ជាតិ
សេដ្ឋកិច្ច
អនុប្រធានក្រុមហ៊ុនសូគីម៉ិច ប្រាប់ឲ្យអ្នករត់កង់បី ប្រឹងរៀនអង់គ្លេស និងចិន ដើម្បីរកចំណូលពីភ្ញៀវទេសចរបានច្រើន
× ភ្នំពេញ៖ មុខរបរផ្ដល់សេវាដឹកជញ្ជូនតូចៗដែលប្រើប្រាស់ រ៉ឺម៉កកង់បី ម៉ូតូក្ដី ក៏ជួបការប្រកួតប្រជែងក្នុងវិស័យរបស់ខ្លួនផងដែរ ដែលទាមទារឲ្យអ្នកផ្ដល់សេវាត្រូវប្រឹងប្រែងបន្ថែមទៀត។ លោក ឌៀប ចេងហេង អនុប្រធានក្រុមហ៊ុនសូគីម៉ិច បានណែនាំឲ្យអ្នកផ្ដល់សេវា គួរឆ្លៀតរៀនភាសាបរទេស អង់គ្លេស ចិន ដែលនឹងជួយបន្ថែមលើគុណភាព និងភាពទាក់ទាញក្នុងការផ្ដល់សេវាកម្មដឹកភ្ញៀវ។
ថ្លែងនៅមុខអ្នករត់រ៉ឺម៉កកង់បីខ្មែរជាច្រើនរយនាក់ នៅក្នុងកម្មវិធីរួមគ្នាដើម្បីលើកកម្ពស់អ្នកដឹកជញ្ចូនក្រៅប្រព័ន្ធ កាលពីថ្ងៃទី២៧ខែមិថុនា លោក ឌៀប ចេងហេង បានជំរុញឲ្យពលរដ្ឋដែលប្រកបរបរដឹកភ្ញៀវទាំងនោះ ខិតខំពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន។ លោកថ្លែងដូច្នេះថា៖«ពលរដ្ឋយើងខ្លះរត់ឌុបដូចគ្នា តែចំណូលអត់ដូចគ្នាទេ បានតិច បានច្រើន។ ខ្ញុំជូនយោបល់ថាគួរដឹកភ្ញៀវឲ្យមានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ហើយពេលទាក់ទងភ្ញៀវត្រូវមានក្រមសីលធម៌ល្អ និងធ្វើឲ្យមានភាពទាក់ទាញ»។
អនុប្រធានក្រុមហ៊ុនសូគីម៉ិច ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះដ៏ធំនៅកម្ពុជា រូបនេះ បានបន្តប្រសាសន៍របស់ខ្លួនប្រាប់អ្នករត់រ៉ឺម៉កកង់បីទៀតថា៖«នៅពេលទំនេរ បងប្អូនគួររៀនភាសាបរទេស ចិនខ្លះ អង់គ្លេសខ្លះ ដើម្បីនិយាយទាក់ទាញភ្ញៀវ គ្រាន់បើជាងយើងប្រើភាសាធ្វើដៃធ្វើជើង។ លោក ឌៀប ចេងហេង បានចាត់ទុកការរៀនភាសាបរទេស គឺជាអភិវឌ្ឍន៍ខ្លួនរបស់ពលរដ្ឋអ្នកផ្ដល់សេវាដឹកភ្ញៀវ ឲ្យស្របនឹងបរិបទប្រកួតប្រជែង ដែលមិនថាតែអាជីវកម្មក្នុងវិស័យណានោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com