ជាតិ
សេដ្ឋកិច្ច
ផែ​កម្ពុជា​អាច​ចត​នាវា​ដឹកទំនិញ ៥​ម៉ឺន​តោន មិនបាច់​ផ្ទេរ​នៅ​សិង្ហ​បុរី ថៃ ដូច​មុន​ឡើយ​
25, Jun 2018 , 11:27 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​សម្ពោធ​ចំណត​ផែ​ថ្មី​របស់ខ្លួន ដែល​ហៅថា​ចំណត​ផែ​ពហុ​បំណង នៅ​ថ្ងៃទី​២៥​ខែមិថុនា​នេះ ដើម្បី​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​កម្ពុជា​។​



​ចំណត​ផែ​ពហុ​បំណង​ដែល​សម្ពោធ​នៅថ្ងៃនេះ មាន​សមត្ថភាព​ឲ្យ​នាវា​ផ្ទុកទំនិញ​ចំណុះ ៥​ម៉ឺន​តោន​ចូល​ចត​បាន បើ​ធៀប​នឹង​កំពង់​ដែលមាន​ស្រាប​សព្វថ្ងៃ​អាច​ទទួល​នាវា​ត្រឹម​ចំណុះ ១​ម៉ឺន ទៅ​១,៥​ម៉ឺន​តោន​ប៉ុណ្ណោះ​។ ដូចនេះ​នាវា​ដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល​កម្ពុជា ត្រឹម​បរិមាណ​មិន​លើស ៥​ម៉ឺន​តោន អាច​ចូល​ចត​នៅ​ផែ​កម្ពុជា​បាន ដោយ​មិនចាំបាច់​ផ្ទេរ​ទំនិញ​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ឬ​វៀតណាម ដូច​មុន​ឡើយ​។ 



​ចំណត​ផែ​ពហុ​បំណង ត្រូវបាន​ចែកជា​ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ ១៣,៥​ម៉ែត្រ និង​ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្ដុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ​។ ហើយ​ចំពោះ​ការផ្គត់ផ្គង់​ភស្ដុភារ​សម្រាប់​ការរុករក​ប្រេង ក៏​មិនចាំបាច់​ប្រើប្រាស់​កំពង់ផែ​របស់​ថៃ ដូច​មុន​ឡើយ​។​

​ការបង្កើត​ចំណត​ផែ​មួយ​នេះ រួមទាំង​ការផ្គត់ផ្គង់​នាវា​សណ្ដោង (Tugboat) ត្រូវបាន​វិនិយោគ​ទឹកប្រាក់​អស់ ៧៤​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​។

​ជាមួយគ្នានេះ កំពង់ផែ​ទឹក​ជ្រៅ​មួយ​ផ្សេងទៀត​របស់ PAS ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ផ្សារភាគហ៊ុន​មួយ​នេះ ក៏​នឹងត្រូវ​សាងសង់​ក្នុង​២០១៩ ខាងមុខ​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា កំពង់ផែ​នេះ​មាន​ជម្រៅ ១៤,៥​កន្លះ និង​អាច​ឲ្យ​នាវា ៩៣​ភាគរយ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចូល​ចត​។ គម្រោង​នេះ​មានតម្លៃ ២០៣​លាន​ដុល្លារ  ក្រោម​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវ​ចំណាយពេល​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ឬ​២០២៣ ។​



​ការពង្រីក​វិសាលភាព​កំពង់ផែ​សមុទ្រ​របស់​ក​ម្ពុ​ជា ជា​បន្តបន្ទាប់​បែបនេះ នឹង​ជួយ​បន្ទាប​តម្លៃ​ដឹកជញ្ជូន​ទំនិញ​របស់​ពាណិជ្ជករ​។ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ​ថា​៖«​គម្រោង​ទាំងនេះ​នឹងធ្វើ​ឲ្យ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ចុះ​ទាប​ប្រហែល​នឹង​ប្រទេសជិតខាង​ផងដែរ​»៕


Tag:
 កំពង់ផែ​
© រក្សាសិទ្ធិដោយ thmeythmey.com