ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
មុន​បោះឆ្នោត​នៅ​កម្ពុជា​៖ អាមេរិក ​អឺរ៉ុប ដាក់​សម្ពាធ​, ជប៉ុន ចង់​ឲ្យ​ចរចា​, ឯ​ចិន គាំទ្រ
11, Jul 2018 , 3:05 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទីពីរ កំពុងជាប់ឃុំ, លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទីមួយ កំពុងនិរទេស, សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច
ពីឆ្វេងទៅស្តាំ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទីពីរ កំពុងជាប់ឃុំ, លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទីមួយ កំពុងនិរទេស, សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច
​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​នេះ ត្រូវ​ជាប់ឃុំ បរទេស​ជាច្រើន បានបង្ហាញ​ឥរិយាបថ​ផ្សេងៗ​ពីគ្នា មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ដោយមាន​ទាំង​ការរិះគន់ និង​មាន​ទាំង​ការគាំទ្រ​។ ជាពិសេស ខណៈ​ការបោះឆ្នោត​កាន់តែ​ជិត​មកដល់ ពួកគេ​កាន់តែ​បញ្ចេញ​ទស្សនៈ​ចំពោះ​កម្ពុជា​។



​ដោយ​ទើស​ចិត្តនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា សហរដ្ឋអាមេរិក បានចេញ​មុខមុន​គេ​ក្នុងការ​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ លើសពីនេះ ប្រទេស​មហាអំណាច​មួយ​នេះ ក៏បាន​ដាក់​សម្ពាធ​ថែមទៀត ដូចជា រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា ជាដើម​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេ​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ទីមួយ ដែល​សហរដ្ឋអាមេរិក​សម្រេច​បង្កក​ទ្រព្យសម្បត្តិ បន្ទាប់ពី​ព្រមាន​រួច​។ សហរដ្ឋអាមេរិក បាន​លើក​ហេតុផល​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ថា ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺ​ដោយសារតែ​លោក ហ៊ីង ប៊ុន​ហៀ​ង ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។​

​សហភាព​អឺរ៉ុប ជិតស្និទ្ធ និង​ស៊ីចង្វាក់​ជាមួយនឹង​សហរដ្ឋ​មេ​រិ​ក​មែនទែន​។ បន្ទាប់ពី​សហរដ្ឋអាមេរិក គឺ​សហភាព​អឺរ៉ុប​ហ្នឹងឯង ដែល​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ តាមរយៈ​សេចក្តីថ្លែងការណ៍ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប ផ្តាច់ជំនួយ​នេះ គឺ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​។ ក្រៅពីនេះ សហភាព​អឺរ៉ុប ក៏​ព្រមានផ្អាក​ការអនុគ្រោះ​ពន្ធ ផងដែរ​។ ប៉ុន្តែ វិធានការ​នេះ មិនទាន់​កើតឡើង​នោះទេ​។

​ទាំង​សហរដ្ឋអាមេរិក ទាំង​សហភាព​អឺរ៉ុប សុទ្ធតែ​មិន​ឲ្យ​តម្លៃ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ប្រសិនបើ គណបក្សប្រឆាំង​ធំជាងគេ ពិតជា​មិនបាន​ចូលរួម​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ ចាត់ទុក​ការបោះឆ្នោត ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​។

​ចំណែក ជប៉ុន មិនសូវ​ធ្វើជា​អ្នកចេះដឹង​ពី​បញ្ហានយោបាយ ឬ​ផ្ទៃក្នុង​កម្ពុជា​ប៉ុន្មាន​ទេ នាពេល​កន្លងមក​។ ប៉ុន្តែ ពេលនេះ ជប៉ុន ដែលជា​ប្រទេសមួយ​រក្សា​ជំហរ​រឹងមាំ​ក្នុងការ​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា ស្រាប់តែ​ចេញមុខ​មក​ឈឺឆ្អាល ខណៈ​ការបោះឆ្នោត​ជិត​ឈាន​មកដល់​។

​លោកស្រី Mitsuko Shino តំណាង​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​អាន​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ថា រដ្ឋាភិបាល​ជប៉ុន បារម្ភ​យ៉ាងខ្លាំង ពី​ស្ថានការណ៍​នៅ​កម្ពុជា​។ តំណាង​ជប៉ុន​រូបនេះ ជំរុញ​ឲ្យ​គណបក្សកាន់អំណាច​នៅ​កម្ពុជា និង​អតីត​គណបក្សប្រឆាំង​ចរចា​ឲ្យ​បាន​មុនការ​បោះឆ្នោត​។

​តាមរយៈ​ការអាន​សុន្ទរកថា លោកស្រី​បានលើកឡើង​ថា មានតែ​ការពិភាក្សា​រវាង​ខ្មែរ​និង​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​បញ្ហា និង​កែប្រែ​ស្ថានការណ៍​បាន​។ លើសពីនេះ លោកស្រី​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គ្រប់ភាគី​ពាក់ព័ន្ធ ​ធានា​ឲ្យ​បាន​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ និង​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា នៅតែមាន​ចិន និង​ប្រទេស​ខ្លះទៀត​បន្ត​គាំទ្រ​។ ចិន​ប្រកាសថា រាល់​វិធានការ ឬ​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា គឺជា​រឿង​ផ្ទៃក្នុង​។ ដូច្នេះ​ចិន​មិន​លូកដៃ​ចូល​ឡើយ​។  

​ផ្ទុយ​មកវិញ ចិន​មានតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយ​មិន​បានដាក់​លក្ខខណ្ឌ ឬ​ទាមទារ​អ្វី ដូច​បណ្តា​ប្រទេស​ខាងលើ​នោះទេ​។ ម្យ៉ាងទៀត ចិន ក៏​គាំទ្រ​ការបោះឆ្នោត​របស់​កម្ពុជា​ដែរ​។

​ការបង្ហាញ​ជំហរ​បែប​វិជ្ជមាន​របស់​ចិន ចំពោះ​កម្ពុជា គឺធ្វើឡើង​តាមរយៈ លោក Hu Zhengyue  តំណាង​រដ្ឋាភិបាល​ចិន ដែល​បាន​ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨​។

​ក្រៅពី​ប្រទេស​ធំៗ​និង​សំខាន់​ខាងលើ នៅមាន​ប្រទេស​ផ្សេងទៀត រួមទាំង​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​បាន​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​កម្ពុជា​។ ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​តំណាង​ឲ្យ​ប្រទេស​៣៤ផ្សេងទៀត បានធ្វើ​សេចក្តីថ្លែងការណ៍​រួមមួយស្តីពីបញ្ហាកម្ពុជា យកទៅ​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើ​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​។ 

​បើតាម​សេចក្តីថ្លែងការណ៍ ប្រទេស​ទាំងនោះ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុ​ជា​ថា ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្លាក់ចុះ​យ៉ាងគំហុក ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ពួកគេ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​របស់លោក ធ្វើ​សកម្មភាព​ឡើងវិញ​។

​ទោះ​ជាមាន​បរទេស​ទិតៀន ច្រើនជាង​បរទេស ដែល​គាំទ្រ​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា មិន​បារម្ភ​ដែរ​។ រដ្ឋាភិបាល​កម្ពុជា តែង​លើកឡើង​ពី​ឯករាជ្យ និង​អធិបតេយ្យ ទៅកាន់​បណ្តា​ប្រទេស ដែល​ជ្រៀតជ្រែក មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា ប្រកាសថា មិន​ធ្វើតាម​ការបង្គាប់បញ្ជារ​បស់​បរទេស​ណា​ឡើយ​៕ 

អត្ថបទទាក់ទង



Tag:
 ​បោះឆ្នោត​
  កម្ពុជា​
  អាមេរិក​
  ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com