អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ​សិទ្ធិមនុស្ស UN ទទូច​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខបញ្ជូន​មី​យ៉ាន់​ម៉ា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC
07, Jul 2018 , 9:19 pm        
រូបភាព
ដោយ:
​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein បាន​ថ្លែង​ហួសចិត្ត​នឹង​ការ​ដោះសារ និង​ភាពមិន​ទទួលខុសត្រូវ​របស់​តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​នឹង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ ប្រមុខ​សិទ្ធិមនុស្ស​រូបនេះ បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ឲ្យ​អង្គភាព​យុត្តិធម៌​មួយ​នេះ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​។

 
​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein នៅ​ថ្ងៃ​៤ កក្កដា បាន​លើកឡើងថា មី​យ៉ាន់​ម៉ា​គួរតែ​ចេះ​ខ្មាសអៀន​ខ្លះ ចំពោះ​ទង្វើ​របស់ខ្លួន ដែល​ព្យាយាម​បង្ហាញ​ពិភពលោក​ថា​ខ្លួន​មាន​ឆន្ទៈ​នាំ​ជនភៀសខ្លួន​ជនជាតិភាគតិច​ទៅវិញ ខណៈ​សូម្បីតែ​ភៀសខ្លួន​ម្នាក់​ក៏​មិនទាន់បាន​ត្រឡប់​ទៅវិញ​ដោយ​ផ្លូវការ​ផង​។ 
 
​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស បាន​ថ្លែង​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដោយ​មិនមាន​ការយល់​យោគ​ដល់​មុខ​មី​យ៉ាន់​ម៉ា​ឡើយ​។ លោក អះអាង សហគមន៍​អន្តរជាតិ​មិនមែន​ឆ្កួត​នោះទេ​។ មិនមែន​ឆ្កួត​នោះ សំដៅ សហគមន៍​អន្តរជាតិ​មិនចេះ​តែ​ជឿ​តាម​ការបញ្ចុះ​បញ្ចូល​រប​ស់មី​យ៉ាន់​ម៉ា​ដែល​អះអាង​ខ្លួន​ថា តែងតែ​ការពារ​សិទ្ធិ​ជនភៀសខ្លួន​នោះ​។ 
 
​ប្រមុខ​សិទ្ធិ​ដដែល​នោះ​បន្តទៀតថា តាមរយៈ​បទពិសោធន៍​នៃ​អាណត្តិ​ដឹកនាំ​របស់លោក​បួន​ឆ្នាំ​មកនេះ លោក បាន​ឆ្លងកាត់​ការលើកឡើង​បែប​គ្មាន​ការទទួលខុសត្រូវ និង​មិន​សម​ហេតុ​សម​ផល​ជាច្រើន ហើយ​មី​យ៉ាន់​ម៉ា ក៏​គួរតែ​ចេះ​មានការ​ខ្មាសអៀន​ខ្លះ​ផង​។ 
 
​ប្រមុខ​សិទ្ធិមនុស្ស​ខាងលើ​ក៏បាន​រាយការណ៍​ពី​បច្ចុប្បន្នភាព​នៃ​ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​បច្ចុប្បន្ន​មាន​រហូតដល់​ជាង​៧០​ម៉ឺន​នាក់ ដែល​បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​ដើម្បី​គេច​ពី​ការគំរាមកំហែង​សន្តិសុខ និង​ថែមទាំង​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់​បញ្ជូន​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឲ្យ​កាន់តែ​ឆាប់​ទៀតផង​។​
 
​គួរ​រម្លឹក​ផងដែរ​ថា នា​ចុង​សប្តាហ៍​មុន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅ​ជំរំ​ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។ មិន​ខុសពី​ប្រតិភូ​អន្តរជាតិ​ផ្សេង​ទៀតឡើយ ប្រមុខ​អង្គការសហប្រជាជាតិ បានទទួល​ដឹងលឺ​ពី​ការពិត​មួយ គឺ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ពិតជា​រស់នៅ​យ៉ាង​លំបាក​មែន ហើយ​លោក ក៏បាន​សន្យា​ជួយ​ជំរុញ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រឿង​ទទួល​ជនភៀសខ្លួន​វិញ​ផងដែរ​។ 
 
​ជុំវិញ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​ដដែល​នេះដែរ ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ទៅកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដើម្បី​បំភ្លឺ និង​តវ៉ា​ជាមួយនឹង​សំណើ​ពិចារណា​លើ​យុត្តាធិការ​លើ​មី​យ៉ាន់​ម៉ា​របស់​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ អង្គ​សវនាការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏បាន​កំណត់​យក​ថ្ងៃ​២៧ កក្កដា​នេះ​ដើម្បី​ជា​ថ្ងៃ​កំណត់​ចុងក្រោយ​សម្រាប់​មី​យ៉ាន់​ម៉ា​ដាក់សំណើ​តវ៉ា​។​
 
​គួរកត់សម្គាល់​ផងដែរ​នោះ មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ពោលគឺ​តាមរយៈ​តុលាការ​ដោយផ្ទាល់ មិន​អាចមាន​សិទ្ធិ ឬ​យុត្តាធិការ​ដើម្បី​ជំនុំជម្រះ​រឿង​រ៉ូ​ហ៊ីង​យ៉ា​បានឡើយ​។ ហេតុផល​នេះហើយ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​អង្គភាព​ដ៏​មាន​ឥទ្ធិពល​ផ្តល់​អនុសាសន៍​ទៅ​តុលាការ​ដើម្បី​ជា​បន្ទុក​បន្ថែម​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ICC
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com