ជាតិ
សេដ្ឋកិច្ច
​ក្រុមហ៊ុន​ផលិត​ដែក​វៀតណាម គ្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ប្រើ​ទុន​៥០០​លាន​ដុល្លារ​
03, Jul 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Hoa Phat ផលិត​ដែក​របស់​ប្រទេស​វៀតណាម គ្រោង​វិនិយោគ​ផលិត​ដែកថែប​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ទំហំ​ទឹកប្រាក់​៥០០​លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌​កម្ពុជា (AKP) ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៣ ខែកក្កដា​។​



AKP បាន​ស្រង់​សម្តី​លោក Chu Quang Vu អ្នកគ្រប់គ្រង​ផ្នែក​ការអភិវឌ្ឍ​និង​ការស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Hoa Phat ទៅ​ចុះផ្សាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុងដំណើរការ​ផលិត​ដែក​ធំជាងគេ​នៅក្នុង​ប្រទេស​វៀតណាម​។ ក្រុមហ៊ុន​របស់លោក ចង់​បង្កើត​រោងចក្រ​ផលិត​ដែក​នៅក្រៅ​ប្រទេស ដោយ​ជ្រើស​រើសយក​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ធ្វើជា​ទីតាំង​ផលិត ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​នឹង​អាច​ផលិត​ដែក​បាន​ពី​១​លាន ទៅ​២​លាន​តោន​ក្នុង​មួយឆ្នាំ​។

​ទន្ទឹមគ្នានេះ ក្រុមហ៊ុន Hoa Phat ត្រូវការ​ទឹក​បម្រើ​ឲ្យ​ចង្វាក់​ផលិតកម្ម​រោងចក្រ​ប្រមាណ ២​ម៉ឺន ទៅ​២,៥​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ និង​កម្លាំង​ពលកម្ម​ប្រមាណ ៣​ពាន់​នាក់​។

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ក្រុមហ៊ុន Hoa Phat ដែល​ចាប់អារម្មណ៍​បណ្តាក់ទុន​វិនិយោគ​ផលិត​ដែក​នៅ​ខេត្ត​របស់ខ្លួន​។ លោក​បានចង្អុលបង្ហាញ​ទីតាំង​ដី​ប្រមាណ​២០០​ហិកតា នៅ​តំបន់​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ព្រោះ​អនាគត​ទីនោះ​ក៏មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​សាងសង់​រោងចក្រ​ផលិត​ដែក​បាន​ដោយ​ងាយស្រួល​៕



Tag:
 វៀតណាម​
  ដែក​
  វិនិយោគ​
  យន្ត មីន
© រក្សាសិទ្ធិដោយ thmeythmey.com