ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោកសម រង្ស៊ី៖ លោកហ៊ុន សែន នឹងរំលាយបក្សដទៃទៀត ពេលបក្សនោះខ្លាំង
× លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅតែបង្អាប់គណបក្សទាំង១៩ ដែលចូលរួមក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សអំពិលអំពែក។ ក្នុងកែវភ្នែករបស់លោក សម រង្ស៊ី គ្មានគណបក្សណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិ អាចមានលទ្ធភាពក្លាយជាគណបក្សប្រឆាំង ដែលត្រូវទៅប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
លើសពីនេះ លោក ថែមទាំងនិយាយថា នាពេលអនាគត បើគណបក្សដទៃ បានរីកធំធាត់ ហើយក្លាយជាគណបក្សប្រឆាំងក៏ដោយ ក៏គង់តែមានវាសនាដូចគណបក្សសង្គ្រោះជាតិជាមិនខាន។ តាមរយៈសារលើទំព័រហ្វេសប៊ុក អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«ទោះបីជា១០ឆ្នាំទៀត គណបក្សណាមួយ ក្នុងចំណោមគណបក្សទាំង១៩ អាចក្លាយទៅជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ក៏ដោយ ក៏ពេលនោះលោក ហ៊ុន សែន ច្បាស់ជារំលាយគណបក្សនោះ មិនឲ្យឈ្នះទាន់ ដូចគាត់បានរំលាយគណបក្សសង្គ្រោះជាតិ នាថ្មីៗនេះ អ៊ីចឹងដែរ»។
ការវាយប្រហាររបស់លោក សម រង្ស៊ី ទៅលើគណបក្សទាំង១៩ ស្ថិតក្នុងកាលៈទេសៈដែលពួកគេ កំពុងនាំគ្នាឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន។ លោក បានហៅការសម្រេចចិត្តរបស់គណបក្សទាំងនោះ ដែលចូលរួមក្នុងការបោះឆ្នោត ថាគ្រាន់តែជាការបង្គ្រប់កិច្ចឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តកាន់អំណាចប៉ុណ្ណោះ។
អតីតប្រធានគណបក្សប្រឆាំង ដែលមិនបានចូលរួមប្រកួតក្នុងការបោះឆ្នោត បានលើកឡើងពីក្រៅប្រទេសមកបែបនេះថា៖«ការបោះឆ្នោត ជាឆាកល្ខោន ដើម្បីកម្ចាត់គណបក្សសង្គ្រោះជាតិ សម្លាប់លទ្ធិប្រជាធិបតេយ្យ និងប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ១០០ ភាគរយ ហើយមានលេស កាន់អំណាចតទៅទៀត»។
លោក លោក សម រង្ស៊ី បន្តថា គណបក្ស១៩ មិនគួរចូលរួមក្នុងការបោះឆ្នោតឡើយ។ សារចុងក្រោយរបស់លោក គឺនៅតែអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
កន្លងមក មានប្រធានគណបក្សមួយចំនួន ក្នុងចំណោមគណបក្សទាំង១៩ ធ្លាប់ចេញមកប្រតិកម្មនឹងលោក សម រង្ស៊ី។ ពួកគេ រិះគន់លោក សម រង្ស៊ី ដែលយល់ថា មានតែខ្លួនទើបអាចធ្វើជាអ្នកប្រឆាំងនៅកម្ពុជា។
ចំណែកសម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ក៏មិនពេញចិត្តនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែរ។ ប្រធានគណបក្សកាន់អំណាច ធ្លាប់និយាយថា គណបក្សដទៃ មិនអាចទទួលយកបាននោះទេ ចំពោះការវាយប្រហារបែបនេះ ពីសំណាក់លោក សម រង្ស៊ី៕
Tag:
បោះឆ្នោត
ឃោសនា
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com