រថយន្ត
អន្តរជាតិ
ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក​នឹង​រៀបចំ​នៅ​ក្រុងប៉ារីស​នា​ខែតុលា​ខាងមុខ​
25, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក «Mondial de l’Auto 2018» នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១៤ ខែតុលា​ខាងមុខ នៅ Porte de Versailles ក្រុងប៉ារីស​ប្រទេស​បារាំង​។ វា​ជា​ព្រឹត្តិការណ៍​ដ៏​ចំណាស់​មួយ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​យានយន្ត​ទាំងអស់​បង្អួត​ម៉ូ​ដែល​ថ្មីៗ​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​។​



​ក្រុមហ៊ុន​យានយន្ត​ដែល​បញ្ជាក់​ពី​ការចូលរួម​របស់ខ្លួន​រួមមាន Renault, Peugeot, Citroën, DS, Dacia, Toyota, Lexus, Seat, Skoda, Audi, Porsche, BMW, Mercedes, Jaguar, Land Rover, Hyundai, Ki​។​ល​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ធំៗ​មួយចំនួន​បានបញ្ជាក់​ពី​ការមិន​ចូលរួម​របស់ខ្លួន ដោយ​ក្រុមហ៊ុន​ទាំងនោះ​រួមមាន Ford, Infiniti, Mazda, Mitsubishi, Nissan, Opel, Subaru, Volkswagen និង Volvo ជាដើម​។​



​ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន​ដែល​មិនទាន់​ផ្តល់​ចម្លើយ​ច្បាស់​មានដូចជា Fiat, Alfa Romeo, Ferrari​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​យានយន្ត​បារាំង Auto Moto អវត្តមាន​របស់​ក្រុមហ៊ុន​ជាច្រើន ដោយសារតែ​ទីតាំង​ដែល​ដាក់​បង្ហាញ​ម៉ូ​ដែល​រថយន្ត​មានតម្លៃ​ខ្ពស់​។ កាលពី​ឆ្នាំ​២០១៦ ទីតាំង​១​ម៉ែត្រការ៉េ​មានតម្លៃ​១៨០​អឺរ៉ូ ហើយ​តម្លៃ​កាន់តែ​ឡើងថ្លៃ​ជា​លំដាប់​។​

​ហេតុផល​សំខាន់​មួយទៀត​នោះ អ្នកទស្សនា​មាន​ចំនួន​ថយចុះ​ជា​លំដាប់ ដោយសារតែ​ពួកគេ​ភាគច្រើន​ចូលចិត្ត​តាមដាន និង​ស្វែងរក​ម៉ូត​យានយន្ត​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត ជាជាង​ចំណាយពេល​ទស្សនា​ផ្ទាល់​។​

Paris Motor Show (Mondial de l’Auto) ជា​ព្រឹត្តិការណ៍​តាំង​បង្ហាញ​យានយន្ត​ដ៏​ធំ​ដែល​រៀបចំ​រៀងរាល់​២​ឆ្នាំ​ម្តង ជាពិសេស​នា​អំឡុង​ខែតុលា នៅ​ក្រុងប៉ារីស ដែលមាន​កំណើត​តាំងពី​ឆ្នាំ​១៨៩៨​មក​៕


© រក្សាសិទ្ធិដោយ thmeythmey.com