អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ា​ក្រុង ដាក់​អនុវត្ត​កាតព្វកិច្ច​បម្រើ​ជាតិ​ឡើងវិញ​សម្រាប់​ក្មេងៗ​បារាំង​ដើម្បី​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ
30, Jun 2018 , 12:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង  សម្រេច​ដាក់​អនុវត្ត​កាត​ព្វ​បម្រើ​ជាតិ (Mandatory National Service) ឡើងវិញ​នៅ​សប្តាហ៍​នេះ​ដោយ​លោក​អះអាងថា វា​នឹង​ជួយ​ឲ្យ​យុ​ជន​យុវនារី​បារាំង​កាន់​តែមាន​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គី​ជាតិ​។ កាតព្វកិច្ច​ជាតិ​នេះ​នឹងត្រូវ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំក្រោយ ហើយ​យុវជន​និង​យុវនារី​បារាំង​ដែលមាន​អាយុ ១៦ ឆ្នាំ​នឹង​ត្រូវបំពេញ​កាតព្វកិច្ច​នេះ​។


​តាមពិតទៅ មុន​មានការ​សម្រេច​បែបនេះ លោក ម៉ា​ក្រុង ធ្លាប់​លើកឡើង​ពីមុន​ដែរ​ក្នុងការ​ឃោសនាបោះឆ្នោត​ប្រកួត​យក​តំណែង​ប្រធានាធិបតី​បារាំង​កាលពី​ខែឧសភា​ឆ្នាំមុន​។ ប៉ុន្តែ​កាលនោះ​លោក សំដៅលើ​កាតព្វកិច្ច​យោធា​តែម្តង​ដែល​មិនមាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាន​បញ្ចូល​សកម្មភាព​ស​ង្គ​ម​ដូច​ពេលនេះ​ទេ​។ 
 
​បើតាម​ការ​ព័ត៌មាន​អង់គ្លេស BBC ប្រមុខរដ្ឋ​បារាំង​ខាងលើ​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​ទី ២៧ ខែមិថុនា ការអនុវត្ត​កាតព្វកិច្ច​បម្រើ​ជាតិ​ឡើងវិញ​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ផ្តល់ឱកាស​ដល់​យុវវ័យ​បារាំង​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ ជំរុញ​ការ​សាមគ្គី និង​ការចូលរួមចំណែក​ការពារ និង​អភិវឌ្ឍ​ជាតិ​ផង​។​
 
​កាតព្វកិច្ច​នេះដែរ​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០១៩ ហើយ​វា​ត្រូវ​បែង​ចែកជា​ពីរ​ដំណាក់កាល​ផ្សេងគ្នា​ផងដែរ​។ ដំណាក់កាល​ទីមួយ​គឺ យុវជន​យុវនារី​បារាំង​គ្រប់​វ័យ ១៦ ឆ្នាំ​ត្រូវមាន​កាតព្វកិច្ច​ចម្បង​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ផ្នែក​សង្គម​មាន​រយៈពេល​មួយខែ​ដែល​ក្នុងឱកាស​នោះ​ពួកគេ​អាចបង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​មនុស្ស​ក្នុង​ក្រុម និង​អាច​អភិវឌ្ឍ​សមត្ថភាព និង​យល់ដឹង​ពី​តួនាទី​ខ្លួន​ក្នុងសង្គម​ផង​។ 
 
​ដំណាក់កាល​ទី​ពីរ​វិញ គឺ​ទាក់ទង​នឹង​ផ្នែក​ការពារជាតិ និង​សន្តិសុខ​ដែលមាន​រយៈពេល​យ៉ាងតិច​បី​ខែ​និង​ច្រើន​បំផុត​ដល់​មួយឆ្នាំ​។ ក្មេងៗ​ទាំងនោះ​អាច​ជ្រើសរើស​ចូលរួម​ក្នុង​វិស័យ​យោធា​ក៏បាន ចូល​ជាមួយ​ស្ថាប័ន​ប៉ូលិស​ក៏បាន  ឬ​សន្តិសុខ​សង្គម ឬ​ពន្លត់អគ្គីភ័យ​ក៏បាន​។ ប៉ុន្តែ​ពួកគេ​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ចូលរួម​សកម្មភាព​ថែរក្សា​បរិស្ថាន និង​ការ​បេតិកភណ្ឌ​ផងដែរ​។​
 
​ដូច​បានលើកឡើង​ខាងដើម​ស្រាប់​ហើយ វា​មិនមែនជា​កាតព្វកិច្ច​យោធា​ដែល​ផ្តោតលើ​ការហ្វឹកហ្វឺន​សមត្ថភាព​យោធា​ឡើយ​។ លោក ម៉ា​ក្រុង ដើមឡើយ​ចង់បាន​ការអនុវត្ត​កាតព្វកិច្ច​យោធា​ដែលមាន​រយៈពេល​យ៉ាងហោចណាស់​មួយខែ​សម្រាប់​ប្រជាជន​បារាំង​អាយុ​១៨ ដល់​២១ ឆ្នាំ​។ ប៉ុន្តែ​ប្រហែលជា​ដោយសារ​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ជា​បន្ទុក​ធ្ងន់​សម្រាប់​កងទ័ព​ផង បានជា​លោក​សម្រេច​ប្តូរ​ចិត្ត​ដោយ​ដាក់​ការអនុវត្ត​កាតព្វកិច្ច​បម្រើ​ជាតិ​នេះ​ជំនួស​កាតព្វកិច្ច​ការពា​រ​ជាតិ​វិញ​។ 
 
​យ៉ាងណាក៏ដោយ​គំនិត​របស់លោក ម៉ា​ក្រុង នេះ​ទទួលបាន​ការស្វាគមន៍​ច្រើន​ដែរ​ពី​សំណាក់​ប្រជាជន​បារាំង ហើយ​បើតាម​របាយការណ៍​ស្ទង់​មតិ ប្រជាជន​បារាំង ៦០​ភាគរយ​បង្ហាញ​ការគាំទ្រ​។ ប៉ុន្តែ​ខ្លះទៀត​នៅ​មិនទាន់​ជឿជាក់ថា ការអនុវត្ត​កា​ព្វ​យោធា​នេះ​នាំ​ប្រយោជន៍​ដល់​ជាតិ​ច្រើន​ទេ​។ 
 
​តាមពិតទៅ​បារាំង​ធ្លាប់មាន​ការអនុវត្ត​កាតប្វកិច្ច​យោធា​ពីមុន ប៉ុន្តែ​វា​ត្រូវបាន​ព្យួរ​ការអនុវត្ត​ក្នុង​ឆ្នាំ ១៩៩៦ ពេល​លោក ម៉ា​ក្រុង គ្រប់​អាយុ ១៨​ឆ្នាំ​។  ដូច្នេះហើយ​បានជា លោក ម៉ា​ក្រុង​ក្លាយជា​ប្រធានាធិបតី​បារាំង​ដំបូង​ដែល​មិន​ឆ្លងកាត់​កាតព្វកិច្ច​យោធា​និង​បាន​បម្រើកងទ័ព​នោះ​៕
 
 
 

Tag:
 បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  កាតព្វកិច្ច​បម្រើ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com