រថយន្ត
អន្តរជាតិ
Mercedes-Benz លក់ដាច់​៨០៦១​គ្រឿង​នៅ​ឥណ្ឌា​នា​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​
09, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Mercedes-Benz របស់​អាល្លឺម៉ង់ បានបង្ហាញ​តួលេខ​ជោគជ័យ​របស់ខ្លួន​នៅលើ​ទីផ្សារ​ឥណ្ឌា បើ​គិតពី​ចន្លោះ​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ កាសែត India Times បាន​លើកឡើងថា ផលិតផល​ថ្មីៗ​គ្រប់​ម៉ូ​ដែល New Generation Cars រថយន្ត​ក្រុមគ្រួសារ​ប្រភេទ សេ​ឌែ​ន (Sedan), SUVs និង AMG ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​ទីផ្សារ​។



Mercedes-Benz ប្រចាំ​ឥណ្ឌា បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​លក់​រថយន្ត​ដាច់​អស់​៨០៦១​គ្រឿង​នា​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​។ ក្រុមហ៊ុន​បានបង្ហាញ​ពី​កំណើន ១២.៤​ភាគរយ នៃ​ការលក់​ចន្លោះ​ពី​ខែមករា ដល់​ខែមិថុនា ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន លក់បាន​ចំនួន​៧១៧១​គ្រឿង​។​

Mercedes-Benz បាន​អះអាង​ពី​ភាពជោគជ័យ​នៃ​ផលិតផល New Generations Cars របស់ខ្លួន តាមរយៈ​ការបង្ហាញ​ផលិតផល​ថ្មីៗ​នៅលើ​ទីផ្សារ​។ ម៉ូ​ដែល AMG ទាក់ទាញ​អតិថិជន​ដ៏​មាន​សក្តានុពល​ជាច្រើន ចាប់តាំងពី​ត្រីមាស​ដំបូង​។​

​លោក Roland Folger នាយក​គ្រប់គ្រង និង​ជា​អគ្គនាយក Mercedes-Benz India បាន​លើក​ថា​៖ «​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​គឺ​ភាពល្អ​ផ្តាច់​រក្សា​ការនាំ​មុខ [The Best Keeps Leading] ដូច្នេះ Mercedes-Benz បន្ត​ទាក់ទាញ​អតិថិជន​លើ​ទីផ្សារ​រថយន្ត​ទំនើប​ដដែល ដោយ​កំណើន​ការលក់​ឡើងដល់​១២.៤​ភាគរយ​នា​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ​»​។​

​លោក Roland រំពឹងថា ចំនួន​នៃ​ការលក់​នឹង​បន្ត​កើនឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ជាពិសេស​អតិថិជន​ដែល​និយម​ម៉ូ​ដែល​ថ្មីៗ ដូចជា New Generation Cars, sedans, SUVs និង AMG ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com