នឹងមិន​ទទួលស្គាល់​នោះទេ​៕


Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com