អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក RIMPAC មាន​វត្តមាន​វៀតណាម​ជា​លើកដំបូង តែ​គ្មាន​វត្តមាន​ចិន
30, Jun 2018 , 8:39 pm        
រូបភាព
រូបភាព៖ US Navy
រូបភាព៖ US Navy
ដោយ: ថ្មីៗ
​សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក (RIMPAC2018) នឹង​ចាប់​ផ្តើមឡើង​ពីថ្ងៃ ១ ខែកក្កដា ហើយ​បន្ត​រហូតដល់​ថ្ងៃ ៣១​ខែកក្កដា​ខាងមុខនេះ​។ លំ​ហាត់​យោធា​ធំ​បំផុត​លើ​ពិភពលោក​នេះ​នឹង​ផ្តោតលើ​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ពង្រឹង​យុទ្ធសាស្ត្រ​និង​សមត្ថភាព​ការពារ​សន្តិសុខ​ដែនសមុទ្រ​ផងដែរ​។ ព្រោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គ្មាន​ឡើយ​វត្តមាន​ចិន​នៅ​ឆ្នាំនេះ ប៉ុន្តែ​វា​មាន​វត្តមាន​វៀតណាម​ជា​លើកដំបូង​ទៅវិញ​។​


​លោក​ឧ​ត្ត​មនា​វី​ទោ John D. Alexander បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៩ ខែមិថុនា​ថា សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៨ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ នៅក្បែ​រដ្ឋ​ហា​វ៉ៃ និង​តំបន់​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដោយមាន ២៦ ប្រទេស​ចូលរួម​ដោយមាន​កងទ័ពជើងទឹក ២៥០០០​នាក់ យន្តហោះ​ច្រើនជាង ២០០​គ្រឿង នាវាចម្បាំង និង​នាវាមុជទឹក​ចំនួន ៥២ គ្រឿង​ផងដែរ​។ 
 
​សមយុទ្ធ​ឆ្នាំនេះ​មាន​លក្ខណៈ​ប្លែក​ពី​លើក​មុន​ផងដែរ​។ គេ​វាយតម្លៃ​ផងដែរ​ថា ចិន​ប្រហែលជា​ស្ថិតក្នុង​ផ្ទាំង​ស៊ី​ប​នៃ​លំ​ហាត់​យោធា​នេះ​ដូចគ្នា ដោយសារ​ចិន​បន្ត​វាតទី និង​ទន្ទ្រាន​សមុទ្រ​ចិន​ខាងត្បូង​។ វា​ប្លែក​ត្រង់​ថា ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ គេ​នឹង​ឃើញ ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រឆាំង​នាវាចម្បាំង​ចេញពី​យន្តហោះ B-1B របស់​កងទ័ពអាកាស​អាមេរិក​។ មួយទៀត​គឺ កងទ័ព​ស្វ័យការពារ​ជប៉ុន​នឹងចូលរួម​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា ពីលើ​គោក​។ ចុងក្រោយ​កងទ័ពជើងទឹក​អាមេរិក​ក៏​រៀបចំ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​នាវា​ចេញពី​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ដែល​បំពាក់​នៅលើ​រថយន្ត (Truck-based logistics system) ដែរ​។​
 
​ឧ​ត្ត​មនា​វី​ខាងលើ​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ក្នុង​លំ​ហាត់​យោធា​ឆ្នាំនេះ រឿង​សំខាន់​មួយទៀត​គឺ ហ្វីលីពីន និង​ម៉ាឡេស៊ី សម្រេច​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ចូលរួម​ជាមួយ​ប្រទេស​សមាជិក​ដទៃទៀត​ដែរ​។ បើតាម​កងទ័ពជើងទឹក​ម៉ាឡេស៊ី នាវាចម្បាំង​មួយគ្រឿង​រួមជាមួយ​កងទ័ព ២៧ នាក់​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ខណៈដែល​ហ្វីលីពីន​មាន​នាវាចម្បាំង​ពីរ​គ្រឿង​អមដោយ​កងទ័ព ៧០០ នាក់​ផង​មាន​វត្តមាន​ក្នុង​សមយុទ្ធ​នេះ​​។​
 
១.RIMPAC ២០១៨ គ្មាន​វត្តមាន​ចិន​ព្រោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
​ដើមឡើយ​អាមេរិក​បាន​អញ្ជើញ​ឲ្យ​ចិន​ចូលរួម​ក្នុង​សមយុទ្ធ​ឆ្នាំ​នេះដែរ ប៉ុន្តែ​នៅ​ខែឧសភា មន្ទីរ​បញ្ចា​កោណ​អាមេរិក​ចេញមុខ​ប្រកាសថា ខ្លួន​លុបចោល​លិខិតអញ្ជើញ​នោះ​ហើយ ដោយ​លើក​ហេតុផល​ស្ថានការណ៍​នៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក​ចោទថា ចិន​បន្តធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​នោះ​ឥតឈប់ឈរ គ្មាន​ញរ​ញើ​ត​អ្នកណា ឬ​ច្បាប់​អន្តរជាតិ​ឡើយ​។​
 
​លោក​ឧ​ត្ត​មនា​វី​ទោ John D. Alexander បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ជុំវិញ​ការលុបចោល​លិខិតអញ្ជើញ​នេះ​ដូច្នេះ​ថា​៖« អាមេរិក​អញ្ជើញ​ចិន​ដែរកន្លងមក។ ប៉ុន្តែសកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុយ​នឹង​គោលការណ៍​របស់ RIMPAC ដែល​ផ្តោត​សំខាន់​លើ​ការការពារ​ច្បាប់​និង​ទំនៀមទម្លាប់​អន្តរជាតិ​។ ដូច្នេះហើយ​បានជា​យើង​ដក​ការអញ្ជើញ​នេះ​វិញនៅខែ​ឧសភា​»​។ 
 
​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ធ្លាក់ចុះ ហើយ​កាន់តែ​តានតឹង​ខ្លាំង​ទៀត​នៅពេល​បច្ចុប្បន្ន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ភាគី​ទាំងពីរសម្រេច​ដំឡើង​ពន្ធ​ប្រឆាំង​គ្នា​រៀងៗខ្លួន​។ ចំណែក​ទំនាក់ទំនង​យោធា​វិញ ក៏​កាន់តែអាក្រក់​ដូចគ្នា​ដោយសារជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់​។ កន្លងមក ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ​ខ្លួន អាមេរិក​បានចាត់ទុក​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ ហើយក៏​ជាការ​គំរាមកំហែង​សន្តិសុខ​ដ៏​សម្បើម​របស់​អាមេរិក​​ដែរ​។ 
 
​អាមេរិក​នៅតែ​ទិតៀន​ចិន​ជុំវិញ​ការដំឡើង​សព្វាវុធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​មហាអំណាច​អា​ត្ល​ង់​ទិ​ក​នេះ​ប្តេជ្ញា​ការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​នៅលើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ 
 
២.​ទ័ព​វៀតណាម​មាន​វត្តមាន​លើកដំបូង​ក្នុង​សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក​របស់​អាមេរិក​

​នៅក្នុង​ឆ្នាំ ២០១៨​នេះ កងទ័ពជើងទឹក​វៀត​ណា​ម​ត្រូវបាន​អាមេរិក​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​លំ​ហាត់​យោធា​នេះ​ជា​លើកដំបូង​បំផុត​ដែរ​។ ក្រៅពី​វៀតណាម អ៊ីស្រាអែល ប្រេ​ស៊ី​ល និង​ស្រីលង្ការ ក៏​នឹងមាន​វត្តមាន​ក្នុង​សមយុទ្ធ​នេះ​លើកដំបូង​ដូចគ្នា​។ 
 
​លោក​ឧ​ត្ត​មនា​វី​ទោ John D. Alexander បាន​បញ្ជាក់ថា វៀតណាម​បញ្ជូន​មន្ត្រី​នៃ​កងទ័ពជើងទឹក​ប្រាំបី​រូប​មក​ចូលរួម ហើយ​វា​ជា​រឿង​ល្អ​ដែលមាន​វត្តមាន​កងទ័ព​វៀតណាម​ក្នុង​លំ​ហាត់​យោធា​អន្តរជាតិ​ដ៏​ធំ​នេះដែរ​។ លោក​ ក៏ឆ្លៀត​កត់សម្គាល់​ពី​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​វៀតណាម​ជាពិសេស​កិច្ចសហប្រតិបត្តិការ​យោធា​នេះ​តែម្តង​។ 

​ដូច​ឃើញស្រាប់​កាលពី​ខែមីនា នាវា​ដឹក​យន្តហោះ​របស់​អាមេរិក USS Carl Vinson បាន​ចូល​សំចត​នៅ​កំពុងផែ​ខេត្ត​ដា​ណា​ង របស់​វៀតណាម​ជា​លើកដំបូង​បំផុត​ចាប់ពី​ចប់​សង្គ្រាម​វៀតណាម​ជាង ៤០​ឆ្នាំមុន និង ២៣​ឆ្នាំក្រោយ​ប្រទេស​ទាំងពីរ​ស្តារ​ទំនាក់ទំនង​ការទូត​នោះ​។ ការចូល​សំចត​របស់​នាវា​ដឹក​យន្តហោះ​វៀតណាម​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​យោធា ជា​ពិ​សេស​ឆន្ទៈ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ក្រសោប​សត្រូវ​ចាស់​របស់ខ្លួន​នៅ​ឥណ្ឌូចិន​។ 
 
​អាច​និយាយបានថា ទំនាក់ទំនង​ការពារជាតិ​រវាង​វៀតណាម និង​អាមេរិក​ត្រូវបាន​ត្រួសត្រាយ​ផ្លូវ និង​ពង្រឹង​ក្នុង​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​នៅក្នុង​ឆ្នាំ ២០១៦ ហើយ​ពេលនោះ​លោក​បានប្រកាស​លុបចោល​ការហាមឃាត់​ការលក់​សព្វាវុធ​ឲ្យ​វៀតណាម​ផងដែរ​។ ដល់​ជំនាន់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​នោះ ក៏​បន្ត​ចាត់ទុក​វៀតណាម​ជា​ដៃគូ​សហប្រតិបត្តិ​ការល្អ​លើ​វិស័យ​សន្តិសុខ​ដែនសមុទ្រ​ទៀត​។​
 
​សូមបញ្ជាក់ថា RIMPAC ជា​លំ​ហាត់​យោធា​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​ពិភពលោក​ចាប់​ផ្តើមដំបូង​នៅ​ឆ្នាំ ១៩៧១​។ វា​ផ្តោត​សំខាន់​លើ​ការហាត់​សម​ជួយសង្គ្រោះ​ក្នុងពេល​មាន​គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា​ពង្រឹងសមត្ថភាព​ក្នុង​រក្សា​សន្តិសុខ​ដែនសមុទ្រ មាន​ប្រឆាំង​ចោរ​សមុទ្រ ដោះមីន​ក្រោម​សមុទ្រ និង​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក ក៏ដូចជា​ការពារ​អាកា​ស​ជាដើម​។​
 
​ចំណែក​ប្រទេស​ទាំង ២៦ ដែល​ចូលរួម​នោះ​មានដូចជា អូស្ត្រាលី​, ប្រេ​ស៊ី​ល​, ព្រុយ​ណេ​, ស៊ី​លី​,​កូ​ឡុំ​ប៊ី​, បារាំង​, អាល្លឺម៉ង់​, ឥណ្ឌា​, ឥណ្ឌូណេស៊ី​, អ៊ីស្រាអែល​, ជប៉ុន​, ម៉ាឡេស៊ី​, ម៉ិ​ក​ស៊ិ​ក​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, ប៉េ​រ៉ូ​, កូរ៉េខាងត្បូង​, ហ្វីលីពីន​, សិង្ហ​បុរី​, ស្រីលង្ការ​, ថៃ​, តុង​ហ្កា​, អាមេរិក​, អង់គ្លេស និង​វៀតណាម​៕
 

Tag:
 RIMPAC2018
  ប៉ាស៊ីហ្វិក​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  John D. Alexander
© រក្សាសិទ្ធិដោយ thmeythmey.com