ជាតិ
បោះឆ្នោត
លោក ឃឹម ប៊ុនសុង៖ អ្នកយកឡានរដ្ឋទៅហែបក្សជាមនុស្សមិនធម្មតា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលនៅព្រឹកថ្ងៃទី១២ ខែកក្កដា នៅក្នុងមណ្ឌលរដ្ឋបាលខេត្ត។ ក្នុងពិធីដែលមានរយៈពេលជាងកន្លះម៉ោង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានរម្លឹកពីការរីកចម្រើនជាច្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តួយ៉ាងមន្ត្រីរាជការពីការបើករបបជាអង្ករ ពោត សណ្ដែក មកជាមានប្រាក់បៀវត្សរ៍ត្រឹមត្រូវ ហើយថ្មីៗនេះរាជរដ្ឋាភិបាលទើបនឹងប្រកាសពីគោលការណ៍ថ្មីក្រោយបោះឆ្នោតហើយ ប្រាក់ខែរបស់មន្ត្រីរាជការនឹងបើកមួយខែ២ដង គឺ២សប្ដាហ៍បើកម្ដងដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់មន្ត្រីរាជការ ហើយបៀវត្សនេះនឹងបន្ដដំឡើងជាបន្តបន្ទាប់ផងដែរ។
ក្រៅពីនេះ លោកអភិបាលខេត្តក៏បានដាស់តឿនដល់មន្ត្រីរាជការនៃសាលាខេត្តសៀមរាប ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់រថយន្តក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោកអភិបាលខេត្ត ឱ្យមន្ដ្រីរាជការទាំងអស់ ប្រុងប្រៀបស្ដាប់រាល់អនុសាសន៍របស់មេដឹកនាំ ជៀសវាងកំហុសឆ្គងដោយប្រការណាមួយ។ លោកអភិបាលខេត្ត បានលើកយកឧទាហរណ៍ករណីថ្មីៗ ដែលមានអ្នកប្រើប្រាស់រថយន្តរដ្ឋ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ សម្រាប់លោកអភិបាលខេត្ត លោកកត់សម្គាល់ឃើញថា អ្នកដែលប្រើប្រាស់រថយន្តរដ្ឋ និងរថយន្តកម្លាំងនគរបាលជាប់នឹងស្លាកគណបក្សនយោបាយ (គណបក្សប្រជាជនកម្ពុជា) នាពេលថ្មីៗ មិនមែនពួកគេមិនដឹងឡើយ តែពួកគេប្រហែលមានចេតនាធ្វើដូច្នេះ ក៏ព្រោះពួកគេចង់សាងកំហុសដល់គណបក្ស ហើយពួកគេក៏មិនបានគាំទ្រការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែរ៕
សូមស្ដាប់ប្រសាសន៍របស់លោក ឃឹម ប៊ុនសុង ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com