អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកគាំទ្រ​លោក ណា​ជីប ប្រមែរ​ប្រមូល​ទ្រព្យធន​បង់​វិភាគទាន​ធានា​ឲ្យ​លោក​បាន​នៅក្រៅ​ឃុំ​
09, Jul 2018 , 7:00 pm        
រូបភាព
ក្រុមអ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដុតដៃដុតជើង​ប្រមែរ​ប្រមូល​លុយកាក់​តាម​សទ្ធារ​របស់ខ្លួន​ដើម្បី​ចូល​មូលនិធិ​ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ជួយ​ធានា​លោក​ឲ្យ​នៅក្រៅ​ឃុំ​។ លោក ណា​ជីប ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​ក្នុង​មូលនិធិ​រដ្ឋ​នោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama មូលនិធិ​ដែល​គេ​បង្កើតឡើង​ដើម្បី​ជួយសង្គ្រោះ​លោក ណា​ជីប ឲ្យ​នៅក្រៅ​ឃុំ​នេះ​មាន​ឈ្មោះថា «​មូលនិធិ​រួបរួម​ណា​ជីប​»​។ ដើម្បី​អាច​ធានា​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​គេ​ត្រូវការ​បង់លុយ​ចំនួន មួយ​លាន​រីង​ហ្គី​ត ឬ ២៤៨០០០​ដុល្លារ​អាមេរិក​។​
 
​ការ​បង់លុយ​ដើម្បី​ធានា​នៅក្រៅ​ឃុំ​នេះ​ក៏ត្រូវ​ធ្វើឡើង​ចំនួន​ពីរ​ដំណាក់កាល​ដែរ​។ ដំណាក់កាល​ទីមួយ​គឺ​បង់លុយ​ពាក់កណ្តាល​ចំនួន​ប្រាំ​សែន​រីង​ហ្គី ហើយ​កូន​ទាំងពីរ​របស់លោក ណា​ជីប បាន​បង់​រួចរាល់​ហើយ​កាលពី​សប្តាហ៍​មុន​។​

អត្ថបទទាក់ទង
 
 
​ការបង់​លុយ​ធានា​ដំណាក់កាល​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ចន្ទ​ទី ៩​ខែកក្កដា​នេះ​តែម្តង​។ ដូច្នេះហើយ ក្រុម​អ្នកគាំទ្រ​លោក ណា​ជីប ត្រៀម​យក​ថវិកា​ដែល​មូលនិធិ​នេះ​ប្រមូលបាន​ទៅជូន​ក្រុមគ្រួសារ​លោក ណា​ជីប នៅ​ថ្ងៃ​ចន្ទ​នេះដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី​ដដែល​បាន​អះអាងថា វិភាគទាន​ដែល​ត្រូវបាន​បរិច្ចាគ​ដោយ​អ្នក​ស្រលាញ់​ពេញចិត្ត​លោក ណា​ជីប នោះ​មាន​ទំហំ​ប្រហែល ៣១០២៤៥ រីង​ហ្គី​ត​។ ប្រធាន​ក្រុមយុវជន​បក្ស UMNO លោក Mohd Razlan Rafii ដែលជា​អ្នកសម្របសម្រួល​ការ​ប្រមែរ​ប្រមូល​វិភាគទាន​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​អ្នកគាំទ្រ​នឹង​នាំ​ថវិកា​ទាំងនោះ​ទៅជូន​លោក ណា​ជីប ផ្ទាល់ដៃ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
 
​ដោយឡែក ខាង​ក្រុម​ចលនា​ស្ត្រី​បក្ស UMNO ក៏បាន​នាំ​វិភាគទាន​របស់ខ្លួន​មាន​ទំហំ ២៦១២៨៦ រីង​ហ្គី​ត និង​ខ្សែដៃ​ចំនួន​ពីរ​ខ្សែ​ទៅជូន​លោក ណា​ជីប រួចរាល់​ដែរ​កាលពី​ថ្ងៃអាទិត្យ​។ ប្រធាន​ចលនា​ស្ត្រី​លោកស្រី Noraini Ahmad បាន​អះអាងថា វិភាគទាន​ជា​សាច់ប្រាក់​និង​ខ្សែដៃ​គឺជា​សណ្តាន​ចិត្ត​របស់​សមាជិក​ចលនា​របស់លោក​ស្រី​ដែល​គោរព​ស្រលាញ់​លោក ណា​ជីប នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី​។ លោកស្រី បានបង្ហាញ​អារម្មណ៍​រីករាយ និង​កោតសរសើរ​ការលះបង់​របស់​បណ្តា​សមាជិក​ទាំងអស់​ដែល​ចង់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប​នោះ​។​
 
​សូមបញ្ជាក់ថា លោក ណា​ជីប ត្រូវបាន​គេ​ចាប់ខ្លួន និង​ចោទប្រកាន់​ដោយសារ​លោក​ពាក់ព័ន្ធ​រឿង​កិបកេង​លុយ​រដ្ឋ 1MDB​។ ចំណែក​ការចាប់ខ្លួន និង​ចោទប្រកាន់​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ផ្តោត​សំខាន់​លើ​រាល់​ចរន្ត​ហិរញ្ញវត្ថុ​ទាំងអស់​ដែល​ទាក់ទង​នឹង​មូលនិធិ 1MDB ដែល​បាត់​។ ក្រសួងយុត្តិធម៌​អាមេរិក​កន្លង​មករក​ឃើញថា លុយ​ដែល​ត្រូវគេ​លួច​ចេញពី​មូលនិធិ​រដ្ឋ​នេះ​មាន​យ៉ាងហោចណាស់ ៤,៥​ពាន់​លាន​ដុល្លារ​។ លុយ​ដែល​បាត់​នោះ​ត្រូវបាន​គេ​ផ្ទេរ​និង​ប្រើប្រាស់​ក្នុង​រូបភាព​ជាការ​លាង​លុយ​ផងដែរ​៕

Tag:
 (ណា​ជីប រ៉ា​ហ្សា​ក់​
  1MDB
  UMNO
© រក្សាសិទ្ធិដោយ thmeythmey.com