ជាតិ
តំបន់​មួយចំនួន ក្នុង​ខេត្តបាត់ដំបង កំពុង​ជួប​គ្រោះរាំងស្ងួត​
27, Jun 2018 , 4:59 pm        
រូបភាព
រូបពីហ្វេសប៊ុក Chom Roung
រូបពីហ្វេសប៊ុក Chom Roung
​ភ្នំពេញ​៖ តំបន់​មួយចំនួន ក្នុង​ខេត្តបាត់ដំបង កំពុង​ជួប​គ្រោះរាំងស្ងួត ខណៈដែល​តំបន់​នៅ​ទីតាំង​ផ្សេង ទៀត ធ្លាក់ភ្លៀង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​



​អភិបាលស្រុក​ថ្មគោល ខេត្តបាត់ដំបង​លោក គីម វណ្ណៈ បាន​ប្រាប់​សារព័ត៌មាន​ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ចំនួន​៨ នៅក្នុង​ចំណោម​១០​ឃុំ នៃ​ស្រុក​ថ្មគោល កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ ។ ហើយ​នៅពេលនេះ​អាជ្ញាធរ កំពុង​ដោះស្រាយ​បញ្ហា​នេះ​។​

«​ចាប់តាំងពី​ចុងខែ​ឧសភា​មក តំបន់​មួយចំនួន​ក្នុង​ឃុំ​៨ មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ដូច​គេ​ទេ ដោយមាន​ភ្លៀង​តែម្ដង​គត់​នៅ​ថ្ងៃទី​១៦ មិថុនា​កន្លងមក​។ អាជ្ញាធរ​ខត្ត​រួមទាំង​អភិបាលខេត្ត ប្រធាន​មន្ទី​ធនធានទឹក​ខេត្ត បាន​ចុះ​ពិនិត្យ និង​បាន​នាំ​ទឹក​ទៅ​ជួយ​ពលរដ្ឋ​ដែរ ប៉ុន្តែ​ទឹក​ដែល​យើង​នាំទៅ​នោះ គឺ​បានតែ​បន្តិច​ទេ ដោយសារតែ​យើង​ត្រូវយក​ចែក​ឲ្យ​ពលរដ្ឋ​តាម​តំបន់​ប្រើប្រាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គីម វណ្ណៈ​។​

​ឃុំ​ចំនួន​៨ ដែល​ជួប​គ្រោះរាំងស្ងួត​នេះ មាន​ឃុំ​បឹង​ព្រីង ឃុំ​អូ​តា​គី ឃុំ​តា​ម៉ឺន ឃុំ​រូង​ជ្រៃ ឃុំ​ជ្រោយ​ស្ដៅ ឃុំ​គោក​ឃ្មុំ ឃុំ​បន្សាយ​ត្រែង និង​ឃុំ​អន្លង់​រុន​។ ក្រៅពី​គ្មាន​ភ្លៀង​ធ្លាក់​ហើយ ឃុំ​ទាំងនេះ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ផងដែរ ដែលជា​មូលហេតុ​នាំ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ជួយ​ដោះស្រាយ​។ នេះ​បើតាម​លោក​អភិបាលស្រុក​ថ្មគោល ដែល​បាន​បន្ថែមថា ប្រភពទឹក​ត្រូវ​ទម្លាក់​ចែកជូន​ដល់​ពលរដ្ឋ​ទាំងនោះ ត្រូវ​បង្ហូរ​ចេញពី​ស្ទឹង​បរ​វិល និង​អាង​ស្តុក​ទឹក​កំពីងពួយ​។​



​ជាមួយគ្នានេះ​លោក គីម វណ្ណៈ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងលើ នៃ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ចេះ​យោគយល់​និង​អធ្យាស្រ័យ ដោយ​ទម្លាក់​ទឹក​ឲ្យ​ពលរដ្ឋ​ផ្នែក​ខាងក្រោម អាចមាន​លទ្ធភាព​បូម​ទឹក​ដាក់​ស្រែ ជួយសង្គ្រោះ​ស្រូវស្រាល​របស់​ពួកគេ​សិន​។ អភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ក៏​សូម​ស្នើ​ឲ្យ​មានការ​ស្តារ​ទឹកអូរ និង​ការរៀបចំ​ប្រព័ន្ធ​ទឹក​បន្ថែមទៀត​ផងដែរ ព្រោះ​ប្រព័ន្ធ​ចំណុះ​ទឹក​ដែល​សល់​ពី​សម័យ​បារាំង​នេះ មិនអាច​ស្តុក​បាន​ច្រើន​គ្រប់គ្រាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឡើយ​»​។​

​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​បង្ហោះ​រូបភាព​លើ​ហ្វេ​ស​ប៊ុ​ក ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ខេត្តបាត់ដំបង បាននាំគ្នា​ធ្វើ​ពិធី​សុំ​ទឹកភ្លៀង​សម្រាប់​ប្រើប្រាស់​។​

​ទាក់ទង​នឹង​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ប្រធាន​មន្ទី​ក្រសួង​ធនធានទឹក​ខេត្តបាត់ដំបង ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​គ្រោះរាំងស្ងួត​ឡើយ​។​

​បើតាម​លោក គីម វណ្ណៈ ក្រៅពី​ស្រុក​ថ្មគោល ក៏មាន​ស្រុក​សង្កែ កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដោយសារ​គ្រោះរាំងស្ងួត​ដែរ​៕


Tag:
 បាត់ដំបង​
  រាំងស្ងួត​
  ថ្មគោល​
© រក្សាសិទ្ធិដោយ thmeythmey.com