អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ចាត់ទុកមហាអំណាចអាស៊ីខាងត្បូងឥណ្ឌាជា «ចិនទីពីរ»
× ប្រមុខរដ្ឋកូរ៉េខាងត្បូងទើបបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅប្រទេសឥណ្ឌាដែលទស្សនកិច្ចនេះធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ មេដឹកនាំកូរ៉េខាងត្បូងនេះចាត់ទុកមហាអំណាចអាស៊ីខាងត្បូងឥណ្ឌាជាទីផ្សារធំប្រៀបដូចជា«ចិនទីពីរ»ដែរ។
លោក មូន ចេអ៊ីន ចាប់ផ្តើមទស្សនកិច្ចផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យទី ៩ ខែកក្កដា ហើយបានបញ្ចប់ទស្សនកិច្ចនេះនៅថ្ងៃអង្គារ និងបន្តដំណើរមកកាន់សិង្ហបុរីទៀត។ ពេលស្ថិតនៅឥណ្ឌា លោក មូន បានឯកភាពជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែរ។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ក្នុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងទ្វេភាគីចំនួន ១១ ត្រូវបានភាគីទាំងចុះរួមគ្នាហើយចំណងពាណិជ្ជកម្មជាចំណុចស្នូលព្រោះមេដឹកនាំប្រទេសទាំងប្តេជ្ញាថា ពាណិជ្ជកម្មទ្វេភាគីត្រូវកើនដល់ ៥០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។
អ្វីដែលគួរឲ្យកត់សម្គាល់ នាសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ូឌី លោក មូន ហៅមហាយក្សឥណ្ឌាដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់ថាជាប្រទេសចិនទីពីរសម្រាប់កូរ៉េខាងត្បូង។ ជាចិនទីពីរ លោក មូន សំដៅលើទីផ្សារធំដែលឥណ្ឌាមាននាពេលបច្ចុប្បន្ន ហើយវាជាឱកាសពិសេសសម្រាប់កូរ៉េខាងត្បូងដូចគ្នា។
ចំណែកលោក ម៉ូឌី វិញក៏បានឆ្លៀតឱកាសកោតសរសើរលោក មូន បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ចុងផ្តើមបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េកន្លងមកដូចជាការចាប់ផ្តើមជំនួបអន្តរកូរ៉េលើកទីបីដែលត្រួសត្រាយផ្លូវឲ្យមានការចរចាជាមួយកូរ៉េខាងជើងជាបន្តបន្ទាប់នោះ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីនេះដែរ លោក ម៉ូឌី និងលោក មូន បានសន្យាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមានការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយមិនត្រឹមតែប៉ុណ្ណោះលោកទាំងពីរក៏នឹងជំរុញការចាប់ដៃគ្នាដោះស្រាយបញ្ហាពិភពលោកជាពិសេសភេរវកម្ម និងជម្លោះដែនសមុទ្រជាដើម។
អ្វីដែលសំខាន់ លោកទាំងពីរបានបង្ហាញឆន្ទៈពេញលេញក្នុងការសហការគ្នាទប់ស្កាត់ការរីកសាយភាពនៃអាវុធប្រល័យលោកដោយផ្តោតសំខាន់លើការទប់ស្កាត់លទ្ធភាពនៃការផ្ទេរអាវុធទាំងនោះដល់ភេរវជន និងបណ្តាតួអង្គទាំងអស់ដែលមិនមែនជារដ្ឋនោះ។
តាមពិតទៅ ឥណ្ឌា និងកូរ៉េខាងត្បូងបង្កើតចំណងការទូតជាមួយគ្នានៅឆ្នាំ ១៩៧៣ ហើយឆ្នាំ ២០១៥ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកម្រិតពិសេសជាមួយគ្នាថែមទៀត។ ទំនាក់ទំនងនេះកាន់តែរីកធំធាត់ឡើងជាពិសេសក្នុងអាណត្តិលោក មូននេះតែម្តង ស្របពេលដែលចំណងមិត្តភាពរវាងកូរ៉េខាងត្បូង ជាមួយចិនដែលជាមិត្តជិតខាងល្អក់កករ។ ល្អក់កករនោះដោយសារតែការដំឡើងខែលកាពារមីស៊ីល THAAD របស់អាមេរិកលើទឹកដីកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើងនោះ។
គេមើលឃើញថា កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក មូន ចេអ៊ីន បានចាត់ទុកការចែចូវបណ្តារដ្ឋអាស៊ី ជាពិសេសឥណ្ឌា និងរដ្ឋអាស៊ានជាដៃគូសំខាន់ និងអាទិភាពសម្រាប់ខ្លួន។ ដើម្បីសម្រេចគោលដៅនេះ លោក មូនបានដាក់ចេញ«គោលនយោបាយភាគខាងត្បូងថ្មី» ដែលវាជាផ្នែកមួយនយោបាយការបរទេសរបស់រដ្ឋបាលលោកផងដែរ។ គោលនយោបាយនេះហាក់កំពុងតែចេញផ្លែផ្កាច្រើនដែរក្នុងពេលនេះ៕
Tag:
ឥណ្ឌា
កូរ៉េខាងត្បូង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com