ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ៖ បំណុលកម្ពុជា ជំពាក់ចិន មិនធ្ងន់ធ្ងរដូចស្រីលង្ការឡើយ
× ភ្នំពេញ៖ បំណុលកម្ពុជា ដែលជំពាក់ចិន មិនទាន់ដល់ចំណុចក្រហម ដែលគួរឲ្យព្រួយបារម្ភ និងធ្ងន់ធ្ងរដូចប្រទេសស្រីលង្ការឡើយ។ នេះជាការលើកឡើងរបស់អ្នកជំនាញ ដែលឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ពលរដ្ឋ ពីរឿងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងជាប់បំណុលចិនច្រើន។
ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិ និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធិ បានពន្យល់ថា បំណុលដែលកម្ពុជា បានខ្ចីពីបរទេស ហើយជំពាក់ចិនច្រើនជាងគេនោះ វាមិនទាន់ជាបញ្ហា ដែលត្រូវប្រកាសអាសន្នឡើយ។ មិនទាន់ប្រកាសអាសន្ន ដោយសារបំណុលទាំងនោះ ស្ថិតនៅក្នុងកម្រិតភាគរយទាប ជាងផលិតផលក្នុងស្រុកសរុប។
ត្រង់ចំណុចនេះ លោក ឈាង វណ្ណារិទ្ធិ ចង់បញ្ជាក់ថា បើផលិតផលក្នុងស្រុកសរុប មានចំនួនច្រើនជាងបំណុលនោះ កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសងត្រឡប់ទៅវិញ។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការអភិវឌ្ឍប្រទេសកម្ពុជា នៅថ្ងៃទី២ កក្កដា ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«បំណុលដែលកម្ពុជាជំពាក់ ក្នុងបំណុលអន្តរជាតិ បរទេសហ្នឹង គឺ៤០ភាគរយទៅប្រទេសចិន។ វាក៏ជាបញ្ហាមួយ ដែលអ្នកខ្លះ គាត់មានការបារម្ភដែរ ជំពាក់ចិនច្រើន តើវាប៉ះពាល់អ្វីដល់សេដ្ឋកិច្ច ប៉ុន្តែបើយើងមើលពីទំហំ(សេដ្ឋកិច្ច) មើលពីសមត្ថភាពរបស់កម្ពុជា ក្នុងការសងបំណុល គឺអត់ទាន់ដល់កម្រិតគួរឲ្យបារម្ភនៅឡើយទេ។ កម្ពុជានៅកម្រិតភ្លើងខៀវ នៅឡើយ មិនទាន់ដល់កម្រិតភ្លើងលឿង ឬក្រហមទេ…»។
សូមស្ដាប់សំឡេងលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖
ជាមួយគ្នានេះប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ លោក នាក់ ចិន្តារិទ្ធិ បានសង្កត់ធ្ងន់ថា បំណុលកម្ពុជា ជំពាក់ចិន មិនធ្ងន់ធ្ងរដូចប្រទេសស្រីលង្ការ និងឡាវ ឡើយ ។ នោះក៏ព្រោះតែចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដែលខ្ចីថវិកាមកអភិវឌ្ឍ មានការប្រុងប្រយ័ត្ន និងគិតគូច្បាស់លាស់។
សូមស្ដាប់សំឡេងលោកបណ្ឌិត នាក់ ចិន្ដារិទ្ធិ៖
តែយ៉ាងណាបញ្ហា ដែលប្រជាពលរដ្ឋខ្មែរ ព្រួយបារម្ភនោះ គឺឥទ្ធិពលចិននៅកម្ពុជា ។ ក្នុងន័យនេះ កម្ពុជា និងស្ថិតនៅក្រោមឥទ្ធិពលចិន ដែលជាម្ចាស់បំណុលខ្លួន។ ប៉ុន្តែបញ្ហានេះអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញផ្ទុយពីក្តីបារម្ភរបស់ពលរដ្ឋ។ លោក ឈាង វណ្ណារិទ្ធិ ពន្យល់ថា ត្បិតចិនចង់បង្ហាញឥទ្ធិពលខ្លួន នៅក្នុងតំបន់អាស៊ាន និងប្រទេសដទៃ តាមរយៈគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយមែន ប៉ុន្តែចិនគ្មានបំណង ចង់លូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។ សម្រាប់លោក ឈាង វណ្ណារិទ្ធិ ចិនក៏មិនហ៊ានប្រើអំណាចខ្លួនហួសហេតុ ដោយសំអាងខ្លួនជាអ្នកមានប្រាក់ដែរ ព្រោះចិនយល់ឃើញច្បាស់ពីភាពបរាជ័យរបស់សូវៀត និងអាមេរិកកន្លងមក។
សូមស្ដាប់សំឡេងលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៧កន្លងមក កម្ពុជាបានជំពាក់បំណុលបរទេសជាង៨,៣ ពាន់លានដុល្លារ បើគិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦។
ក្នុងចំណោមទឹកប្រាក់ទាំងនេះ រដ្ឋាភិបាលបានខ្ចីប្រាក់ ៥,៣ ពាន់លានដុល្លារពីប្រទេសនានា ជាលក្ខណៈទ្វេភាគី ដែលក្នុងនោះទឹកប្រាក់ចំនួន ៩០០ លានដុល្លារ មកពីប្រទេសជប៉ុន ទឹកប្រាក់១២៤ លានដុល្លារពីបារាំង និងទឹកប្រាក់ខ្ចីពីចិន ៣,៥៩ ពាន់លានដុល្លារ។ ក្រៅពីនេះ ក៏មានប្រាក់កម្ចីផ្សេងទៀត គឺឥណ្ឌា ៧៥ លានដុល្លារ ,កូរ៉េខាងត្បូង ៥១០ លានដុល្លារ ,ម៉ាឡេស៊ី ៧,៨៥ លានដុល្លារ, ថៃ ៨៦ លានដុល្លារ និងវៀតណាម ៤៤,៥ លានដុល្លារ ។
ជាមួយគ្នានេះ ក៏មានទឹកប្រាក់កម្ចី សម្រាប់ការអភិវឌ្ឍ ដែលមានទំហំសរុប៣ពាន់លានដុល្លារ ។ ទឹកប្រាក់កម្ចីនេះពីធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២ពាន់លានដុល្លារ, ធនាគារពិភពលោក ៧៩៤ លានដុល្លារ, មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ ៨៧ លានដុល្លារ, មូលនិធិអភិវឌ្ឍន៍ Nordic ១០,៦ លានដុល្លារ និងមូលនិធិ OPEC សម្រាប់ការអភិវឌ្ឍអន្តរជាតិ ៧០ លានដុល្លារ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយថវិកាកម្ចី ៥,៨ ពាន់លានដុល្លារពីដៃគូអភិវឌ្ឍន៍ ដោយផ្ដោតលើវិស័យអាទិភាពនៅកម្ពុជា។
ងាកមកផលិតផលក្នុងស្រុកសរុបវិញ កម្ពុជា មានចំនួន២០,៩ ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៧កន្លងមក។ ដូច្នេះបើពិនិត្យមើលលើបំណុលកម្ពុជាដែលកំពុងជំពាក់បរទេស៨,៣ ពាន់លានដុល្លារនេះ គឺស្មើនឹង៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕
Tag:
ឈាង វណ្ណារិទ្ធិ
នាក់ ចិន្តារិទ្ធិ
ចិន
ស្រីលង្ការ
បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com