ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានជាង២០០លានដុល្លារបន្ថែមពីធនាគារពិភពលោកលើគម្រោងអប់រំ និងផ្លូវថ្នល់ អ្នកស្រី Inguna Dobraja ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន (រូបភាពបានហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
× ធនាគារពិភពលោក (WB) បានផ្តល់ប្រាក់ជាង២០០លានដុល្លារអាមេរិកដល់កម្ពុជា លើគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២។ ពិធីចុះហត្ថលេខាផ្តល់ប្រាក់ ត្រូវបានរៀបចំឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ថវិកា ៩២,៥លានដុល្លារអាមេរិកក្នុងនោះ ថវិកា៩០លានដុល្លារជាឥណទានសម្បទានរបស់ធនាគារពិភពលោក និង២,៥លានដុល្លារទៀត ជាថវិកាបដិភាគសម្រាប់លើកកម្ពស់អប់រំ និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។
គម្រោងអប់រំឧត្តមសិក្សានេះ ផ្តោតទៅលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម គណិតវិទ្យា និងកសិកម្ម ដែលជាស្នូលនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ ព្រមទាំងគាំទ្រដោយផ្ទាល់ដល់ការជំរុញកែប្រែ និងទំនើបកម្មរចនាសម្ព័ន្ធឧស្សាកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
ដោយឡែកទឹកប្រាក់ ១១៣ដុល្លារអាមេរិក ក្នុងនោះមាន១១០ដុល្លារ ជាឥណទានសម្បទានពីធនាគារពិភពលោក និង៣លានដុល្លារ ជាថវិកាបដិភាគ គឺសម្រាប់ការស្តារ និងពង្រីកផ្លូវជាតិលេខ៤ ពីភ្នំពេញ ដល់ក្រុងព្រះសីហនុ ប្រវែង២០៦គីឡូម៉ែត្រ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារពិភពលោក បានផ្តល់ហិរញ្ញវត្ថុសរុបប្រមាណ ១៧៣៤,៤៣ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានប្រមាណ១១៤៨,៩៣ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៥៨៥,៥០ លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្ន នៅពិធីចុះហត្ថលេខាជាមួយអ្នកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា៕
Tag:
WB
អូន ព័ន្ឋមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com