អន្តរជាតិ
ជាប្រធានអាស៊ាន សិង្ហបុរីចេញផែនការជួយទ្រទ្រង់រដ្ឋសមាជិកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
× រដ្ឋាភិបាលសិង្ហបុរីនឹងជួយគាំទ្រផ្នែកបច្ចេកទេសដល់បណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដែលបង្កការគំរាមកំហែងខ្លាំងដល់តំបន់អាស៊ីអាគ្នេយ៍។ ការគាំទ្រនេះផ្តោសំខាន់លើការផ្តល់ការកសាងសមត្ថភាពដល់រដ្ឋអាស៊ានទាក់ទិននឹងការបន្សាំ និងបន្ធូរបន្ថយផលប៉ះពាល់ដែលបង្កើតដោយការបាតុភូតធម្មជាតិសាកលនេះដែរ។
នាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ានផ្តោតលើសកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុថ្ងៃអង្គារទី ១០ខែកក្កដា រដ្ឋមន្ត្រីក្រសួងបរិសា្ថន និងធនធានទឹកសិង្ហបុរី Masagos Zulkifli បានលើកឡើងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០១៨នេះក្នុងការផ្តល់បំពាក់បំប៉នសមត្ថភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនេះចាប់ពីឆ្នាំនេះដែរ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia មន្ត្រីជាន់ខ្ពស់សិង្ហបុរីរូបនេះបន្ថែមថា គម្រោងសកម្មភាពសម្រាប់ជួយទ្រង់ទ្រង់ប្រទេសអាស៊ាននេះចាប់ផ្តើមដំណើរការរហូតដល់ឆ្នាំ ២០២០។ ប៉ុន្តែបើសិនជាចាំបាច់តាមស្ថានភាពជាក់ស្តែង វានឹងត្រូវបន្ថែមពេលវេលាអនុវត្តលើសពីឆ្នាំ ២០២០ ផងដែរ។
លោក Masagos Zulkifli និយាយដូច្នេះ៖«យើងសង្ឃឹមថា ផែនការសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុនេះនឹងមានប្រយោជន៍សម្រាប់ប្រទេសអាស៊ានខណៈដែលពួកគេកំពុងពង្រឹងសមត្ថភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ»។
គម្រោងដែលសិង្ហបុរីត្រៀមផ្តល់ជូនបណ្តាជាមិត្តនៅអាស៊ាននោះមានរួមបញ្ចូលទាំងការបណ្តុះបណ្តាលនានាដែលផ្តោតលើវិធីសាស្ត្រជួយកាត់បន្ថយ (mitigation) និងបន្សាំ (adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះក៏មានការសិក្សាផ្នែកវិទ្យាសាស្ត្រពាក់ព័ន្ធនឹងបាតុភូតប្រែបួលអាកាសធាតុ រួមជាមួយនឹងការគ្រប់គ្រងទឹកជំនន់ និង កាត់បន្ថយគ្រោះថ្នាក់ពីគ្រោះមហន្តរាយធម្មជាតិផងដែរ។
សូមទាញការចាប់អារម្មណ៍បន្តិចដែរ កិច្ចប្រជុំកម្រិតថ្នាក់រដ្ឋមន្ត្រីនៅសិង្ហបុរីនេះជាកិច្ចប្រជុំដំបូងបំផុតមួយរបស់អាស៊ានដែលផ្តោតលើការស្វែងរកមធ្យោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ។ វាក៏ធ្វើឡើងស្របជាមួយនឹងសន្និសីទបីផ្សេងទៀតថ្នាក់តំបន់ផ្តោតលើការធានានិរន្តរភាពនៃបរិស្ថានដែរ ដែលសន្និសីទទាំងនោះមានដូចជា សប្តាហ៍នៃទឹកអន្តរជាតិ, វេទិកាបរិស្ថានស្អាត និងទីក្រុងពិភពលោក។
តាមពិតទៅអាស៊ានជាតំបន់ដែលងាយរងគ្រោះខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុនេះ។ ប្រទេសក្នុងតំបន់បន្តប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនានាជាបន្តបន្ទាប់តាំងពីទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃរលកកម្តៅ និងផលប៉ះពាល់ច្រើនផ្សេងទៀតដែរ។ ដូច្នេះហើយការដោះស្រាយការប្រែប្រួលអាកាសធាតុជារឿងសំខាន់បំផុតសម្រាប់អនាគតមនុស្សជំនាន់ក្រោយក្នុងតំបន់ទាំងមូល។
ដោយឡែកតំណាងរដ្ឋាភិបាលសិង្ហបុរីលោក Masagos Zulkifli ក៏បានប្រកាសគាំទ្រការបង្កើតកញ្ចប់ថវិកាឆ្លើយគ្រោះមហន្តរាយធម្មជាតិប្រចាំអាស៊ីអាគ្នេយ៍ (SEADRIF) ដែលត្រូវបានភាគីពាក់ព័ន្ធឯកភាពគ្នាបង្កើតឡើងកាលពីខែឧសភា។ គំនិតផ្តួចផ្តើមនេះនឹងត្រូវចាប់ដំណើរការជាផ្លូវការនៅក្នុងឆ្នាម ២០១៩ខាងមុខ។
គម្រោងហិរញ្ញវត្ថុធានារ៉ាប់រងនេះនឹងកម្មវត្ថុផ្តល់កញ្ចប់ហិរញ្ញវត្ថុបន្ទាន់ឆ្លើយតបរាល់គ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ ហើយជំហានដំបូងប្រទេសដែលងាយរងគ្រោះជាងគេដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវនោះអាចប្រើប្រាស់កញ្ចប់ថវិកានេះបាន។ នៅឆ្នាំបន្ទាប់ ហិរញ្ញវត្ថុដោះស្រាយបញ្ហាគ្រោះមហន្តរាយនេះអាចនឹងត្រូវផ្តល់ឲ្យប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។
សូមបញ្ជាក់បុរីរដ្ឋសិង្ហបុរីត្រូវបានគេស្គាក់ថាជាប្រទេសដែលនាំមុខគេក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ រដ្ឋអាស៊ីអាគ្នេយ៍នេះបានដាក់ចេញគោលនយោបាយបង្កើនពន្ធខ្ពស់លើរោងចក្រឧស្សាហកម្មដែលបញ្ចេញឧស្ម័នការបូនិចខ្លាំងទៅបរិយាកាស ដាក់ចេញវិធានការឆ្លើយតបនឹងកំណើនកម្រិតនីវ៉ូទឹកសមុទ្រ និងបញ្ហាបរិស្ថានផ្សេងទៀតដែរ។ បច្ចុប្បន្នេះសិង្ហបុរីកំពុងបន្តជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងធ្វើយ៉ាងណាធានាការបន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះដូចគ្នា៕
Tag:
អាស៊ាន
សិង្ហបុរី
Masagos Zulkifli
ការប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com