អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
UNICEF ទទូច​ឲ្យ​រដ្ឋាភិបាល​ទូទាំង​ពិភពលោក​អនុវត្ត​គោលនយោបាយ​«​ឈប់សម្រាក​បិតុភាព​»
23, Jun 2018 , 10:40 pm        
រូបភាព
រូបភាព៖ UN News
រូបភាព៖ UN News
ដោយ:
ភ្នា​ក់​ជំនាញ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទូទាំង​ពិភពលោក​ផ្តល់ឱកាស​បន្ថែម​សម្រាប់ ឳ​ពុក​គ្រប់រូប​ដើម្បី​ចំណាយពេល​មើលថែទាំ​គ្រួសារ ជាពិសេស​នៅក្នុង​ដំណាក់កាល​ពួកគេ មានកូន​ដែល​ទើបតែ​កើត​។ ភ្នា​ក់​ជំនាញ បាន​រកឃើញថា ក្មេង ឬ​កុមារ ដែល​ទទួលបាន​ពេល​ច្រើន​ជាមួយ​ទាំង​ឳ​ពុក​និង​ម្តាយ មានការ​លូតលាស់​ផ្នែក​ស្មារតី​ល្អប្រសើរ​ច្រើន​។

 
 
​មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការសហប្រជាជាតិ​(UNICEF)  ថ្មីៗ​នេះ បានចេញ​របាយការណ៍​វិភាគ​មួយ​ដោយបាន​អះអាងថា មាន​ប្រទេស​ចំនួន​៩២ នៅ​មិនទាន់មាន​គោលនយោបាយ​សម្រាប់​ឳ​ពុក​ដើម្បី​អាចមាន​លទ្ធភាព​ឈប់សម្រាក​ថែទាំ​គ្រួសារ និង​ជាពិសេស​នោះ​មើលថែ​ទារក​របស់ខ្លួន​ដែល​ទើបតែ​កើត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​នា​សប្តាហ៍​មុន​។ 
 
​នាយក​ប្រតិបត្តិ UNICEF លោកស្រី Henrietta Fore បាន​លើកឡើងថា ប្រាស្រ័យ​ទាក់ទង​វិជ្ជមាន​ជាមួយនឹង​ម្តាយ និង​ឳ​ពុក​នាគ្រា​ដំបូងបង្អស់​នៃ​ការចាប់​កំណើត​របស់​ទា​រក ជួយ​ធ្វើ​ឲ្យ​ការលូតលាស់​ខួរក្បាល និង​ការអភិវឌ្ឍ​ទារក​បានល្អ​ប្រសើរ ពោលគឺ​ការផ្តល់​ភាពកក់ក្តៅ​ពី​ម្តាយ​ឳ​ពុក ធ្វើ​ឲ្យ​ទារក​កាន់​តែមាន​សុខភាព​ល្អ និង​ភាព​ស្រស់ស្រាយ ក៏ដូចជា​ជួយ​បង្កើន​សមត្ថភាព​នៃ​ការរៀនសូត្រ​ពួកគេ​ផងដែរ​។  
 
​លោកស្រី​នាយក បានបញ្ជាក់​តាមរយៈ​ការស្រាវជ្រាវ​ថា នៅពេល​ឳ​ពុក ផ្តល់​ពេលវេលា​ជាមួយនឹង​ទារក ឬ​កុមារ​ច្រើន ការលូតលាស់ និង​ការអភិវឌ្ឍ​កុមារ ក៏មាន​ឥរិយាបថ​បទ​វិជ្ជមាន និង​ជាពិសេស​នោះ​ពួកគេ ក៏មាន​សុខភាព​ផ្លូវចិត្ត ការតាំង​ចិត្ត និង​ភាព​រីករាយ​ក្នុង​ជីវិត​ក៏​កាន់​តែមាន​ភាពល្អប្រសើរ​។ 
​ដោយ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​នេះ UNICEF បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទូទាំង​ពិភពលោក​អនុវត្ត «​គោលនយោបាយ​ជាតិ​គ្រួសារ​រួសរាយ​» ដើម្បី​គាំទ្រ និង​គាំពារ​ការអភិវឌ្ឍ​កុមារភាព ដែល​រាប់ទាំង​អនុញ្ញាត​ច្បាប់​សម្រាប់ មាតុភាព និង​បិតុភាព ផង​។​
 
​លោកស្រី​នាយក​ប្រតិបត្តិ ថ្លែងថា យើង មិនអាច​បំពេញ​សេចក្តីត្រូវការ​របស់​កុមារ​គ្រប់រូប​បានឡើយ ប្រសិនបើ​យើង មិន​ផ្តល់ឱកាស​ឲ្យ​ម្តាយ​ឳ​ពុក​របស់​ពួកគេ​នោះ​។ លោកស្រី បន្ថែមថា កន្លងមក​ដើម្បី​គាំទ្រ​យុទ្ធនាការ​នេះ UNICEF បានផ្តល់​រយៈ​ឈប់សម្រាក​បិតុភាព​ចំនួន​១៦​សប្តាហ៍​សម្រាប់​បុគ្គលិក​របស់ខ្លួន​ទូទាំង​ពិភពលោក​ដើម្បី​មើលថែទាំ​ទារក​របស់​ពួកគេ​ដែល​ទើបតែ​កើត​៕ 

Tag:
 UNICEF
  បិតុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com