សង្គមអន្តរជាតិ
អន្តរជាតិ
៩ថ្ងៃហើយនៅតែគ្មានដំណឹងក្មេងៗថៃដែលបាត់ខ្លួន ខណៈអាជ្ញាធរបង្កើនការរុករក
× គិតត្រឹមថ្ងៃទី១ ខែកក្កដានេះ គឺមានរយៈពេល ៩ថ្ងៃមកហើយដែលកុមារថៃមួយក្រុមមានគ្នា ១២នាក់រួមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ទៀតបានបាត់ខ្លួនក្នុងរូងភ្នំTham Luang ដ៏អាថ៌កំបាំងស្ថិតក្នុងស្រុកមៃសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។ ក្រុមអាជ្ញាធរ រួមទាំងអ្នកជំនាញរុករកពីអង់គ្លេស និងអាមេរិក ក៏នៅតែព្យាយាមនិងបង្កើនការស្វែងរកខ្លាំងឡើងៗជាមួយនឹងក្តីរំពឹងខ្ពស់ថាពួកគេនៅតែមានជីវិត។
ក្រុមអ្នកជួយសង្គ្រោះបានចូលទៅក្នុងរូងភ្នំដែលមាទឹកលិចបានចម្ងាយជាច្រើនគីឡូម៉ែត្រហើយបើទោះជាមានភ្លៀងធ្លាក់មិនដាច់ធ្វើឲ្យកម្ពស់ទឹកក្នុងរូងភ្នំកើនឡើងដែលជាឧបសគ្គធំផុតក្នុងការុករក។ ប៉ុន្តែ នៅទី៣០ ខែមិថុនាម្សិលមិញ បន្ទាប់ពីក្រុមអាជ្ញាធរថៃអាចបូមទឹកចេញពីរូងភ្នំបានមួយភាគធំដោយប្រើប្រាស់ឧបករណ៍ខួងដីដើម្បីងាយស្រួលធ្វើដំណើរសង្គ្រោះមនុស្សទាំង១៣នាក់នោះ។
យ៉ាងណាក៏ដោយ មកទល់នឹងបេលនេះក្មេងប្រុសអាយុចន្លោះពី ១១ ទៅ១៦ឆ្នាំព្រមទាំងគ្រូបង្វឹកបាល់ទាត់ម្នាក់អាយុ២៥ឆ្នាំដែលបាត់ខ្លួនតាំងពីថ្ងៃទី២៣ ខែមិថុនា ក្នុងរូងភ្នំមកនោះ នៅតែមិនទាន់មានតម្រុយណាមួយនៅឡើយទេ ខណៈអ្នករុករករិតតែពន្លឿននិងបង្កើនការស្វែងរកខ្លាំងជាងមុនទាំងថ្ងៃទាំងយប់។
លោក Narongsak Osottanakorn អភិបាលខេត្តឈៀងរ៉ៃបាននិយាយថា ក្រុមអ្នកមុជទឹកបានជ្រមុជចុះពីមាត់រូងភ្នំ Tham Luang Nang Non ចូលទៅបានចម្ងាយតែ ២ ទៅ៣គីឡូម៉ែត្រប៉ុណ្ណោះដោយសារមានភក់ច្រើន និងមានទឹកបុកមកខ្លាំងមិនអាចមើលអ្វីឃើញហើយត្រូវបង្ខំចិត្តត្រឡប់មកវិញ។ ក្រុមអ្នករុករកទាំនោះនៅតែមានជំនឿចិត្តថាពួកក្មេងៗនៅមានជីវិតនៅឡើយង ហើយនិងរកឃើញពួកគេឆាប់ៗ។
សូមបញ្ជាក់ថា ក្មេងដែលបាត់ខ្លួនជាកីឡាករបាល់ទាត់អាយុក្រោម១៦ឆ្នាំ ក្នុងនោះមានគ្រូបង្វឹកបាល់ទាត់ម្នាក់ បានបាត់ខ្លួនក្នុងរូងភ្នំមួយឈ្មោះ Tham Luang Nang Non បន្ទាប់ពីពួកគេចូលជ្រកភ្លៀងក្នុងរូងភ្នំ។ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរ ដោយសារភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកក្នុងរូងភ្នំឡើងខ្ពស់ ទើបធ្វើឲ្យពួកគេត្រូវរកផ្លូវផ្សេងជាទីសុវត្ថិភាព និងដើម្បីចាកចេញពីរូងភ្នំ៕
Tag:
ក្មេងប្រុសបាត់ខ្លួននៅថៃ
រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com