ជាតិ
កម្ពុជា កំពុង​រៀប​ឯកសារ​ស្នើ​បញ្ចូល​ប្រាសាទ​«​កោះ​កេរ​»​និង​«​បន្ទាយឆ្មារ​»​ក្នុង​បញ្ជី​បេតិកភណ្ឌ​
08, Jul 2018 , 2:15 pm        
រូបភាព
រូបភាព​ពីហ្វេ​​សប៊ុក​​លោក ចិន្ត ច័ន្ទរតនា
រូបភាព​ពីហ្វេ​​សប៊ុក​​លោក ចិន្ត ច័ន្ទរតនា
​ភ្នំពេញ​៖ កម្ពុជា កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មារ ដើម្បី​ស្នើ​បញ្ចូល​ប្រាសាទបុរាណ​ទាំង​២​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាពេលខាងមុខ​។ លោក ហេង សុ​ផា​ឌី អគ្គនាយករង​បេតិកភណ្ឌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​។​


​លោក ហេង សុ​ផា​ឌី បញ្ជាក់​ដូច្នេះ​៖«​ប្រាសាទ​ទាំងពីរ​នេះ​មានតម្លៃ​លេចធ្លោ ដែល​ស​ក្ត​សម​នឹង​ចុះបញ្ជី​ជា​បន្តទៀត​។ ការចុះបញ្ជី គឺ​យើង​ចុះ​ម្ដង​មួយ​។ ដំបូង គឺ​ប្រាសាទកោះកេរ្តិ៍ នៅ​ខេត្តព្រះវិហារ បន្ទាប់​ទៀត​ទើប​យើង​រៀបចំ​ចុះ​ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​»​។​
 
​តែ​យ៉ាងណាក៏ដោយ អគ្គនាយករង​បេតិកភណ្ឌ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ទេ​ថា តើ​ពេលវេលា​ណា ទើប​អាចដាក់​ស្នើ​ជា​ផ្លូវការ​នោះ ព្រោះ​ក្រុមការងារ​បេតិកភណ្ឌ ទើប​ចាប់ផ្តើម​រៀបចំ​ឯកសារ​នៅ​ប៉ុន្មាន​ខែ​មុន​ប៉ុណ្ណោះ​។ តាម លោក ហេង សុ​ផា​ឌី  ដំណើរការ​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​នីមួយៗ​មានការ​លំបាក​ជាច្រើន ហើយ​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​យូរ ត្រូវការ​ទាំង​ធនធានមនុស្ស និង​ថវិកា​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការចុះបញ្ជី​នេះ ក៏​តម្រូវ​ឲ្យ​កម្ពុជា រៀបចំ​លក្ខខណ្ឌ​ចំនួន​៦​ចំណុច ដែល​ទាក់ទង​នឹង​ផែនការ​គ្រប់គ្រង និង​ការថែរក្សា​តំបន់​ប្រាសាទ​ទាំង​២​ផងដែរ​។ 


 
​ក្រៅតែពី​ប្រាសាទបុរាណ​ទាំង​២ កម្ពុជា ក៏​គ្រោង​ចុះបញ្ជី​ក្រុម​ប្រាសាទ​អង្គរបុរី នៅ​ខេត្តតាកែវ និង​ប្រាសាទ​ព្រះ​ខ័​ន្ត នៅ​ខេត្តព្រះវិហារ ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​បន្ថែមទៀត​ដែរ ដែល​ការងារ​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​គ្នា​។ នេះ​បើតាម លោក ហេង សុ​ផា​ឌី​។​
 
​សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ ១៩៩២, ប្រាសាទព្រះវិហារ​ក្នុង​ឆ្នាំ​២០០៨ និង​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​ឆ្នាំ​២០១៧៕

Tag:
 កោះ​កេរ​
  ​បន្ទាយឆ្មារ​
  ​បេតិកភណ្ឌ​
  ​ព្រះវិហារ​
  ​បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com