ជាតិ
សេដ្ឋកិច្ច
៥ខែ រដ្ឋាភិបាលលួចឧបត្ថម្ភធនជាង ៨០លានដុល្លារ លើតម្លៃប្រេង
× ភ្នំពេញ៖ ក្នុងរយៈពេល៥ខែចុងក្រោយនេះ រដ្ឋាភិបាលបានបញ្ចេញប្រាក់ឧបត្ថម្ភធនចំនួន ៨៣លានដុល្លារ ដោយស្ងាត់ស្ងៀម ដើម្បីទប់ស្កាត់តម្លៃប្រេងកុំឲ្យឡើងខ្លាំងពេក។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី២២ខែមិថុនានេះ បានអះអាងថា ការបញ្ចេញប្រាក់ឧបត្ថម្ភធននេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយរដ្ឋាភិបាលនឹងដាក់ចេញវិធានការផ្សេងបន្ថែមទៀត។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
ក្រៅពីប្រាក់ឧបត្ថម្ភធន រដ្ឋាភិបាលនឹងចេញវិធានការសម្រួលផ្នែកពន្ធ ដើម្បីបន្ទាបថ្លៃប្រេងលក់រាយលើទីផ្សារកម្ពុជា។ រដ្ឋាភិបាលនឹងសម្រួលមូលដ្ឋានគិតពន្ធ និងបន្ថយអាករលើការនាំចូលប្រេង។ រដ្ឋាភិបាលបញ្ចុះអត្រាអាករពិសេសចំពោះប្រេងសាំងពី ៣៥ភាគរយ មក១៥ភាគរយ, ប្រេងម៉ាស៊ូតពី ១៥ភាគរយ មក៥,៥ភាគរយ, ប្រេងកាតពី ១៥ភាគរយមក១០ភាគរយ។
វិធានការផ្នែកពន្ធនេះ រដ្ឋនឹងត្រូវខាតបង់ក្នុង១ឆ្នាំ៣០លានដុល្លារអាមេរិកបន្ថែមលើប្រាក់ឧត្ថមធន។ ការជួយរបស់រដ្ឋនេះ បានបន្ថយថ្លៃប្រេងចំនួន ២សេន ក្នុង១លីត្រ។ បន្ថែមលើសនេះ បណ្ដាក្រុមហ៊ុនប្រេងបានជួយបន្ថយថ្លៃប្រេងចំនួន ២សេនក្នុង១លីត្របន្ថែមទៀត។ សរុបមកទាំងផ្នែករដ្ឋ និងឯកជន បានជួយបន្ថយថ្លៃប្រេងបាន ៤សេន ឬ១៦០រៀល ក្នុង១លីត្រ។
វិធានការនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ខែកក្កដាឆ្នាំនេះ តទៅ។ ការពិតវិធានការនេះ រដ្ឋាភិបាលគ្រោងនឹងប្រកាសឡើងនៅថ្ងៃទី ២៨ខែមិថុនាឯណោះ ប៉ុន្តែសម្ដេចអះអាងថាចាំបាច់ត្រូវប្រកាសមុនដើម្បីងាយស្រួលរៀបចំអនុវត្ត។ សព្វថ្ងៃ ប្រេងសាំងធម្មតាមានតម្លៃអតិបរមា ៤១៥០រៀលក្នុង១លីត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com