លោក ណា​ជីប ត្អូញត្អែរ​ពី​ជីវិត​លំបាក ក្រោយ​គណនី​ធនាគារ​ត្រូវ​រដ្ឋាភិបាល​បង្កក​ទុក​

អន្តរជាតិ
លោក ណា​ជីប ត្អូញត្អែរ​ពី​ជីវិត​លំបាក ក្រោយ​គណនី​ធនាគារ​ត្រូវ​រដ្ឋាភិបាល​បង្កក​ទុក​
12, Jul 2018 , 7:39 pm         2245
រូបភាព
លោក ណាជីប រ៉ាហ្សាក់ ពេលចូលបំភ្លឺនៅគណៈកម្មការប្រឆាំងអំពើពុកករលួយ (រូបភាព AFP)
លោក ណាជីប រ៉ាហ្សាក់ ពេលចូលបំភ្លឺនៅគណៈកម្មការប្រឆាំងអំពើពុកករលួយ (រូបភាព AFP)
​នៅ​ថ្ងៃទី​១១ ខែកក្កដា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​បង្ហោះ​សារ​ត្អូញត្អែរ​មួយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជុំវិញ​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បន្ទាប់ពី​គណនី​ធនាគារ​របស់លោក​ត្រូវបាន​រដ្ឋ​ផ្អឹប​ទុក​។ ការ​ផ្អឹប​ទុក​គណនី​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី​បំពាន​អំណាច និង​ប្រើប្រាស់​លុយ​រដ្ឋ​ខុស​គោលដៅ​។ សព្វថ្ងៃនេះ លោក ណា​ជីប កំពុង​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន​។​



​អតីត​មេដឹកនាំ​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​រង​បទចោទប្រកាន់​ធំៗ​បួន​រួមមាន​រំលោភសេចក្តីទុកចិត្ត និង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​។ អំឡុងពេល​ស៊ើបអង្កេត គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​បង្កក​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក និង​គណនី​របស់​កូនៗ ក៏ដូចជា​ចៅ​របស់លោក​ផង​។ លោក ណា​ជីប ដែល​រស់នៅ​ក្រៅ​ឃុំ​ក្រោយ​បង់ប្រាក់​ធានា​នោះ បានបង្ហាញ​ការមិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ម៉ាឡេស៊ី​។​

​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក ណា​ជីប បាន​សរសេរ​សារ​មិន​ពេញចិត្ត​នេះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន និង​ចាត់ទុក​សកម្មភាព​រប​ស់​អាជ្ញាធរ​លើ​រូបលោក ជាការ​បំពាន​សិទ្ធិ​បុគ្គល​ផង​។ ដោយសារតែ​ការ​ផ្អឹប​គណនី​ធនាគារ​នេះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​អះអាងថា លោក​កំពុង​ប្រឈមមុខ​បញ្ហាលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយក៏​ពិបាក​រកលុយ​បង់ថ្លៃ​ចំណាយ​ផ្សេងៗ​ផង​។

«​អាជ្ញាធរ​ត្រូវតែ​ដឹងថា ខ្ញុំ​ក៏​ជា​ប្រជាជន​សាមញ្ញ​ម្នាក់​ដែរ​។ ក្នុងនាម​ជា​មេ​គ្រួសារ ខ្ញុំ​ត្រូវ​បង់ថ្លៃ​ចំណាយ​សុខភាព និង​ការចំណាយ​ផ្សេង​ក្នុង​គ្រួសារ​។ ការ​បង្កក​គណនី​ធនាគារ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​រស់នៅ​»​។ នេះ​ជា​សារ​រ៉ាយរ៉ាប់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ណា​ជីប នៅ​ថ្ងៃទី​១១ ខែកក្កដា មុននឹង​បន្តថា លោក​ដឹង​រឿង​ផ្អឹប​គណនី​នេះ ក្រោយ​មូល​ប្ប​ទាន​បណ្ណ​ដែល​លោក​ចេញ​សម្រាប់​ទូទាត់​ថ្លៃ​ព្យាបាល​ជំងឺ​កូនស្រី​របស់លោក មិន​ដំណើរការ​។

​កាលពី​សប្ដាហ៍​មុន គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​បាន​បង្កក​គណនី​ធនាគារ​ច្រើនជាង​៤០០ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ករណី​ប្រើប្រាស់​ថវិកា​មូលនិធិ 1MDB ខុស​គោលដៅ​។ យ៉ាងណាមិញ គណនី​របស់​កូនស្រី​លោក បាន​ដំណើរការ​វិញ​ហើយ នៅ​ឡើ​យែគ​ណ​នី​ផ្ទាល់ខ្លួន​លោក​ប៉ុណ្ណោះ​។ លោក ណា​ជីប អះអាងថា គណនី​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​តែ​បើក​ប្រាក់ខែ និង​ប្រាក់​សោធន​និវត្តន៍​ក្នុងនាម​ជា​រាជការ​សាធារណៈ ដែល​គ្មានអ្វី​ប៉ះពាល់​ដល់​ការស៊ើបអង្កេត​អ្វី​ទេ​។​

​មកទល់ពេលនេះ ការស៊ើបអង្កេត​លើ​សំណុំរឿង​មូលនិធិ​រដ្ឋ 1MDB កំពុង​ធ្វើឡើង​យ៉ាង​សស្រាក់​ស្រាំ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​។ ដោយសារតែ​ករណីនេះ​ហើយ​ទើប​លោក ណា​ជីប ចាញ់ឆ្នោត​អស់តំណែង និង​បន្ទាប់​ត្រូវ​តុលាការ​ចោទប្រកាន់​ជាច្រើន​ករណី​នោះ​។ យ៉ាងណាមិញ លោក​បាន​ទាត់ចោល​រាល់​ការប្រកាន់​ទាំងអស់​។ សរុបទៅ បើសិនជា​មានការ​កាត់ទោស​មែន លោក​ជាប់ពន្ធនាគា​រយ៉ា​ង​ហោចណាស់ ២០​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង​៕


Tag:
 ​ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់​
© រក្សាសិទ្ធិដោយ thmeythmey.com