អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទី​ម័​រ​ខាងកើត អរគុណ​ឥណ្ឌូណេស៊ី​ដែល​បន្ត​ជ្រោមជ្រែង​ឲ្យ​ខ្លួន​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន​
30, Jun 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ឌី​លី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ដែល​មិន​បោះបង់​ជំហរ​ជួយ​ជ្រោមជ្រែង​ទី​ម័​រ​ខាងកើត​ឲ្យ​បាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ក្លាយជា​សមាជិក​របស់​អា​ស៊ាន​។ រយៈពេល​ជិត​មួយ​ទសវត្សរ៍ ហើយ​ដែល​ទី​ម័​រ​ខាងកើត​នៅតែ​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​នៃ​រដ្ឋ​អង្កេត​ការណ៍​របស់​អាស៊ាន​។​


​តាមរយៈ​ជំនួប​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នៅ​ថ្ងៃ​២៨ មិថុនា ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោក Francisco Guterres បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​សម្តែង​ការដឹងគុណ​ចំពោះ​ឥណ្ឌូណេស៊ី សម្រាប់​ការគាំទ្រ​ជា​អចិន្ត្រៃយ៍​ក្នុងការ​ជំរុញ​ឲ្យ​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​មួយ​រប​ស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅថា​កាត់​ថា​អាស៊ាន​។​» នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌូណេស៊ី Antara ។ 
 
​ជំនួប​លើកដំបូង​ដែល​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ​ទី​ម័​រ​ខាងកើត​ទៅកាន់​ឥណ្ឌូណេស៊ី ត្រូវបាន​មេដឹកនាំ​ទាំងពីរ​ផ្តល់​តម្លៃ​ខ្ពស់ ជាពិសេស​ទី​ម័​រ​ខាងកើត ដែលជា​រដ្ឋ​ក្មេងខ្ចី​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ កន្លងមក ទី​ម័​រ​ខាងកើត​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការវិនិយោគ​ពី​ទាំង​សហគ្រាស​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ឥណ្ឌូណេស៊ី​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​។​
​ឆ្លៀតឱកាស​នោះដែរ ប្រមុខរដ្ឋ​ទី​ម័​រ​ខាងកើត ក៏បាន​កោតសរសើរ និង​សាទរ​ឥណ្ឌូណេស៊ី​ដែល​បាន​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២១​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ទី​ម័​រ​ខាងកើត ទើបតែ​បាន​ឯករាជ្យ​ពេញលេញ​នៅក្នុង​ឆ្នាំ​២០០២​ទេ​។ ក្រោយ​ស្ថានភាព​ក្នុងប្រទេស​មាន​លក្ខណៈ​ល្អ​បន្តិច​ហើយ​នោះ ទី​ម័​រ​ខាងកើត​បានស្នើ​សុំចូល​ជា​សមាជិក​របស់​អាស៊ាន​នៅក្នុង​ឆ្នាំ​២០១១​។ ប៉ុន្តែ​មកទល់ពេលនេះ រដ្ឋ​ក្រីក្រ​បំផុត​របស់​ពិភពលោក​មួយ​នេះ មិនទាន់​អាច​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​អាស៊ាន​ទាំងអស់​នៅឡើយ​នោះទេ ពោលគឺ​ទី​ម័​រ​ខាងកើត​មាន ឈ្មោះ​ត្រឹមតែ​រដ្ឋ​អង្កេត​ការណ៍​របស់​អាស៊ាន​ប៉ុណ្ណោះ​។ 
 
​ដើម្បី​អាច​ក្លាយជា​សមាជិក​អាស៊ាន​ទី​ម័​រ​ខាងកើត ព្យាយាម​បំពេញ​លក្ខខណ្ឌ​ចំនួន​បី​សំខាន់​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​វាយតម្លៃ​របស់​អាស៊ាន​មើលឃើញថា​ខ្លួន មាន​សមត្ថភាព​គ្រប់គ្រាន់​។ លក្ខខណ្ឌ​ទាំងបី​នោះ គឺ​ផ្តោត​សំខាន់​ទៅលើ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​រួមមាន សន្តិសុខ​-​នយោបាយ​, សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​
 
​សូម​រម្លឹក​រឿង​ការប្រឹងប្រែង​របស់​អតីត​ម្ចាស់​អាណានិគម​ទី​ម័​រ​ខាងកើត គឹ​ឥណ្ឌូណេស៊ី​បន្តិច​។ កន្លងមក ឥណ្ឌូណេស៊ី តែងតែ​ចេញមុខ​ជ្រោមជ្រែង​ឲ្យ​ទី​ម័​រ​ខាងកើត​ឲ្យ​ឆាប់​បាន​ចូល​ជា​សមាជិក​ពេញលេញ​របស់ អាស៊ាន​។ ឥណ្ឌូណេស៊ី ថែមទាំង​ធ្លាប់​សន្យាថា នឹងធ្វើ​ឲ្យ​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​ត្រឹម​ឆ្នាំ ២០១៧ ទៀតផង​។ ប៉ុន្តែ​គ្រប់យ៉ាង មិនអាច​កើតឡើង​តាមតែ​មាត់​របស់​បងធំ​អាស៊ាន​មួយ​នេះឡើយ ដ្បិត​ការសម្រេច​ចុងក្រោយ គឺ​ត្រូវ​ផ្អែកលើ​ឯកច្ឆន្ទ​ភាព​របស់​សមាជិក​អាស៊ាន​ទាំង​ដប់​៕ 

Tag:
 ទី​ម័​រ​ខាងកើត​
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com