ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ចំនួន​៣ ចំណាយ​ថវិកា​ចាប់ពី​៣​ម៉ឺន​ដុល្លារ​ឡើងទៅ សម្រាប់​ការឃោសនាបោះឆ្នោត​
07, Jul 2018 , 12:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅពេលនេះ គណបក្សនយោបាយ កំពុង​បញ្ចេញ​សមត្ថភាព​ខ្លួន តាមរយៈ​គោលនយោបាយ​បក្ស ក្នុង​ការឃោសនា​សម្រាប់​ការបោះឆ្នោត ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​២១ កក្កដា​។ ការ​មមាញឹក​ក្នុងការ​ឃោសនា​ជា​រឿង​មួយ ប៉ុន្តែ​ការចំណាយ​ថវិកា​សម្រាប់​ការឃោសនា​បក្ស ក៏​ជា​រឿង​សំខាន់​ដែរ​។ សម្រាប់​ការបោះឆ្នោត​នេះ គណបក្ស​ចំនួន​៣ ចំណាយ​ថវិកា​ចាប់ពី​៣​ម៉ឺន​ដុល្លារ​ឡើងទៅ​។​


​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន បាន​និយាយថា គណបក្ស​លោក ត្រៀម​ថវិកា​ចំណាយ​៣​ម៉ឺន​ដុល្លារ សម្រាប់​ដំណើរការ​ឃោសនាបោះឆ្នោត រយៈពេល​៣​សប្ដាហ៍​នេះ​។ ថវិកា​ដែល​គណបក្ស​លោក ត្រូវ​ចំណាយ​នេះ គឺ​ផ្ដោតទៅលើ​ការបោះ​ពុ​ម្ភ​អាវ មួក សញ្ញា​សម្គាល់​បក្ស (Sticker) ទិញ​មេក្រូ និង​សម្ភារៈ​ផ្សេងៗ រួមទាំង​អាហារ សម្រាប់​សមាជិក និង​អ្នកគាំទ្រ​ផងដែរ​។ បើតាម​មូល​លោក សាម អ៊ី​ន ថវិកា​សម្រាប់​ចំណាយ​គណបក្ស​នេះ គឺ​បានមកពី​វិភាគទាន​របស់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​។​
 
​ជាមួយគ្នានេះ​គណបក្ស​យុវជន​កម្ពុជា ក៏​ចំណាយ​ថវិកា​ប្រហាក់ប្រហែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែរ​។ លោក ពេជ្រ ស្រស់ បាន​បញ្ជាក់ថា គណបក្ស​លោក​ត្រៀម​ចំណាយ​ថវិកា​ប្រហែល​៥​ម៉ឹ​ន​ដុល្លារ សកម្មភាព​ឃោសនាបោះឆ្នោត នៅតាម​មណ្ឌល​ដែល​គណបក្ស​ខ្លួន ឈរឈ្មោះ​បោះឆ្នោត​នេះ​។ ថវិកា​ចំណាយ​នេះ គឺ​ត្រូវ​យកទៅ​បោះ​ពុ​ម្ភ​អាវ បោះ​ពុ​ម្ភ​គោលនយោបាយ បដា និង​ស្លាក​គណបក្ស រួមទាំង​ចំណីអាហារ សម្រាប់​សមាជិក អ្នកគាំទ្រ​។​
 
​ចំណែក​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិន​វិញ ទំនងជា​ចំណាយ​ថវិកា​ច្រើន សម្រាប​ក់​ឃោសនាបោះឆ្នោត​នេះ​។ អនុប្រធាន​គណបក្ស​លោក យូ ហុកគ្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការឃោសនាបោះឆ្នោត​នេះ គឺ​គណបក្ស​លោក ទុក​ភារកិច្ច​ឲ្យ​សមាជិក និង​ក្រុមការងារ​ខេត្ត តាម​មណ្ឌល​នីមួយៗ​ជា​អ្នករៀបចំ​រៀងៗ​ខ្លួន​។ ចំពោះ​ការចំណាយ​ថវិកា​សរុប​រួម​វិញ លោក យូ ហុកគ្រី មិនទាន់មាន​តួលេខ​ពិតប្រាកដ​ទេ ។ ប៉ុន្តែ​លោក អាច​បញ្ជាក់បាន​ថា គណបក្ស​ចំណាយ​ថវិកា ៧​ម៉ឺន​ដុល្លារ​ឡើងទៅ ក្នុង​មួយ​ខេត្ត ឬ​រាជធានី ដែល​ខ្លួន​ឈរឈ្មោះ​។ 
​ដោយឡែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​ផងដែរ​។ នេះ​បើតាម​លោក សិង្ហ គី​រី អនុប្រធាន​គណបក្ស​។​
 
​គួរ​បញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរឈ្មោះ​បោះឆ្នោត​ទូទាំង​២៥​រាជធានី ខេត្ត ខណៈដែល​គណបក្ស​យុវជន​កម្ពុជា ឈរឈ្មោះ​តែ​១៧​មណ្ឌល​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងនេះ សុទ្ធ​តែមាន​ក្តី​សង្ឃឹមថា នឹង​ទទួលបាន​សំឡេងឆ្នោត​ច្រើន ពី​ប្រជា​ជល​រដ្ឋ សម្រាប់​កៅអី​រដ្ឋសភា​។​
 
​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ដោយមាន​គណបក្ស​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​៕ 

Tag:
 សាម អ៊ី​ន​
  ពេជ្រ ស្រស់​
  យូ ហុកគ្រី​
  ​បោះឆ្នោត​
 ​ គជប
© រក្សាសិទ្ធិដោយ thmeythmey.com