ដំណើរចរចាឈានទៅរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងទំនងជាមិនដើរទៅមុខដោយរលូនដូចគ្រប់គ្នារំពឹង ក្រោយជំនួបប្រវត្តិសាស្ត្រត្រាំ-គីមនៅសិង្ហបុរីខែមុនឡើយ។ ចុងសប្តាហ៍នេះ កូរ៉េខាងជើងស្រាប់តែចេញមុខទិតៀនអាមេរិកឥតសំចៃមាត់ទៀត និងបង្ហាញការសោកស្តាយដែលអាមេរិកនៅរក្សាចរិតបងធំក្នុងការចរចាជាមួយខ្លួន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់អ្នកកាសែតក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើងនាថ្ងៃសៅរ៍ទី ៧ ខែកក្កដានេះថា កិច្ចពិភាក្សារវាងលោកជាតំណាងរដ្ឋបាលអាមេរិក និងកូរ៉េខាងជើងទៅមុខយ៉ាងលូន និងមានផ្លែផ្កាច្រើន។ ប៉ុន្តែគ្រប់យ៉ាងហាក់មិនដូចការអះអាងរបស់ប្រមុខការទូតអាមេរិកនេះឡើយ។
ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយលោក ប៉ុម ប៉េអូ អួតអាងពីផ្លែផ្កានៃកិច្ចពិភាក្សារឿងរំសាយនុយក្លេអ៊ែរនោះ ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗដែរដោយបង្ហាញការសោកស្តាយ និងរិះគន់ឥរិយាបថរបស់អាមេរិកក្នុងការចរចា។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងជើងបានចាត់ទុកថា អាមេរិកកំពុងដើរផ្ទុយស្មារតីនៃជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុននៅក្នុងទឹកសិង្ហបុរីកាលពីថ្ងៃ ១២ ខែមិថុនា។ ផ្ទុយនោះត្រង់ថា អាមេរិកបង្កើនសម្ពាធឯកតោភាគីលើកូរ៉េខាងជើងដោយបង្ខំឲ្យប្រទេសនេះបោះបង់អាវុធនុយក្លេអ៊ែរខ្លួន។
«យើងខំតែរំពឹងថាភាគីអាមេរិកមកចរចាដោយមានគំនិតយោបល់និងចំណាត់ការល្អប្រសើរដែលអាចជំរុញការកសាងទំនុកចិត្តស្របតាមស្មារតីនៃជំនួបប្រវត្តិសាស្ត្រអាមេរិក និងកូរ៉េខាងជើង។ ប៉ុន្តែឥរិយាបថរបស់អាមេរិកក្នុងជំនួបជាន់ខ្ពស់លើដំបូងដែលរៀបចំកាលពីថ្ងៃ ៦ ដល់ថ្ងៃ ៧ ខែកក្កដាគឺជារឿងគួរឲ្យសោកស្តាយ»។ កូរ៉េខាងជើងនិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
កូរ៉េខាងជើងបន្ថែមដូច្នេះ៖«អាមេរិកខុសធ្ងន់ បើសិនជាគេយល់ថា កូរ៉េខាងជើង ព្រមទទួលយករាល់ការទាមទារទាំងបង្ខំរបស់គេដែលមានលក្ខណៈច្រឡោងខាមដូចបងធំនោះ»។
ក្រៅពីរិះគន់ឥរិយាបថរបស់អាមេរិក ក្រុងព្យុងយ៉ាងក៏បង្ហាញក្តីបារម្ភផងដែរចំពោះលទ្ធផលនៃជំនួប និងអនាគតនៃការពិភាក្សាដែលនឹងអាចត្រួសត្រាយផ្លូវឲ្យមានការរំសាយនុយក្លេអ៊ែរនោះ។
ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងនេះ សារព័ត៌មាន CNN ផ្សាយថា អ្នកនាំពាក្យសេតវិមានបានបដិសេធផ្តល់ការអត្ថាធិប្បាយ ឬផ្តល់យោបល់បន្ថែម ខណៈដែលក្រសួងការបរទេសក៏មិនឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានដែរ។
សូមរម្លឹកបន្តិចថា លោក ប៉ុមប៉េអូ បានធ្វើដំណើរទៅកាន់កូរ៉េខាងជើងដើម្បីពិភាក្សាលម្អិតជាមួយភាគីកូរ៉េខាងជើង និងកំណត់វិធានការច្បាស់លាស់ពាក់ព័ន្ធនឹងការរំសាយនុយក្លេអ៊ែរអនុលោមតាមសេចក្តីថ្លែងការណ៍រួមសិង្ហបុរី។
លោកបានធានាថា ក្នុងកិច្ចពិភាក្សានោះដែរ កូរ៉េខាងជើងជាពិសេសលោក គីម ជុងអ៊ុននៅតែប្តេជ្ញា សម្រេចឲ្យបាននូវការរំសាយនុយក្លេអ៊ែរ ហើយរបបដឹកនាំនេះក៏ទទួលស្គាល់ថាខ្លួនបានបំផ្លាញទីតាំងសាកល្បងនុយក្លេអ៊ែរ និង បានកំណត់ផ្លូវសម្រាប់ការចរចាបន្ថែមក្នុងកម្រិតការងារដែលមានភាគីទាំងសងខាងចូលរួមដែរ។ យ៉ាងណាមិញ ទស្សនកិច្ចលើកនេះ លោក ប៉ុមប៉េអូ មិនជួបជាមួយលោក គីម ជុងអ៊ុនឡើយ ប៉ុន្តែលោកជួបជាមួយអនុប្រធានគណៈកម្មការមជ្ឈិមបក្សពលករកូរ៉េលោក Kim Yong Chol ៕