ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់ប្រាក់ជិត២០០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍គម្រោងបរិស្ថាន និងកែលម្អផ្លូវជនបទ ការចុះកិច្ចព្រមពៀងផ្តល់ហិរញ្ញប្បទាន១៩០ដុល្លារលាន មកកម្ពុជា រវាងលោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Hideaki Iwasaki (រូបភាពបានពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់ ១៩០លានដុល្លារអាមេរិកដល់កម្ពុជា លើគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទឹកប្រាក់ ១៤១,៤លានដុល្លារអាមេរិក ត្រូវចំណាយលើគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន សម្រាប់គាំទ្រនិងជំរុញការប្រកួតប្រជែងនៃចង្វាក់ផលិតកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៤-២០១៨។ វាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី «ការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ» និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
រីឯទឹកប្រាក់៦៦លានដុល្លារអាមេរិកទៀត ប្រើប្រាស់សម្រាប់ចំណាយលើគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្នុងការកែលម្អ ផ្លូវជនបទបន្ថែមដោយក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ចំនួន២២ខ្សែ ដែលមានប្រវែងជិត ៣៦គីឡូម៉ែត្រនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ។
តាមមរយៈកិច្ចសហប្រតិបត្តិការនេះ ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការមកកម្ពុជា មានទឹកប្រាក់ប្រមាណ ២,៩៥ពាន់លានដុល្លារ ។ ក្នុងនោះឥណទានសម្បទានមានប្រមាណ ២.៤៦ពាន់លានដុល្លារ សម្រាប់អនុវត្តកម្មវិធីក្នុង១០១គម្រោង និងហិរញ្ញប្បទានឥតសំណង ប្រមាណ៤៨៧ លានដុល្លារ សម្រាប់អនុវត្តកម្មវិធីក្នុង៥១គម្រោង។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្ន នៅពិធីចុះហត្ថលេខាជាមួយ លោក Hideaki Iwasaki នាយកស្តីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ៕
Tag:
ADB
អូន ព័ន្ឋមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com