ឃោសនាបោះឆ្នោត​៖ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​២ ពាក់ព័ន្ធ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​

ជាតិ
បោះឆ្នោត
ឃោសនាបោះឆ្នោត​៖ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​២ ពាក់ព័ន្ធ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
12, Jul 2018 , 8:59 pm         2643
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​៦​ថ្ងៃ​ហើយ ដែល​គណបក្សនយោបាយ កំពុងដំណើរការ​ឃោសនា​បោះឆ្នោត​យ៉ាង​សស្រាក់សស្រាំ​។ មិនទាន់មាន​បញ្ហា​អ្វី ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ ក្រៅពី​មាន​បណ្ដឹង​ចំនួន​២ ពាក់ព័ន្ធ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​



​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​និយាយថា ការឃោសនាបោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ មាន​ភាពល្អប្រសើរ​ច្រើន ដោយ​មិនមាន​បញ្ហា​ល្អក់កករ​ខ្លាំង​ឡើយ​។ នោះ​ក៏​ព្រោះតែ​អ្នកគាំទ្រ​នយោបាយ មាន​ភាពចាស់ទុំ​ជាង​មុន និង​មាន​ភាព​អធ្យាស្រ័យ​គ្នាច្រើន​។​

​ដ្បិត​ដំណើរការ​ល្អប្រសើរ​ក្តី ប៉ុន្តែ​បញ្ហា​បណ្ដឹង​នៅ​កើតមាន​។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប បានទទួល​ពាក្យបណ្ដឹង​ចំនួន​២ ដែល​ពាក់ព័ន្ធ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។

​ពាក្យបណ្ដឹង​ទាំងនោះ គឺ​ប្ដឹង​ដោយ​អាជ្ញាធរ ក្នុង​សង្កាត់​ចំនួន​២ នៅ​ខេត្ត​រតនគីរី ដោយ​ចោទ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ថា ឃោសនា​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្ដិសុខ​សាធារណៈ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា គ​.​ជ​.​ប ក៏បាន​ទទួល​បណ្ដឹង​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លើ​ករណី​ប្រជាពលរដ្ឋ​គាប់​ដុំថ្ម មកលើ​គណបក្ស​អំឡុងពេល​ឃោសនា នៅ​ខេត្តតាកែវ​ផងដែរ​។​

​លោក ហង្ស ពុទ្ធា នៅតែ​បន្ត​អំពាវនាវ​ឲ្យ​គ្រប់​គណបក្សនយោបាយ អនុវត្ត​តាមច្បាប់ និង​បម្រាម​របស់​គ​.​ជ​.​ប ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​រាល់​បញ្ហា​នានា ក្នុងអំឡុងពេល​ឃោសនា​នេះ​។​

​គួរ​បញ្ជាក់ថា ដំណើរការ​ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅ​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​២១ កក្កដា​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្ស​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​៕


Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next