កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុបទទួលសូលទីឡូ ភ្នំពេញក្រោនស្វាគមន៍ការពារជាតិ វិសាខា និងថាយហ្គឺរជួបគ្នានៅអូឡាំពិក ទិត្យ ឌីណា កីឡាករចំណូលថ្មីរបស់វិសាខា ដែលផ្ទេរពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបថត CNCC
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅថ្ងៃអាទិត្យនេះ មានជំនួប៣គូចុងក្រោយសម្រាប់សប្តាហ៍ទី១៣ ដោយអាស៊ីអឺរ៉ុបយូណាយធីត ស្វាគមន៍ សូលទីឡូអង្គរនៅម៉ោង៣រសៀល បន្ទាប់មកក្រសួងការពារជាតិ ទៅលេងនៅទឹកដីភ្នំពេញក្រោន ហើយនៅម៉ោង៦ដំណាលគ្នានោះ វិសាខាតទល់ជាមួយអង្គរថាយហ្គឺរនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អាស៊ីអឺរ៉ុបយូណាយធីត ប៉ះ សូលទីឡូអង្គរ ម៉ោង៣រសៀលនៅកីឡដ្ឋាន អេ.អ៊ី.យូ ស្ពតផាក
អាស៊ីអឺរ៉ុបយូណាយធីតស្ថិតនៅលេខ៧លើតារាងដោយមាន១៨ពិន្ទុពីការប្រកួត១២លើកកន្លងមក។ ក្រោយឈ្នះបីប្រកួតជាប់ៗគ្នា ពួកគេបានចាញ់ក្រុមកំពូលតារាងបឹងកេត ៤-០ កាលពីសប្តាហ៍មុន។ ដោយឡែកសូលទីឡូអង្គរ ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដែលមិនទាន់ឆ្ងាយពីតំបន់គ្រោះថ្នាក់ឡើយ។ បច្ចុប្បន្នក្រុមដែលប្រើប្រាស់កីឡដ្ឋាននៅខេត្តសៀមរាបមួយនេះ មានតែ៨ពិន្ទុប៉ុណ្ណោះក្នុងដៃ ហើយបានចាញ់បីប្រកួតជាប់ៗគ្នា ដោយសប្តាហ៍មុនរងគ្រោះដោយសារភ្នំពេញក្រោន ២-១ ។ កាលពីជើងទីមួយ អាស៊ីអឺរ៉ុប បានយកឈ្នះក្នុងលទ្ធផល ២-១ ។
វិសាខា ជួប អង្គរថាយហ្គឺរ ម៉ោង៦ល្ងាចនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)
ក្រុមចំណូលថ្មី វិសាខា ស្ថិតនៅលេខ៣ ដោយមាន២៦ពិន្ទុ។ ៥ប្រកួតកន្លងមក ពួកគេមិនទាន់ស្គាល់ចាញ់ឡើយ ដោយកាលពីសប្តាហ៍មុន ពួកគេបានយកឈ្នះ អគ្គិសនីកម្ពុជា ៤-០ ។ រីឯអង្គរថាយហ្គឺរ ស្ថិតនៅលេខ៩ដោយមាន១១ពិន្ទុ ពួកគេបានចាញ់៣ប្រកួតជាប់គ្នា ដោយលើកចុងក្រោយចាញ់ក្រសួងការពារជាតិ ២-០ ។ កាលពីជើងទីមួយ វិសាខាបានយកឈ្នះ ២-០ ។
ភ្នំពេញក្រោន ជួប ក្រសួងការពារជាតិ ម៉ោង៦ល្ងាចនៅកីឡដ្ឋាន RSN
ភ្នំពេញក្រោនស្ថិតនៅលេខ៥ ដោយមាន៣ពិន្ទុតាមពីក្រោយក្រសួងការពារជាតិ។ ក្រោយចាញ់ និងស្មើ ភ្នំពេញក្រោន បានទទួលជ័យជម្នះពីរលើកជាប់ៗគ្នា ដោយសប្តាហ៍មុនបានឈ្នះសូលទីឡូអង្គរ ២-១ ស្របពេលដែលក្រសួងការពារជាតិឈ្នះ អង្គរថាយហ្គឺរ ២-០ នឹងជាជ័យជម្នះ ៤លើកជាប់ៗគ្នារបស់ពួកគេ។ នៅជើងទីមួយ ភ្នំពេញក្រោនទទួលបាន៣ពិន្ទុជាមួយនឹងជ័យជម្នះ ២-០ ។
លទ្ធផលកាលពីថ្ងៃសៅរ៍៖
បឹងកេតរក្សាកំណត់ត្រាមិនស្គាល់ចាញ់ដើម្បីបន្តឈរលើកំពូលតារាងជាមួយនឹងជ័យជម្នះ ៥-១ លើវេស្ទើនភ្នំពេញនៅពហុកីឡដ្ឋានជាតិ។ ណាហ្គាវើលនៅតែបន្តប្រដេញតាមពីក្រោយ៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះអគ្គិសនីកម្ពុជា ២-០ ។ ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង បានបង្ហាញសមត្ថភាពដ៏ល្អរបស់ខ្លួនឡើងវិញតាមរយៈជ័យជម្នះ ៤-០ លើក្រុមភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ៕
Tag:
មិត្តហ្វូនខេមបូឌានលីក
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com