សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងៗ​ទាំង​១៣​នាក់ ត្រូវ​បំប៉ន​រយៈពេល​រាប់​ខែ ទើប​ចេញពី​រូងភ្នំ​វិញ​បាន​
03, Jul 2018 , 1:54 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកលោក Tossapol Chaisamritpol
រូបភាព៖ ហ្វេសប៊ុកលោក Tossapol Chaisamritpol
​អភិបាលខេត្ត​ឈៀង​រ៉ៃបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកក្កដា​នេះ​ថា​ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់​ដែល​បាន​រកឃើញ​មានជីវិត​បន្ទាប់ពី​បាត់​ខ្លួន​រយៈពេល ១០ថ្ងៃ​មកហើយ​នោះ​ស្ថិតក្នុង​រូងភ្នំ​នៅឡើយ​ទេ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​មិនអាច​បញ្ជូន​កុមារ​ទាំងនោះ​ចេញមកក្រៅ​បាន​ភ្លាមៗ​នោះទេ ព្រោះ​ស្ថានភាព​ទឹក​ក្នុង​រូងភ្នំ​ជ្រៅ​ពេក ដោយ​ត្រូវការ​រយៈពេល​រាប់​ខែ​ឯណោះ​។ ក្រៅពី​ទទួល​អាហារ​បំប៉ន ក្មេងៗ​ទាំងនោះ​ក៏ត្រូវ​បង្រៀន​ឲ្យ​មុជទឹក​ជ្រៅ​ដើម្បី​អាច​ហែល​ឆ្លង​ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​ផងដែរ​។​

 
 លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ Narongsak Osottanakhorn ថា​ក្រុម​ក្មេងៗ​ដែលជា​ជនរងគ្រោះ​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅ​ទីទួល​ដែល​ស្ថិតក្នុង​រូងភ្នំ Tham Luang (​មានឈ្មោះ​ក្រៅផ្លូវការ​ថា ឆ្នេរ​ប៉ា​តា​យ៉ា​)​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ទាហាន​ថៃ​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​ថា មកដល់ពេលនេះ ខាង​អាជ្ញាធរ​បាន​បញ្ជូន​ចំណីអាហារ​ប៉ូវ​កម្លាំង​រួមទាំង​ជែ​ល​សម្រាប់​បរិភោគ​ដែលមាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ក៏ដូចជា​ក្រុមគ្រូពេទ្យ​ចូលទៅ​សង្គ្រោះ និង​ពិនិត្យ​សុខភាព​ដល់​ជនរងគ្រោះ​ទាំងនោះ​ដើម្បី​ធានាថា ការនាំ​ពួកគេ​ចេញ​អាចធ្វើ​ទៅបាន​ដោយ​សុវត្ថិភាព​។ 

​ប៉ុន្តែ​យ៉ាងណា ខាង​ក្រុម​សង្គ្រោះ​ដឹង​ច្បាស់​ថា ដោយសារ​សុខភាព​ជនរងគ្រោះ​នៅមាន​សភាព​ទន់ខ្សោយ​ដ្បិត​ខ្វះ​ចំនីអាហារ​រយៈពេល​១០​ថ្ងៃ​មក ហើយ​ស្ថានភាព​ផ្លូវ​ក្នុង​រូងភ្នំ​ត្រូវ​លិច​ទឹក​អស់​និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​មាត់​រូង​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ពិបាក​នាំ​ពួកគេ​មុជទឹក​ដើម្បី​ចេញពី​រូងភ្នំ​។  ជារួម វា​ចាំបាច់​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​មុជទឹក​ដើម្បី​ហែល​ឆ្លងកាត់​តាមផ្លូវ​ទឹក​ដែលជា​ច្រក​ក្រោម​ដី​ដ៏​ស្មុគស្មាញ​នោះ​ដើម្បី​ចេញមកក្រៅ​រូងភ្នំ​បាន​។​
 

​លោក Osottanakhorn បាន​បន្ថែមថា បញ្ហាសំខាន់​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​រក​វិធី​ជួយ​ក្មេងៗ​ទាំងនោះ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព ខណៈ​ទឹក​អាច​នឹង​បន្ត​កើនឡើង​ថែមទៀត​។ បើតាម​អ្នកជំនាញ​គេអាចនឹង​ចំណាយពេលដល់រាប់ខែ ​ឯណោះ​ទើប​អាច​នាំ​ក្មេងៗ​ទាំងនោះ​ចេញពី​រូងភ្នំ Tham Luang Nang Non ដែល​ស្ថិត​ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​នេះ​បាន​។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ចំណីអាហារដែលគេបានបញ្ជូនចូល​ទៅផ្គត់ផ្គង់ក្មេងៗនោះអាចប្រើប្រាស់បានរយៈពេលដល់ទៅបួនខែឯណោះ៕
 
អត្ថបទទាក់ទង
 
 
 
 

 

Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com