អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដោយ​ឃើញ​ស្ថានភាព​កាន់តែ​អាក្រក់ ប្រមុខ UN នឹង​ទៅ​ទស្សនកិច្ច​ទៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដោយផ្ទាល់​
01, Jul 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រមុខ​អង្គការសហប្រជាជាតិ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​បង់​ក្លា​ដែ​ស ដើម្បី​ថ្លែង​អំណរ​ដល់​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា និង​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ជំរំ នៃ​ប្រទេស​បង់​ក្លា​ដែ​ស​។


«​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres និង​បណ្តា​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ នឹង​ផ្តើម​បំពេញ​ទស្សនកិច្ច​ទៅកាន់​បង់​ក្លា​ដែ​ស​ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ​ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​មី​យ៉ាន់​ម៉ា​មកកាន់​បង់​ក្លា​ដែ​ស​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ​»​។ នេះ​គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អង្គការសហប្រជាជាតិ​លោក Stéphane Dujarric​។ 
 
​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៩ ខែមិថុនា​អ្នកនាំពាក្យ​ដដែល​បាន​លើកឡើងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ កិច្ច​ដំបូង​ដែល​លោក​អគ្គលេខាធិការ António Guterres ត្រូវធ្វើ​នោះ​គឺ ថ្លែងអំណរគុណ​ដល់​ចិត្តសប្បុរស​របស់​រដ្ឋាភិបាល និង​ប្រជាជន​បង់​ក្លា​ដែ​ស ដែល​ផ្តល់​ទីជម្រក និង​ការ​គាំពារ​នានា​ដល់​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់​។​
 
​បន្ថែម​ពីនេះ ប្រមុខ​អង្គការសហប្រជាជាតិ ក៏​នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ជំរំ​ដែល​ជនភៀសខ្លួន​កំពុងតែ​រស់នៅ​នៅ Cox’s Bazar​។ លោក នឹង​ជួប​សំណេះសំណាល​ជាមួយ​ជនភៀសខ្លួន​ដោយផ្ទាល់ ហើយ នឹង​ត្រៀម​វាយតម្លៃ​ជាថ្មី​លើ​ស្ថានភាព​របស់​ជនភៀសខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​ដល់​ពួកគេ ក៏ដូចជា​ដើម្បី​ធានា​ពី​ដំណើរការ​ប្រសើរ​សម្រាប់​ការវិលត្រឡប់​ទៅកាន់​ប្រភពដើម​របស់​ពួកគេ​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​
 
​នៅ​ថ្ងៃ​២៨ មិថុនា ប្រធាន​ធនាគារពិភពលោក លោក Jim Yong Kim ដែល​នឹង​អមដំណើរ​ទស្សនកិច្ច​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បានប្រកាស​ផ្តល់ជំនួយ​ជិត ៥០០​លាន​ដុល្លារ​អាមេរិក​ដល់​បង់​ក្លា​ដែ​ស​ដើម្បី​គាំពារ​ដល់​ការរស់នៅ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​
 
​កន្លងមក​ប្រតិភូ​ជាន់ខ្ពស់​ប្រទេស​តំបន់​អឺរ៉ុប ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​ជនភៀសខ្លួន​ស្នាក់នៅ​ផងដែរ​។ ក្រោយ​ដំណើរ​ទស្សនកិច្ច ពួកគេ​សុទ្ធតែ​ទទួលស្គាល់ថា ជន​ភៀស​ខួ​ន​ពិតជា​កំពុងតែ​រស់នៅក្នុង​ស្ថានភាព​លំបាក​បំផុត​មែន​។ ជាងនេះទៅទៀត​នោះ ពួកគេ ថែមទាំង​លើក​ជា​សំណួរ​ទៅកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថា មាន​ធា្ល​ប់​ឃើញ​ស្ថានភាព​ជនភៀសខ្លួន​ឬ​យ៉ាងណា​បានជា​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​យ៉ាង​ដូច្នេះ​?
 
​សូម​រម្លឹក​ផងដែរ ដោយសារតែ​បញ្ហា​អសន្តិសុខ​នៅក្នុង​រដ្ឋ​រ៉ា​ខាន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បង្កើតជា​ចលនា​ភៀសខ្លួន​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មកកាន់​បង់​ក្លា​ដែ​ស​ជាង​កន្លះ​លាន​នាក់​។ ថ្មីៗ​នេះ រដ្ឋាភិបាល មី​យ៉ាន់​ម៉ា ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការរៀបចំ​បញ្ជូន​ជនភៀសខ្លួន​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​ផងដែរ​។ ភាគី​ទាំងពីរ កំពុងតែបន្ត​ចរចា​ពី​យន្តការ​បន្ថែម ដ្បិត​រឿង​រ៉ូ​ហ៊ីង​យ៉ា​នេះ ជា​បញ្ហា​ដ៏​រសើប​បំផុត​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជាមួយ​ប្រជាជន​ខ្លួន ជាពិសេស​ក្រុម​យោធា​តែម្តង​៕ 
 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  UN
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com