ជាតិ
សេដ្ឋកិច្ច
​ក្រុមហ៊ុន​វៀតណាម ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​
08, Jul 2018 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​វិនិយោគ​ពហុ​សេវាកម្ម​មួយ​របស់​វៀតណាម បាន​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ ទេសចរណ៍ និង​ថាមពល​ក្នុងចំណោម​វិស័យ​នានា​នៅ​កម្ពុជា​។ ក្រុមហ៊ុន TTC Group បាន​គ្រប់គ្រង និង​ដំណើរការ​សណ្ឋាគារ TTC Hotel Premium-Angkor នៅ​ខេត្តសៀមរាប ដែលជា​សណ្ឋាគារ​តែមួយគត់​របស់​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​។


​កាលពី​ខែឧសភា​ក្រុមហ៊ុន FLC Group បានប្រកាស​អំពី​គម្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​នៅក្នុង​រយៈពេល​ពីរ​-​បី​ឆ្នាំ​ខាងមុខ​។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​ក្រៅពី ផ្តោតលើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​អាកាសចរណ៍ ប្រាក់​វិនិយោគ​មួយចំនួនទៀត​នឹងត្រូវ​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​។​
 
​ក្រុមហ៊ុន FLC Group គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​មួយ​នៅ​វៀតណាម​ដែល​សាងសង់​លើ​គម្រោង​រមណីយដ្ឋាន​ចម្រុះ​លំដាប់​ខ្ពស់​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ថា​នឹង​មក​វិនិយោគ​គម្រោង​រមណីយដ្ឋាន​ចម្រុះ​ទំនើប​ដូចគ្នា​នៅ​កម្ពុជា​។  ក្រុមហ៊ុន FLC Group ក៏មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​ផ្សព្វផ្សាយ សំណង់​ស៊ីវិល ពាណិជ្ជកម្ម និង​ធុរកិច្ច​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
​ក្រុមហ៊ុន Toong ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការិយាល័យ​រួម​ល្បីល្បាញ​មួយ​របស់​វៀតណាម​បានប្រកាស​ពី​ផែនការ​ពង្រីក​អាជីវកម្ម​មក​កម្ពុ​ជាមុន​គេ​បង្អស់​។ គម្រោង​ពង្រីក​អាជីវកម្ម​មក កម្ពុជា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ អ្នកផ្គត់ផ្គង់​សេវាកម្ម​ក្នុងស្រុក​មួយចំនួន​។​
 
​ខណៈដែល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គ្របដណ្ដប់ ដោយ​ក្រុមហ៊ុន​ចិន ជប៉ុន កូរ៉េ ថៃ និង​សិង្ហ​បុរី ប្រទេស​វៀតណាម​កំពុង​ឈាន​ជើង​សន្សឹមៗ​ចូលមក​កាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។​
 
​ប្រទេស​វៀតណាម ជា​វិនិយោគិន​បរទេស​ធំជាងគេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១៥​វៀតណាម គឺជា​វិនិយោគិន​ធំ​លំដាប់​លេខ​៤​នៅ​កម្ពុជា​ដែល​ទុនវិនិយោគ​សរុប​ចំនួន​៤,៦៤ ពាន់​លាន​ដុល្លារ​។ ឆ្នាំ​២០១៧ វៀតណាម​បាន​វិនិយោគ​សរុប​១៩០​គម្រោង​នៅ​កម្ពុជា ក្នុង​ទុនវិនិយោគ​ចំនួន​២,៩៤​ពាន់​លាន​ដុល្លារ​។ ឆ្នាំ​២០២០ ការវិនិយោគ​របស់​វៀ​ត​ណា​ម​ត្រូវបាន​អ្នកជំនាញ​ព្យាករណ៍​ថា​នឹង​អាច​កើនឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​។​
 
​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍  ទេសចរណ៍ អាកាសចរ វិស័យ​កាត់ដេរ ផលិតកម្ម​ជ័រកៅស៊ូ ទឹកដោះគោ អង្ករ គ្រាប់ស្វាយចន្ទី និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​។ វិនិយោគិន​ធំៗ​របស់​វៀតណាម​នៅ​កម្ពុ​ជាមាន  ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel (​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​) ក្រុមហ៊ុន​ផលិត​ទឹកដោះ​វី​ណា​មី​ល ក្រុមហ៊ុន​កៅស៊ូ Hoang Anh Gia Lai ដែល​ទទួលបាន​សម្បទា​ន​ដី​សេដ្ឋកិច្ច នៅតាម​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​៕
 
​ដកស្រង​ពី​(https://www.realestate.com.kh/)

Tag:
 វៀតណាម​
  ​អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com