ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ថា ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាចជា​វិធានការ​ចុងក្រោយ
13, Jul 2018 , 11:48 am        
រូបភាព
រូបពីហ្វេសប៊ុកគណៈកម្មការEU៖ លោកស្រី Cecilla Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប
រូបពីហ្វេសប៊ុកគណៈកម្មការEU៖ លោកស្រី Cecilla Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប
​ភ្នំពេញ​៖ កម្ពុជា នៅតែ​ជា​មុខសញ្ញា​របស់​សហភាព​អឺរ៉ុប ដែល​រង​ការព្រមាន​ដក​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(Everything But Arm)​។ នោះ​ក៏​ព្រោះតែ​កែវភ្នែក​សហភាព​អឺរ៉ុប មើលឃើញថា កម្ពុជា​កំពុង​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិក​របស់​ពួកគេ​។ សហភាព​អឺរ៉ុប ព្រមាន​ជាថ្មី​ថា ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺជា​វិធានការ​ចុងក្រោយ បើសិនជា​ស្ថានការណ៍​ចុងក្រោយ​កម្ពុជា ត្រូវបាន​វាយតម្លៃ​ឃើញ​អាក្រក់​ខ្លាំង​។​



​ប្រតិភូ​អឺរ៉ុប បាន​ចំណាយពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ដើម្បី​ជួបពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ក្នុងការ​ប្រមូល​ព័ត៌មាន​ជុំវិញ​ការវិវត្ត​ស្ថានការណ៍​ចុងក្រោយ​នៅ​កម្ពុជា​។ ប្រធានបទដែល​ប្រ​តិភូ​អឺរ៉ុប លើកយក​ពិភាក្សា​ជាមួយ​ភាគី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនួញ​នៅ​កម្ពុជា​នោះ គឺ​ផ្ដោត​សំខាន់​លើ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ធ្លាក់ចុះ​នយោបាយ សិទ្ធិមនុស្ស ទំនាស់​ដីធ្លី ប្រព័ន្ធយុត្តិធម៌ ផលប្រយោជន៍​ក្នុង​ការងារ​របស់​កម្ម​ករ និង​ការគំរាមកំហែង​លើ​ក្រុមប្រឆាំង និង​សង្គម​ស៊ីវិល​ជាដើម​។

​វា​មិនទាន់មាន​ការវិភាគ ឬ​វាយតម្លៃ​ណាមួយ ចេញពី​មាត់​ប្រតិភូ​អឺរ៉ុប ជុំវិញ​ស្ថានការណ៍​កម្ពុជា​នៅឡើយ​ទេ ។ ប្រតិភូ​អឺរ៉ុប នឹង​យក​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ​ទាំងនោះ ទៅពិនិត្យ​មើល​ឲ្យ​ដិតដល់​សិន​ថា តើ​កម្ពុជា​កំពុង​បំពេញ​ការប្ដេជ្ញាចិត្ត​រប​ស់​ខ្លួន បាន​ត្រឹមត្រូវ​ដែរឬទេ​?

​ដ្បិត​ស្ថានការណ៍​វិ​វត្ត​ចុងក្រោយ​របស់​កម្ពុជា ស្ថិតនៅក្នុង​ការវាយតម្លៃ​ក្តី ប៉ុន្តែ​ប្រតិភូ​អឺរ៉ុប ក៏បាន​ព្រលយ​សម្ដី​ព្រមាន​កម្ពុជា​ថា ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺជា​វិធានការ​ចុងក្រោយ បើសិនជា​ស្ថានការណ៍​កម្ពុជា មាន​ភាពអាក្រក់​ខ្លាំង​។​

​លោកស្រី Cecilla Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​អឺរ៉ុប បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១២ កក្កដា ក្រោយពី​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ដូច្នេះ​ថា​៖«​បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការពិត​នេះ ឥឡូវនេះ​យើង​នឹង​វិភាគ​អង្គហេតុ​ពិស្ដារ ដើម្បី​ពិចារណា​មើល​លើ​ជំហាន​បន្ទាប់​ទៀត​។ ការដក​កម្ពុជា​ចេញពី​គម្រោង​ពាណិជ្ជកម្ម គឺជា​វិធានការ​ចុងក្រោយ ដែល​អាច​កើតឡើង បើសិនជា​ការខិតខំ​ប្រឹង​ប្រែង​របស់​ពួកយើង​(​សហភាព​អឺរ៉ុប​) ត្រូវបាន​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ក្រុម​ប្រតិភូ​អឺរ៉ុប បានមក​ពិភាក្សា​ជាមួយ​មន្ត្រី​ចំនួន​៧​រូប នៅក្នុង​ជួរ​រដ្ឋាភិបាល ខាង​អង្គការ ILO តំណាង UN នៅ​កម្ពុជា តំណាង​ពាណិជ្ជកម្ម សង្គម​ស៊ីវិល និង​អ្នកជំនួញ កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ កក្កដា នាពេល​ថ្មី​នេះ​។ ដំណើរការ​ប្រមូល​ព័ត៌មាន​ពី​ស្ថានការណ៍​ចុងក្រោយ​នៅ​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​កម្ពុជា បាន​បញ្ជូន​បេសកជន​ពិសេស ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​

អត្ថបទទាក់ទង


​បេសកកម្មពិសេស​ដែល​ទទួល​ភារកិច្ច​បញ្ចុះបញ្ចូល​និង​ទប់ស្កាត់​វិធានការ​សហភាព​អឺរ៉ុប​នេះ គឺ​ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែល​ត្រូវ​ប្រើពេល​ដោះស្រាយ ចាប់​ពីថ្ងៃ​ទី​១៨​មិថុនា ដល់​ខែ​១ វិច្ឆិកា​ខាងមុខ ។​ខ្លឹមសារ​ដែល​កម្ពុជា គ្រោង​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប មាន​ចំនួន​១០​ចំណុច​ជាអាទិភាព សម្រាប់​ការបកស្រាយ និង​បន្ទន់ចិត្ត​សហភាព​អឺរ៉ុប ឲ្យ​ងាក​មក​ដោះស្រាយ​ជាមួយ​កម្ពុជា​ដោយ​ការយោគយល់​វិញ​។​

​គួរ​បញ្ជាក់ថា កម្ពុជា​នាំចេញ​ផលិតផល​សរុបទៅ​ទីផ្សារ EU ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ជាង​៥​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​គណកម្មកា​រ​ពាណិជ្ជកម្ម​អឺរ៉ុប ។ ចំណែក​ការនាំចេញ​នៅ​ឆ្នាំ​២០១៦​វិញ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បាន​បញ្ជាក់ថា បើ​គ្មាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ​អាមេរិក សម្រាប់​ទំនិញ​សរុប​ទាំងនោះ​។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕
 


Tag:
 EU
 ​ពាណិជ្ជកម្ម​
 ​អនុគ្រោះ​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com