អន្តរជាតិ
នយោបាយអន្តរជាតិ
លោក មហាធៀ៖ អតីតនាយករដ្ឋមន្ត្រីណាជីប នឹងត្រូវចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការឆាប់ៗ
× ស្ថិតនៅក្រុងហ្សាការតានាថ្ងៃព្រហស្បតិ៍ទី ២៨ ខែមិថុនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានអះអាងថា អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ នឹងត្រូវចាប់ខ្លួន ក៏ដូចជាត្រូវរងការចោទប្រកាន់ឆាប់ៗនេះ។
ចំពោះមុខសហគមន៍ប្រជាជនម៉ាឡេស៊ីរស់នៅឥណ្ឌូណេស៊ី លោក មហាធៀ បានពន្យល់ថា មូលហេតុដែលលោក ណាជីប នៅបន្តរស់នៅស្រួល និងមិនទាន់មានការចាប់ខ្លួនឬកាត់ទោសដោយសារតែអាជ្ញាធរលោកកំពុងស៊ើបអង្កេត និងប្រមែរប្រមូលភស្តុតាងដើម្បីដាក់បន្ទុកលើអតីតប្រមុខរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសិន។
យោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រីវ័យ ៩២ ឆ្នាំ បាននិយាយដូច្នេះ៖«ខ្ញុំគិតថា ណាជីប នឹងត្រូវនាំមកតុលាការឆាប់ៗ។ មនុស្សជាតិបានបង្ហាញការងឿងឆ្ងល់ហេតុអ្វីបានជាមិនមានការចាត់វិធានការ ហើយទុកឲ្យលោក ណាជីប រស់នៅស្រួលបែបនេះ។ ខ្ញុំចង់បញ្ជាក់ថា ការនាំសុំណុំរឿងនេះមកតុលាការ វាចាំបាច់ត្រូវមានភស្តុតាងគ្រប់គ្រាន់។ ដូច្នេះយើងមិនបរាជ័យពេលចាប់ផ្តើមដំណើរការចោទប្រកាន់ជាផ្លូវការ»។
មេដឹកនាំរូបនេះបន្ថែមថា ក្រុមស៊ើបអង្កេតត្រូវតែធានាថា ភស្តុតាងដែលគេប្រមូលបានគឺត្រឹមត្រូវ និងមានទម្ងន់គ្រប់គ្រាន់ដែលអាចឈានទៅកាត់ទោសលោក ណាជីប , ភរិយាលោក និងអ្នកជំនួញស្និទ្ធនឹងលោក ណាជីប លោក Jho Low ផងដែរ។
លោក ណាជីប ចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិលើកទី ១៤ កាលពីខែឧសភា។ បន្ទាប់មក សំណុំរឿងមូលនិធិ 1MDB ដែលពាក់ព័ន្ធនឹងរូបលោក ក៏ត្រូវនាយករដ្ឋមន្ត្រីថ្មីលោក មហាធៀ បញ្ជាឲ្យគេចាប់ផ្តើមស៊ើបអង្កេតឡើងវិញទៀត។ ក្រោយមានការស៊ើបអង្កេតប៉ូលិសម៉ាឡេស៊ីចុះឆែកឆេរផ្ទះ និងខុនដូរបស់លោក ណាជីប ច្រើនដង និងរឹបអូសបានលុយ គ្រឿងអលង្ការនិងរបស់មានតម្លៃផ្សេងទៀតមានទំហំជាង ២៧០លានដុល្លារឯណោះ។ ក្រៅពីរឿងកិបកេងលុយមូលនិធិរដ្ឋ លោក ណាជីប ក៏ពាក់ព័ន្ធនឹងសុំណុំរឿងឃាតកម្មជនជាតិម៉ុងហ្គោល Altantuya Shaariibuu ផង។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដែលបានស្រាវជ្រាវក្នុងករណីនេះបានអះអាងថា មន្ត្រីក្នុងមូលនិធិនេះបានកិបកេងលុយប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិកហើយមួយផ្នែកនៃលុយនោះមាននៅក្នុងគណីធនាគាររបស់លោក ណាជីប រ៉ាហ្សាក់ ផង។ ក្នុងឆ្នាំ ២០១៣ លុយមានទំហំ ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក។ ប៉ុន្តែលោកនៅតែបន្តបដិសេធ និងអះអាងថា វាជាលុយអំណោយដែលអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យប៉ុណ្ណោះ៕
Tag:
មហាធៀម ហាម៉ាត់
1MDB
ណាជីប រ៉ាហ្សាក់
© រក្សាសិទ្ធិដោយ thmeythmey.com