អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ត្រៀម​វិធាន​ការតបត ប្រសិនបើ​អាមេរិក ដាក់​ពន្ធ​លើ​ទំនិញ​របស់ខ្លួន​
07, Jul 2018 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា នឹងមាន​រៀបចំ​ផែនការ​មួយ​ដើម្បី​តបត​នឹង​គោលនយោបាយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ជាច្រើន​មុខ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ក្រុង​ហ្សា​ការ​តា មិន​បណ្តោយ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ដោយ​តាមតែ​ទំនើងចិត្ត​ឡើយ​។​


​លោក Enggartiasto Lukita រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​៦ កក្កដា បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​មាន​គោលនយោបាយ​សម្រាប់​តប​ត​វិញ ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក ជ្រើស​យក​ផែនការ​នៃ​ការយកពន្ធ​លើ​ផលិត​១២៤ មុខ​ដែល​នាំចូល​ពី​ឥណ្ឌូណេស៊ី ក្នុង​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ឱនភាព​នៃ​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ខណៈ​ស្ថិតក្នុង​ដំណាក់​នៃ​ការរៀបចំ​ផែនការ​តបត​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ជាពិសេស​អគ្គ​រដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន នឹង​សាកល្បង​ប្រើប្រាស់​វិធានការ​ទន់ភ្លន់ តាមរយៈ​ការពន្យល់​ក្រុង​វ៉ាស៊ីនតោន ថា ឱនភាព​ពាណិជ្ជកម្ម មិនមែន​ដោយសារតែ​ការនាំចេញ​នៃ​ផលិតផល​ស្ថិតក្រោម​ការអនុគ្រោះ​នោះទេ​។​
 
​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដូចនឹង​ចិន​ដែរ ដ្បិត​លោក ជឿជាក់ថា នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង គ្មាន​ភាគី​ណាមួយ​ចំណេញ​ឡើយ​។ តែ​យ៉ាងណា​លោក ក៏បាន​ផ្ញើ​សារ​ត្រង់ៗ​ផងដែរ​ថា ឥណ្ឌូណេស៊ី ក៏​មិន​បណ្តែតបណ្តោយ​ឲ្យ​អាមេរិក​ធ្វើតាម​ទំនើងចិត្ត​ខ្លួន​ឡើយ ពោលគឺ​បើ​ឥណ្ឌូណេស៊ី​រង​សម្ពាធ​ច្រើន ឥណ្ឌូណេស៊ី​នឹង​តបត​វិញ​។​
 
​តាម Jakarta Post ការណ៍ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ថ្លែង​សារ​បែបនេះ បន្ទាប់ពី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ពាក់ព័ន្ធ​នឹង​ឱនភាព​ពាណិជ្ជកម្ម​។ កន្លងមក ឥណ្ឌូណេស៊ី ក៏​ស្ថិតនៅ​ក្នុងចំណោម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ទទួលបាន​ការលើក​លែង​ពន្ធ​ពី​អាមេរិក ដែលជា​ចំណែក​មួយ​ដើម្បី​ជួយ​ប្រទេស​ទាំងនេះ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ផងដែរ​។​
 
​សូមជម្រាបថា ចាប់ពី​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាន់អំណាច​មក អាមេរិក ចាប់​អនុវត្ត​គោលនយោបាយ​រឹតត្បិត​ទៅលើ​ផលិតផល​នាំចូល ដែល​ក្រុង​វ៉ាស៊ីនតោន យល់ឃើញថា ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​ធ្លាក់ចុះ​។ នៅ​ថ្ងៃ​៦ កក្កដា  ការដំឡើង​ពន្ធ​របស់​អាមេរិក ២៥​ភាគរយ លើ​ផលិតផល​ចិន​នោះ​ចាប់ផ្តើម​ជា​ផ្លូវការ ដែល​វា​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី អាមេរិក​នឹង​បន្ត​ប្រើ​វិធានការ​នេះ​ប្រឆាំង​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​នាំ​ចូលទៅ​អាមេរិក​ផង​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com