កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការ! Ronaldo ចុះកិច្ចសន្យា៤ឆ្នាំជាមួយសេះបង្កង់ Juventus
11, Jul 2018 , 1:27 am        
រូបភាព
Ronaldo ទៅចូលរួមជាមួយ Juventus របស់អ៊ីតាលី ក្រោយរួមរស់ជាមួយ Real Madrid ៩ឆ្នាំ។ រូបថត AFP
Ronaldo ទៅចូលរួមជាមួយ Juventus របស់អ៊ីតាលី ក្រោយរួមរស់ជាមួយ Real Madrid ៩ឆ្នាំ។ រូបថត AFP
Cristiano Ronaldo ខ្សែប្រយុទ្ធ Real Madrid ​បាន​​ចូលរួមជាមួយ Juventus ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​ផ្ទេរ ១០០​លាន​អឺរ៉ូ (១១៧លាន​ដុល្លារ​អាមេរិក​)​។​ បើតាម​ការបញ្ជាក់ក្លិប​សេះបង្កង់ កីឡាករព័រទុយហ្គាល់វ័យ៣៣ឆ្នាំ​រូបនេះ ចុះកិច្ចសន្យា៤ឆ្នាំ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។



សារព័ត៌មានអេស្ប៉ាញ បានផ្សាយឲ្យដឹងផងដែរថា ក្រៅពីតម្លៃ១១៧លានដុល្លារអាមេរិក ទឹកប្រាក់១៤លានដុល្លារអាមេរិកទៀត នឹងត្រូវបង់បន្ថែមសម្រាប់រយៈពេលជាង២ឆ្នាំ ហើយ Ronaldo អាចបាន​កម្រៃពលកម្មក្នុងរង្វង់៣៥លានដុល្លារអាមេរិកក្នុង១រដូវកាល។
 
Ronaldo បានឈ្នះ​ជើងឯក​ក្របខណ្ឌ Champions League ចំនួន​៤​លើក​ជាមួយ Real Madrid  ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​រូបគេ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​ប្រធាន​ក្លិប​លោក Florentino Perez​។
 
​ការផ្លាស់​មក​ចូល​រូ​ម​ជាមួយ​ក្រុម​រហស្ស​នាមសេះបង្កង់​ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី របស់អតីត​សមាជិក Manchester United ក្នុងតម្លៃ​១០០​លាន​ដុល្លារ នឹង​បំបែក​កំណត់ត្រា​របស់ Gonzalo Higuain ដែល Juventus ទិញ​ពី Napoli តម្លៃ​៩៩​លាន​ដុល្លារ​។​
 
​ម្ចាស់ពាន Ballon D'Or ៥សម័យ បានចាកចេញពីបិសាចក្រហមទៅចូលរួមជាមួយក្រុមស្តេចស ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក ៨០លានផោន (១០៦លានដុល្លារ) កាលពីឆ្នាំ២០០៩ និងរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់៕ 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com