ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ខាត​ប្រា​ក់ជាង ៤០០​លាន​ដុល្លារ ដោយសារ​បញ្ហា​ទឹក​កខ្វក់​ចេញពី​ប្រព័ន្ធ​លូ​ប្រឡាយ ក្នុង​មួយឆ្នាំៗ​
02, Jul 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការគ្រប់គ្រង​ប្រព័ន្ធ​លូ​ប្រឡាយ​បង្ហូរទឹក​មិនទាន់​បានល្អ ដែល​បង្ក​ជា​ភាពកខ្វក់ និង​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ ៤៤៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ នេះ​បើតាម​មន្ត្រី​ក្រសួង​សាធារណការ​ការ ដែល​ស្រង់​របាយការណ៍​ពី​ធនាគារពិភពលោក ។


 
​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨​ខែមិថុនា លោក សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា បញ្ហា​ទឹក​កខ្វក់ គឺជា​បញ្ហា​ប្រឈម​ធំ​បច្ចុប្បន្ន​ក្នុង​ទីក្រុង ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។ គម្រោង ដែល​ត្រូវបាន​ចុះហត្ថលេខា​នេះ មាន​រយៈពេល ៤​ឆ្នាំ ដោយមាន​ការជួយ​សហ​ការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។​

​លោក សួន រចនា បាន​ឲ្យ​ដឹងថា កម្ពុជា​ខាតបង់​ប្រមាណ ៤៤៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​បណ្ដាល​ពី​កង្វះខាត​អនាម័យ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​។

​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​រូបនេះ ចាត់ទុក​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ជា​ករណី​ចាំបាច់​មួយ ដើម្បី​ធានា​ដល់​ដំណើរការ​កែលម្អ​បរិស្ថាន និង​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ ឆ្លើយតប​នឹង​កំណើនប្រជាជន និង​ទេសចរ​។​

​លោក ចៅ សុភៈ​ភិ​បាល ប្រធាន​នាយកដ្ឋាន​សំណង់​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា របាយការណ៍​ស្រាវជ្រាវ​ពី​កម្ពុជា​ខាតបង់ ៤៤៨​លាន​ដុល្លារ​នេះ ត្រូវបាន​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ឆ្នាំ​២០០៨​មក​ម្លេះ ខណៈ​ការស្រាវជ្រាវ​ថ្មី​មួយទៀត​នៅ​ឆ្នាំ​២០១៥ ក៏មាន​លទ្ធផល​ស្រដៀង​គ្នា​នេះដែរ​។

​ទឹកប្រាក់​ខាតបង់​នេះ ត្រូវបាន​ប៉ាន់ស្មាន​ទៅលើ​ផលប៉ះពាល់​ផ្នែក​សុខភាព អនាម័យ ការខាតបង់​ដោយសារ​ដើររក​ប្រភពទឹក​ដែល​នៅ​ឆ្ងាយ រួមទាំង​ការរំខាន​ដល់​ភ្ញៀវទេសចរ ជាដើម​។
​បញ្ហា​ស្នូល​នៃ​ផលប៉ះពាល់​ពី​ការបញ្ចេញ​ទឹក​កខ្វក់​នេះ ក៏​ព្រោះ​កម្ពុជា​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​។  កម្ពុជា​ខ្វះ​ប្រព័ន្ធ​ចម្រោះ ខ្វះ​លូ ហើយ​ទឹក​កខ្វក់​ត្រូវបាន​បង្ហូរ​ក្នុង​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង​ដែរ​។  លោក ចៅ សុភៈ​ភិ​បាល បាន​ប្រាប់​ដូច្នេះ​ថា​៖«​យើង​មានប្រើ​លូបង្ហូរទឹក​ភ្លៀង តែ​ខ្វះ​លូ​ដែល​ញែក​ទឹក​កខ្វក់​ចេញពី​ប្រភព​នានា សណ្ឋាគារ រោងចក្រ ជាដើម គឺ​នៅ​មិនទាន់មាន​ទេ​។ ប៉ុន្តែ JICA បាន​សិក្សា​ធ្វើ​ផែនការមេ​រួចហើយ ដែល​នឹង​អនុវត្ត​បន្តិច​ម្ដងៗ រហូតដល់​ឆ្នាំ​២០៣៥»៕


Tag:
 ប្រឡាយ​
  ទឹក​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com