ពីនេះ ពីនោះ
«​អធម​» មានន័យថា ថោកទាប ចំណែក «​អធិក​» ប្រែ​មក​ថា ល្អ ក្រៃលែង
12, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​អធម​» មានន័យថា ថោកទាប ដែល​មិន​រុងរឿង​, ដែល​ទាប​ស្មើនឹង​លាមក​, សាបរ​លោប​។ ចំណែក «​អធិក​» មានន័យថា ល្អ ក្រៃលែង​, លើសលប់​,​ពេក​ក្រៃ​, ដែល​បង្គ្រប់​, ច្រើន​ពន់ប្រមាណ​។



​ពាក្យ​ដែលមាន «​អធម​» ហើយ​ប្រែ​មក​ថា ថោកទាប នោះ​មានដូចជា មនុស្ស​អធម (​មនុស្ស​ថោកទាប​), ទំនិញ​អធម (​ទំនិញ​ថោក​)​។​ល​។

​ចំពោះ​ពាក្យ​ដែលមាន «​អធិក​» នៅ​ជាមួយ មានដូចជា អធិកតរភាព (​ភាវៈ​ច្រើន​ក្រៃលែង​), អធិកមាស (​ខែលើក គឺ​ខែអាសាឍ​), អធិករណៈ (​ការ​អាង​ហេតុផល​), អធិការ​(​ការបំពេញ​កុ​សស​), អធិការដ្ឋាន (​ទីចាត់ការ​របស់​អធិការ​)​។​ល​។

​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​អធម​» សម្រាប់​ភ្ជាប់​ជាមួយនឹង​នាមសព្ទ «​អធិក​» មានន័យថា ទាំង​រុងរឿង​ផង និង​ទាំង​ថោកទាប​ផង​។ ពាក្យ «​អធិកអធម​» នេះ​ខ្មែរ​យើង​ប្រើពាក្យ​នេះ​ចំពោះតែ​ពិធីបុណ្យ​ណាមួយ​តែប៉ុណ្ណោះ ដូចជា ធ្វើបុណ្យ​សីមា​អធិកអធម ៧​យប់ ៧​ថ្ងៃ គឺ​ធ្វើបុណ្យ​សីមា ឲ្យ​មាន​របៀប​រៀបចំ​រុងរឿង​ហ៊ឹកហ៊ាក់​ផង ដែលមាន​អ្នករបាំរ​ម៉េះ​រ​ម៉ាះ និង​មាន​លក់​នំចំណី​ផ្សេងៗ​។ ប៉ុន្តែ​សម្រាប់​ពិធី បុណ្យសព គេ​មិនគួរ​និយាយថា ធ្វើ​បុណ្យសព អធិកអធម បានឡើយ​។ ពាក្យ អធិកអធម នេះ​ភាគច្រើន អាច​និយាយ​ទេ​នៅពេល​មាន​ពិធីបុណ្យ​ដែល​សប្បាយ​អស្ចារ្យ​តែប៉ុណ្ណោះ​។

​និយាយ​មែនទែនទៅ ពាក្យ «​អធម​» និង​«​អធិក​» មិនសូវមាន​មហាជន​ប្រើ ជា​ពាក្យ​ទោល​ប៉ុន្មាន​ទេ តែ​គេ​សង្កេតឃើញថា​ភាគច្រើន​ប្រើ​ផ្សំ​ពាក្យ​ដទៃ​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​នោះ​រឹតតែ​មានន័យ​បន្ថែម​មួយកម្រិត​ទៀត​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com