ជាតិ
បាក់ឌុប
អ្នក​អង្កេត​ការណ៍​បាក់​ឌុប​ពី​ACU មាន​ជាង​៦​ពាន់​នាក់
03, Jul 2018 , 10:30 am        
រូបភាព
​អ្នក​អង្កេត​ការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៧-២០១៨ មាន​ជាង ៦​ពាន់​នាក់ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​។ សម្រាប់​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ មាន​គណៈមេប្រយោគ​ជាង ៣​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អបរំ យុវជន និង​កីឡា​។



​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២ ខែកក្កដា លោក ហង់ ជួន ណា​រ៉ុ​ន បញ្ជាក់ថា ក្រសួង​អប់រំ នៅតែ​បន្តឹង​ការប្រឡង​ឲ្យ​ខ្លាំង​ដូច​ឆ្នាំ​កន្លងទៅ ដោយ​បន្តឹង​ចាប់ពី​ក្រៅ​មណ្ឌល​ប្រឡង ដល់​ក្នុង​មណ្ឌល​ប្រឡង គឺ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​យក​ឯកសារ ទូរស័ព្ទ និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​។ បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ បេក្ខជន​រូប​ណា ដែល​បាន​ពិន្ទុ​សូន្យ​លើ​វិញ្ញាសារ​ណាមួយ  នឹងត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។​

​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយ​ដូច្នេះ​ថា​៖« ចំនួន​អ្នក​អង្កេត​ការណ៍ នៅ​សម័យ​ប្រឡង​បាក់​ឌុប ថ្ងៃទី​២០-២១ ខែសីហា​ខាងមុខ មាន​ជាង ៦​ពាន់​នាក់​ដែល​ជ្រើសរើស និង​គ្រប់គ្រង​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែម្តង ដើម្បី​ជួយ​ពង្រឹង និង​អនុវត្តន៍​ច្បាប់​ក្នុង​ការប្រឡង​ឲ្យ​មាន​ប្រសិទ្ធភាព​»​។



​ទោះបីជា​មានការ​រឹតបន្តឹង​ក្តី ប៉ុន្តែ​អត្រា​សិស្ស​ដែល​ប្រឡង​ជាប់​មានការ​កើតឡើង ពី​៤០​ភាគរយ​នៅ​ឆ្នាំ​ទី​១ រហូតដល់​ជាង​៦០​ភាគរយ នៅពេល​បច្ចុប្បន្ន​។ ដូច្នេះ​មានន័យថា​សិស្ស​រៀន​ចេះ​ជាង​មុន​។ នេះ​ជាការ​កត់សម្គាល់​របស់​រដ្ឋមន្ត្រី​អប់រំ​។​

​សូមបញ្ជាក់ថា បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤,៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត ទាំង​២៥ ទូទាំងប្រទេស​៕



Tag:
 អប់រំ​
 ​បាក់​ឌុប​
 ​ហង់ ជួន ណា​រ៉ុ​ន​
 ACU
© រក្សាសិទ្ធិដោយ thmeythmey.com