ជាតិ
បោះឆ្នោត
LDP ទាមទារឲ្យគ.ជ.ប. កំណត់យកសញ្ញាធិចតែមួយគត់ សម្រាប់គូសលើសន្លឹកឆ្នោត លោក ខឹម វាសនា ប្រធានបក្ស LDP នាជំនួបជាមួយសមាជិករបស់ខ្លួននៅខេត្តកំពង់ឆ្នាំង។ រូបថត ហ្វេសប៊ុក LDP
× លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានរូបជួងជាសញ្ញាសម្គាល់ នៅតែមិនសុខចិត្តនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលកំណត់យកសញ្ញាច្រើនយ៉ាង សម្រាប់ឲ្យប្រជាពលរដ្ឋ គូសលើសន្លឹកឆ្នោត។ ប្រធានគណបក្សនេះ ស្នើឲ្យប្រើសញ្ញាធិច (✓) តែមួយប៉ុណ្ណោះ សម្រាប់គូសនៅក្នុងប្រអប់បួនជ្រុងទ្រវែងតូចនៃសន្លឹកឆ្នោត ជូនគណបក្សណាមួយ ដែលអ្នកបោះឆ្នោតពេញចិត្ត។
សំណើរបស់ស់លោក ខឹម វាសនា ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២0១៨ បានទៅដល់លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. ហើយ។ ក្នុងសំណើនោះ លោក បានសុំឲ្យគ.ជ.ប. លុបចោលនូវចំណុច ដែលកំណត់ថា ប្រជាពលរដ្ឋអាចប្រើសញ្ញាច្រើនយ៉ាង ដើម្បីគូសលើសន្លឹកឆ្នោត។
លោក សង្កត់ធ្ងន់ថា ការកំណត់បែបនេះ ធ្វើឲ្យការបោះឆ្នោតលែងសម្ងាត់ ព្រោះគេ អាចសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតបាន។ តាមរយៈសំណើរបស់ខ្លួន ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រាប់ប្រធានគ.ជ.ប. យ៉ាងដូច្នេះថា៖«ជនខិលខូច អាចទិញ លក់សន្លឹកឆ្នោត ឬគំរាមកំហែងអ្នកបោះឆ្នោតបាន ដោយបង្គាប់បញ្ជា ឬលួងលោមអ្នកបោះឆ្នោតឲ្យគូសសញ្ញាបែបនេះ ឬគូសសញ្ញាបែបនោះ ដែលខ្លួនបានកំណត់»។
មុននឹងដាក់សំណើទាមទារជាផ្លូវការ លោក ខឹម វាសនា និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននិយាយពីរឿងនេះច្រើនលើកច្រើនសាមកហើយ។ លោក ខឹម វាសនា ក៏ធ្លាប់អះអាងតាមរយៈការផ្សាយផ្ទាល់ (Live) លើហ្វេសប៊ុកដែរ ថា លោក បានទៅជួបទូតនានា ដូចជាបារាំង និងជប៉ុន ជាដើម ដើម្បីសុំឲ្យជួយជំរុញគ.ជ.ប. ឲ្យកែប្រែពីរបៀបគូសសន្លឹកឆ្នោត។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ គ.ជ.ប. បានផ្សព្វផ្សាយឯកសារ ស្តីពីរបៀបគូសសន្លឹកឆ្នោត។ ក្នុងឯកសារនោះ ក្រៅពីសញ្ញាធិច គ.ជ.ប. បានបង្ហាញសញ្ញាជាច្រើនទៀត ដែលប្រជាពលរដ្ឋអាចគូសលើសន្លឹកឆ្នោត។ សញ្ញាទាំងនោះ មានដូចជា ×, +, -, /, v, U, 0, ~ ។ល។ ម្យ៉ាងទៀត គ.ជ.ប. ក៏បានបញ្ជាក់ដែរ ថាប្រជាពលរដ្ឋ អាចគូសសញ្ញាក្នុងប្រអប់បួនជ្រុងទ្រវែងតូចក៏បាន ឬក៏ក្នុងប្រអប់បួនជ្រុងទ្រវែងធំក៏បាន។
យ៉ាងណាក៏ដោយ កន្លងមក គ.ជ.ប. បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ គូសសញ្ញាធិច លើសន្លឹកឆ្នោត ជាជាងប្រើសញ្ញាផ្សេង៕
Tag:
បោះឆ្នោត
ខឹម វាសនា
សញ្ញាធិច
© រក្សាសិទ្ធិដោយ thmeythmey.com