ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ អ្នកបំផុសករណីជ្រលក់ទឹកខ្មៅស្លាប់ ត្រូវជាប់ទោសក្បត់ជាតិ
02, Jul 2018 , 12:16 pm        
រូបភាព
ជាទោសក្បត់ជាតិ បើក្រុមណា ហ៊ានប្រឌិតថា ទឹកខ្មៅជ្រលក់ចង្អុលដៃក្នុងថ្ងៃបោះឆ្នោត អាចបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់។ នេះជាការព្រមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។


 
មានក្រុមមួយ កំពុងរៀបចំផែនការសម្ងាត់ ដើម្បីត្រៀមបំផុសបំផុលថា ទឹកខ្មៅជ្រលក់ចង្អុលដៃក្នុងថ្ងៃបោះឆ្នោត មាន២ដប គឺដបទី១ ជាទឹកខ្មៅធម្មតា ហើយដបទី២ ជាទឹកខ្មៅ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ក្រោយជ្រលក់បាន២៤ម៉ោង។ នេះជាព័ត៌មាន ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបនឹងទទួលបាន ហើយបានលើកទៅនិយាយក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន (ស្ពានអាកាសផ្សារដីហ៊ុយ) នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។  
 
សម្តេច ហ៊ុន សែន ចាត់ទុកផែនការនេះ ថាជាការឆបោក និងមានចេតនាទុច្ចរិត ដើម្បីបំភ័យប្រជាពលរដ្ឋ កុំឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នាយករដ្ឋមន្រ្តីកម្ពុជា និយាយទាំងខឹងសម្បាថា គម្រោងខាងលើ គឺជាទោសឧក្រិដ្ឋ ហើយក៏ស្មើនឹងទោសក្បត់ជាតិដែរ ដែលមិនត្រូវអត់ឱនឲ្យជាដាច់ខាត។ 
 
មេដឹកនាំកម្ពុជារូបនេះ បានព្រមានខ្លាំងៗយ៉ាងដូច្នេះថា៖«មិនត្រូវឲ្យពួកក្រុមនេះរួចខ្លួនទេ។ វាយមេក្រុមហ្នឹងឲ្យបាន បើអ្នកឯង ហ៊ានធ្វើពិតប្រាកដ។ ទោះបីទៅដល់ប្រទេសណាក៏ដោយ ក៏ត្រូវតាមចាប់ខ្លួន ត្រឡប់មកវិញដែរ។ [....] សូម្បីតែប្រធានគណបក្សប្រឆាំង [លោក កឹម​ សុខា] ចាប់ម៉ោង១២យប់ ព្រោះទោសក្បត់ជាតិ ហើយរឿងនេះ ក៏ជាប្រភេទទោសក្បត់ជាតិដែរ»។ 
 
បន្ទាប់ពីព្រមានរួចហើយ សម្តេច ហ៊ុន សែន ក៏ប្រាប់ឲ្យក្រុមនោះ បញ្ឈប់ផែនការជាបន្ទាន់ ដើម្បីជៀសវាងមានបញ្ហាដល់ខ្លួន។ សម្តេច អះអាងថា បានបញ្ជូនសារទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយ ដើម្បីឲ្យចាត់វិធានការលើរឿងនេះ។ 
 
ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់បែបនេះថា៖«អ្នកឯងប្រជុំគ្នា មិនអាចលាក់បាំងជិតជាមួយខ្ញុំទេ។ យើងបានស្គាល់មុខក្រុមអ្នកឯងហើយ។ កុំធ្វើឲ្យសោះ។ បើអ្នកឯងធ្វើ អ្នកឯងប្រថុយនឹងការជាប់គុក ព្រោះនេះជាបទល្មើសមួយ ដែលមិនអាចអត់ឱនឲ្យបាន ហើយមិនមែនជាសិទ្ធិបញ្ចេញមតិទេ។ ឧបាយកលរបស់អ្នកឯង គឺបំផ្លាញជាតិ។ យើង ត្រូវបំផ្លាញឧបាយកលនេះ។ បញ្ជាឲ្យអាជ្ញាធរ ឃើញមួយ វាយមួយ»។ 

ដ្បិតមិននិយាយចំៗក្តី តែប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រើពាក្យថា ក្រុម ដែលរៀបចំផែនការខាងលើ គឺជាប់ទាក់ទងនឹងក្រុមប្រឆាំង។

កន្លងមក គេមិនបានឮនោះទេថា មានផែនការ ដែលចង់បំផុសថា ទឹកខ្មៅជ្រលក់ចង្អុលដៃ ក្នុងថ្ងៃបោះឆ្នោត អាចធ្វើឲ្យមនុស្សស្លាប់។ នេះជាព័ត៌មានដំបូងហើយពាក់ពាក់ព័ន្ធនឹងផែនការខាងលើ ដែលត្រូវបានបញ្ចេញដោយនាយករដ្ឋមន្ត្រី។ កន្លងមក គេ គ្រាន់តែដឹងថា ក្រុមប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលកំពុងនិរទេស បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត៕  
 

Tag:
 បោះឆ្នោត
  ហ៊ុន សែន
  ទឹកខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com