ជាតិ
បោះឆ្នោត
ក្រុមប្រឆាំង​នៅ​បរទេស ធ្វើ​យុទ្ធនាការ​រឹតតែ​ខ្លាំង ដើម្បី​អូសទាញ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត
12, Jul 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាំង​មន្ត្រីជាន់ខ្ពស់ ទាំង​អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស បានបង្ហាញ​ឆន្ទៈ​កាន់តែ​ខ្លាំងក្លា ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី​៦​នេះ ខណៈ​ការបោះឆ្នោត នៅសល់តែ​១៨​ថ្ងៃ​ទៀត នឹង​ឈាន​មកដល់​។ ពួកគេ បាននាំគ្នា​បន្តធ្វើ «​យុទ្ធនាការ​ម្រាមដៃ​ស្អាត​» នៅលើ​បណ្តាញ​សង្គម​នានា ជាពិសេស​ហ្វេ​ស​ប៊ុ​ក ដើម្បី​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​សម្រេចចិត្ត​តាម​ពួកគេ ដោយ​បោះបង់​ការបោះឆ្នោត​។



​លោក សម រង្ស៊ី អតីត​ប្រធាន​សង្គ្រោះ​ជាតិ​ទី​១ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​ថ្ងៃ​២៩ កក្កដា សូម​រក្សា​ម្រាមដៃ​ឲ្យ​ស្អាត​»​។ ពាក្យ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ដែល​បង្កើតឡើង​ដោយ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ នៅតែ​ត្រូវបាន​អ្នកគាំទ្រ និង​សកម្មជន ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។

​លើសពីនេះ លោក សម រង្ស៊ី ប្រឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ចែកចាយ និង​ផ្សព្វផ្សាយ​តៗ​គ្នា​នូវ​ខិត្តប័ណ្ណ​របស់លោក​។ ខិ​ត្ត​បណ្ណ​នោះ បង្ហាញ​ពី​ជម្រើស​ពីរ​យ៉ាង ដល់​ប្រជាពលរដ្ឋ គឺ​ទី​១ ទៅ​បោះឆ្នោត និង​ទី​២ មិន​ទៅ​បោះឆ្នោត​។​

​ខ្លឹមសារ​ក្នុង​ខិត្តប័ណ្ណ​របស់លោក សម រង្ស៊ី បញ្ជាក់ថា អ្នក​ដែល​ជ្រើស​រើសយក​ជម្រើស​ទី​១ គឺ​បង្ហាញ​ពី​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់​ឲ្យ​គណបក្ស​នេះ ដឹកនាំ​ប្រទេស ឯ​អ្នក​ដែល​ជ្រើស​រើសយក​ជម្រើស​ទី​២ គឺ​បង្ហាញ​ពី​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​រូប​ជាច្រើន ដែល​រួមមាន​ទាំង​ថ្នាក់​ដឹក​កំពូល មន្ត្រីជាន់ខ្ពស់ និង​អ្នកគាំទ្រ​របស់​អតីត​គណបក្សប្រឆាំង ត្រូវបាន​ប្រមូល​យកទៅ​កាត់​បញ្ចូល​គ្នា​ជា​រូប​តែមួយ ហើយ​រូប​ទាំងនោះ សុទ្ធតែ​លើក​ម្រាមដៃ​ចង្អុល ដែល​បញ្ជាក់ថា ពួកគេ នឹង​រក្សា «​ម្រាមដៃ​ចង្អុល​ឲ្យ​ស្អាត ក្នុ​ថ្ងៃ​បោះឆ្នោត​»​។ ភាគច្រើន ជា​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ដែល​បង្ហោះ​និង​ចែកចាយ​រូប​លើក​ម្រាមដៃ ដោយ​អម​ជាមួយនឹង​សំណេរ​ថា «​ខ្ញុំ​គាំទ្រ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​»​។

​សូម្បីតែ​លោក​រូបលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​២ ក៏ត្រូវ​បាន​គេ​យកទៅ​កាត់​បញ្ចូល​ក្នុង​រូប​លើក​ម្រាមដៃ​ដែរ​។ យ៉ាងណាក៏ដោយ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បាន​រក្សា​ស្ងៀមស្ងាត់​ចំពោះ​ការបោះឆ្នោត ដោយ​លោក មិនដែល​ធ្លាប់​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឬក៏​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នោះទេ​។



​លោក សម រង្ស៊ី នៅតែ​ចោទ​រដ្ឋាភិបាល ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។ មិន​ត្រឹមតែ​វាយប្រហារ​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​របស់​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ​ទេ សូម្បីតែ​គណបក្ស​ទាំង​១៩ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ក៏ត្រូវ​បាន​លោក សម រង្ស៊ី បន្តុះបង្អាប់​ដែរ​។

​លោក បានដាក់​ឈ្មោះ​ច្រើនយ៉ាង ឲ្យ​គណបក្ស​ទាំងនោះ ដូចជា គណបក្ស​តូច គណបក្ស​អំពិលអំពែក និង​គណបក្ស​អាប ជាដើម​។ សម្រាប់​លោក គណបក្ស​ទាំង​១៩ មិនមែនជា​គូប្រកួត​របស់​គណបក្ស​កាន់អំណាច​ឡើយ​។  

​លោក ថែមទាំង​ហៅ​ការចូលរួម​ក្នុងការ​បោះឆ្នោត​របស់​គ​ណ​បក្ស​ទាំង​១៩ ថា​គ្រាន់តែ​ជាការ​ចូលរួម​បង្គ្រប់កិច្ច ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​កាន់អំណាច​ប៉ុ​ណ្តោះ​។ លោក​លើកឡើងថា មានតែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែលជា​គូប្រកួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​អតីត​ក្រុម​អ្នកប្រឆាំង ប្រឹង​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត តែ​គណបក្សកាន់អំណាច ប្រឹង​អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត​។ សម្តេច ហ៊ុន សែន បាន​ហៅ​ការអំពាវនាវ​របស់​អតីត​ក្រុម​អ្នកប្រឆាំង ថា​ជាការ​រំលោភសិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។

​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ចោទ​អតីត​ក្រុម​អ្នកប្រឆាំង ថា​បង្កើត​ឧបាយកល​ថ្មីៗ ដើម្បី​បំផ្លាញ​ការបោះឆ្នោត​។ លោក បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម បែបនេះ​ថា​៖«​ពួក​បណ្តាញ​ទាំង​ក្រៅ​ស្រុក ទាំង​ក្នុងស្រុក​នៅ​បន្តសកម្មភាព​យ៉ាង​មមាញឹក ក្នុង​ចេតនា​រារាំង និង​បំផ្លាញ​ការបោះឆ្នោត​»​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្ស​ទាំង​២០ កំពុង​នាំគ្នា​ឃោសនា​រក​សំឡេងឆ្នោត​រៀងៗ​ខ្លួន​។ ការឃោសនា នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃទី​២៨ ខែកក្កដា គឺជា «​ថ្ងៃ​ស​» ដែល​តម្រូវ​ឲ្យ​គ្រប់​គណបក្ស រក្សារ​ភាព​ស្ងៀមស្ងាត់​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨​លាន ៣​សែន​នាក់​៕ 



Tag:
 បោះឆ្នោត​
  ម្រាមដៃ​ស្អាត​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com