ជាតិ
សេដ្ឋកិច្ច
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ឈាង វណ្ណា​រិ​ទ្ធិ​៖ ការផ្លាស់ប្ដូរ​អំណាច​ពិភពលោក អាច​បង្ក​ឲ្យ​មាន​សង្គ្រាមលោក​ជាថ្មី​
03, Jul 2018 , 12:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
​ភ្នំពេញ​៖ បរិបទ​ពិភពលោក ដែល​ផ្លាស់ប្ដូរ​មហាអំណាច​ខាងមុខ នឹង​អាច​កើតមាន​សង្គ្រាមលោក​សារជាថ្មី​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ ដែល​ពន្យល់ថា បរិបទ​សង្គ្រាម​ពិភពលោក នឹង​កើតចេញពី​បញ្ហា​សេដ្ឋកិច្ច​។



​ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​បញ្ជាក់ថា ការប្រែប្រួល​អំណាច​ពិភពលោក ដែល​កើតចេញពី​ការប្រកួតប្រជែង​សេដ្ឋកិច្ច​នេះ នឹង​អាចធ្វើ​ឲ្យ​ពិភពលោក ប្រឈម​បញ្ហា​គ្រោះថ្នាក់ នៃ​ការផ្ទុះ​សង្គ្រាម​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម ដោយសារតែ​បណ្ដា​ប្រទេស​មហាអំណាច​កំពុង​ប្រទាញប្រទង់​គ្នា លើ​ការពង្រីក​ឥទ្ធិពល​ខ្លួន ដោយ​គ្មាន​គោលជំហរ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​តំបន់ និង​ពិភពលោក​។ បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រទេស​ធំៗ​ដែល​នឹង​ទាញ​ឲ្យ​ពិភពលោក ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​ជាថ្មី​នេះ មាន​ប្រទេស​ចិន រុស្ស៊ី និង​អាមេរិក ជាដើម​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាល​ថ្ងៃទី​២ កក្កដា ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពិភពលោក​បច្ចុប្បន្ននេះ កំពុងតែ​បែកបាក់ ហើយ​គ្មាន​ប្រទេស​ណាមួយ ដែល​ក្រោកឈរ​ដោះស្រាយ​បញ្ហា​ទេ ដូច្នេះ​យើង​ស្ថិតនៅក្នុង​កាលៈទេសៈ​មួយ​ពិបាក​។ កាលៈទេសៈ​នេះ ជា​កាលៈទេសៈ​មួយ​គ្រោះថ្នាក់​ជាងគេ នៅក្នុង​ពិភពលោក ។ ហេតុផល​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៅក្នុង​ពិភពលោក គឺមាន​ការប្រកួតប្រជែង​អំណាច រវាង​ប្រទេស​មហាអំណាច​ចាស់ និង​មហាអំណាច​កើត​ថ្មី ។ ប្រទេស​មហាអំណាច​ចាស់​ខ្ញុំ​សំដៅលើ​សហរដ្ឋអាមេរិក ដែល​កំពុង​ធ្លាក់​ឥទ្ធិពល​ខ្លួន ហើយ​មហាអំណាច​ថ្មី ប្រទេស​ចិន កំពុង​កើនឡើង និង​ប្រទេស​រុស្ស៊ី​កំពុងតែ​ងើបឡើង​ដែរ​…​។ វា​ជា​របត់​មួយ ដែល​ក្នុង​ប្រវត្តិសាស្ត្រ នៅពេល​ប្រទេស​មហា​ចាស់​ធ្លាក់ ប្រទេស​មហាអំណាច​ថ្មី​កើតឡើង វា​នឹង​ឈានទៅរក​សង្គ្រាម​ពិភពលោក​»​។​

​សូម​ស្ដាប់​សំឡេង​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធិ​៖





​បន្ថែម​ពីនេះ​អគ្គលេខាធិការរង នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល លោក អេង កុក​ថា​យ បាន​និយាយថា បើសិន​ជាមាន​បញ្ហា​សង្គ្រាមលោក​កើតឡើង​មែន កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឲ្យ​បានល្អ ដើម្បី​បញ្ចៀស​ការរង​គ្រោះ កុំ​ឲ្យ​ដូច​សម័យ​សង្គ្រាមលោកលើកទី​២ ពោលគឺ​កម្ពុជា ត្រូវ​រៀនសូត្រ​ពី​ប្រទេស​ថៃ ក្នុងការ​សម្រប​ខ្លួន គេច​ចេញពី​វិបត្តិ​សង្គ្រាម​នេះ​។​

​សូម​ស្ដាប់​សំឡេង​លោក​បណ្ឌិត អេង កុក​ថា​យ​៖




​បច្ចុប្បន្ននេះ​អាមេរិក កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដែលជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ ខណៈ​ប្រទេស​ចិន និង​ជប៉ុន ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ កំពុង​តាម​ពីក្រោយ​។ តែ​យ៉ាងណា​មហាអំណាច​សេដ្ឋកិច្ច ដែល​អាមេរិក​បាន​ឈរជើង​លេខ​១ ចាប់តាំងពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​នេះ នឹងមាន​ការផ្លាស់ប្ដូរ​វិញ ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន ដែល​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ចិន​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច ឈរ​ចំណាត់ថ្នាក់​លេខ​១ នៅ​ឆ្នាំ​២០៣០ ។ ចំណែក​អាមេរិក នឹង​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​២ ហើយ​ឥណ្ឌា នឹង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Business Inside កន្លងមក​៕


Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  ចិន​
  រុស្ស៊ី​
  អាមេរិក​
  សង្គ្រាមលោក
© រក្សាសិទ្ធិដោយ thmeythmey.com