ជាតិ
សង្គមជាតិ
សស​យក ខេត្តសៀមរាប​ប្រគល់​ធុងសំរាម ៥០០​ដល់​សាលារៀន ផ្សារ និង​សាលាក្រុង​
05, Jul 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដើម្បី​រួមចំណែក​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មាន​របៀបរៀបរយ​នោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប (​សស​យក​) បានប្រគល់​ធុងសំរាម​ចំនួន ៥០០​ធុង ទៅដល់​គ្រឹះស្ថានសិក្សា ផ្សារ និង​ទៅ​សាលាក្រុង​សៀមរាប​។



​ក្នុង​ពិធី​ប្រគល់​ធុងសំរាម ដែល​រៀបចំឡើង​នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ នៅ​ថ្ងៃទី​៤ ខែកក្កដា លោក ទៀ សីហា អភិបាលរង​ខេត្ត និង​ជា​ប្រធាន សស​យក ខេត្តសៀមរាប បាន​លើកឡើងថា គោលបំណង​នៃ​ពិធី​នេះ គឺ​ដើម្បី​ជំរុញ​ការគ្រប់គ្រង​បញ្ហា​អនាម័យ​នៅក្នុង​ខេត្ត ដូចជា​បញ្ហា​ថង់​ប្លា​សិ្ទ​ក សំរាម​នៅតាម​ដងស្ទឹង​សៀមរាប តាម​ផ្សារ និង​តាម​ទីសាធារណ​នានា​។ លោក​បន្ថែមថា បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​ដែល​គេ​ត្រូវ​គិតគូរ​ជា​ចាំបាច់ ពិសេស​ខេត្តសៀមរាប​ដែលជា​គោលដៅ​លេខ​មួយ​សម្រាប់​ទេសចរ​ជាតិ និង​អន្ដរជាតិ​។​

​ក្រៅពីនេះ លោក ទៀ សីហា ក៏បាន​ជំរុញ​ឱ្យ​អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវ​យល់ដឹង និង​សហការគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន​ក្រុង​សៀមរាប​ឱ្យបាន​ល្អប្រសើរ ស័ក្ដិ​សមជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​ល្បីល្បាញ ដែល​ពិភពលោក​ទទួលស្គាល់ និង​ជា​កន្លែង​មួយ​ដែល​គ្មាន​សំរាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com