ជាតិ
សេដ្ឋកិច្ច
កម្ពុជា បញ្ជូន​បេសកជន​ពិសេស​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ការអនុគ្រោះ​ពន្ធ​
29, Jun 2018 , 11:23 am        
រូបភាព
រូបពីហ្វេសប៊ុកសមាគមសហគ្រិនស្ត្រីកម្ពុជា
រូបពីហ្វេសប៊ុកសមាគមសហគ្រិនស្ត្រីកម្ពុជា
​ភ្នំពេញ​៖ កម្ពុជា បាន​បញ្ជូន​បេសកជន​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arm )​កម្ពុជា ដែល​កំពុង​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​មាន​បញ្ហា​របស់​សហភាព​អឺរ៉ុប​។​



​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​អ្នកទទួល​ភារកិច្ច​បញ្ចុះបញ្ចូល​និង​ទប់ស្កាត់​វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​» (Everything But Arms-EBAs) ពី​ប្រទេស​កម្ពុជា​។ ភារកិច្ច​ដែល​បេសកជន​កម្ពុជា ត្រូវ​ដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​នោះ គឺមាន​រយៈពេល​ពីថ្ងៃ​ទី​១៨​មិថុនា ដល់​ខែ​១ វិច្ចិកា​ខាងមុខ ។​

​គោលបំណង​ដែល​លោក សុក ស៊ីផាន់ណា ត្រៀម​បំភ្លឺ​ជូន​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​។ ខ្លឹមសារ​ដែល​កម្ពុជា គ្រោង​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប មាន​ចំនួន​១០​ចំណុច​ជាអាទិ៍ សម្រាប់ការ​បកស្រាយ និង​បន្ទន់ចិត្ត​សហភាព​អឺរ៉ុប ឲ្យ​ងាក​មក​ដោះស្រាយ​ជាមួយ​កម្ពុជា​ដោយ​ការយោគយល់​វិញ​។​

​បើតាម​ខ្លឹមសារ​ទាំងនោះ លោក សុក ស៊ីផាន់ណា ក៏​នឹង​ពន្យល់​ពី​កិច្ចខិតខំ​ប្រឹង​ប្រែ​ងរបស់​រដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយបញ្ហា​កម្មករ​និ​យោ​ជិត ​ឲ្យ​ស្របតាម​ច្បាប់​ការងារ​អន្តរជាតិ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​ចង់​បន្ត​សហការ​ជាមួយ​សហភាព​អឺរ៉ុប ក្នុងទិសដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ប្រទេស​។ ទន្ទឹមនឹង​ការបកស្រាយ​នេះ លោក សុក ស៊ីផាន់ណា ក៏​មិន​ភ្លេច​ពន្យល់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេសមួយ ស្ថិតនៅក្នុង​បញ្ជី​អាក្រក់​របស់​សហភាព​អឺរ៉ុប​ដែរ​។​

​បញ្ហា​ដែល​បេសកជន​កម្ពុជា នឹង​​ប្រាប់​សហភាព​អឺរ៉ុប គឺ​ករណីកត់ត្រា​របស់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​តែងតែ​ប្រើប្រាស់​របាយការណ៍​ដដែលៗ​ច្រើនជាង​៣០​ដង ដោយ​របាយការណ៍នោះ ប្រជា​និយម​ទៅខាង​គណបក្សប្រឆាំង រួមទាំង​របាយការណ៍​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល ដែលមាន​និន្នាការ​នយោបាយ មក​រិះគន់ និង​វាយប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​។ ត្រង់ចំណុចនេះហើយ ដែលនាំឲ្យសហភាពអឺរ៉ុប ដាក់កម្ពុជាចូលក្នុងបញ្ជី ប្រទេសមានបញ្ហារបស់ខ្លួន (List Issue)។ 

​សម្រាប់​កម្ពុជា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​ ដោយសារតែ​រដ្ឋាភិបាល​ប្រើប្រាស់​ជម្រើស​ការពារ​ស្ថាប័ន ប្រឆាំងនឹង​គោលបំណង​ផ្លាស់ប្តូរ​របប​ថ្មី ដែល​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​នោះ វា​មិនមែនជា​ផ្លូវ​ល្អ ដែល​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ឆន្ទៈ​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​ឡើយ​។

​តាមរយៈ​ខ្លឹមសារ​ដែល​បេសកជន​កម្ពុជា​បកស្រាយ​នេះ ក៏​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ចំពោះ​វិធានការ​លើ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​វា​គ្មាន​ការសង្ស័យ​ទេ​ថា ប្រជាជន​កម្ពុជា នឹងរង​គ្រោះ ហើយ​វា​ច្បាស់​ណាស់​ថា ដំណើរការ​ទ្រទ្រង់​នៃ​ការអភិវឌ្ឍ​ប្រទេស និង​ត្រូវ​បញ្ឈប់ ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះអាសន្ន​លើ​កម្ពុជា​នេះ ខណៈដែល​ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ មិនត្រូវ​បានដាក់​ទៅ​ប្រទេស ដែល​គ្មាន​សេរីភាព​សារព័ត៌មាន ,​ការសម្លាប់​រង្គាល​ដោយ​គ្មាន​ទោសពៃរ៍ ,​ការបង្ក្រាប​មិន​រើសមុខ​ស្ទើ​ជា​រៀងរាល់ថ្ងៃ ចំពោះ​អ្នកប្រឆាំង​រដ្ឋាភិបាល​។ ដូច្នេះ​គួរតែមាន​វិធានការ​ឲ្យ​ដូចគ្នា​ចំពោះ​ប្រទេស​ដទៃទៀត​ទាំងអស់ ដែល​កំពុងមាន​ភាពអយុត្តិធម៌​អាក្រក់​បំផុត​នេះ​»​។​

​ទន្ទឹមនឹង​ការលើកឡើង​នេះ​កម្ពុជា ចាត់ទុក​ការព្រមាន​ចំណាត់ការ​លើ​កម្ពុជា​នេះ ហាក់​មិនមាន​យុត្តិធម៌​ឡើយ​។​«​ហេតុអ្វី​បានជា​គំរាមកំហែង​មកលើ​តែ​ប្រទេស​កម្ពុជា នៅពេលដែល​វិធានការ​នេះ មិនត្រូវ​បានដាក់​ទៅលើ​ប្រទេស ប៊ូ​រុន​ឌី អេក្វាទ័រ​ហ្គី​ណេ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​បណ្ដា​ប្រទេស​ជាច្រើន​ដែល​ទទួលបាន​ផលប្រយោជន៍​នៃ​ការអនុគ្រោះ​ពន្ធ​ដែរ​»​។ នេះ​ជា​ខ្លឹម​របស់លោក សុក ស៊ីផាន់ណា ដែល​យកទៅ​បកស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​។​

​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ EU ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ ក្រសួង​បញ្ជាក់ទៀតថា បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ​។ ចំណែក​ទំហំ​ទឹកប្រាក់​នាំចេញ ក្នុង​ឆ្នាំ​២០១៧ មាន​ជាង​៥​ពាន់​លាន​ដុល្លារ​។ នេះ​តាម​របាយការណ៍​របស់​គណកម្មការ​អឺរ៉ុប​ដែល​ចេញផ្សាយ​កាលពី​ខែមេសា​កន្លងទៅ ។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕


Tag:
 EU
  EBA
  អនុគ្រោះ​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com