ជាតិ
សេដ្ឋកិច្ច
រយៈពេល៥ឆ្នាំ កម្ពុជាបានចំណូលជាង ១.៥ ម៉ឺនលានដុល្លារ ពីវិស័យទេសចរណ៍
× ៥ឆ្នាំចុងក្រោយ ពោលពីឆ្នាំ២០១៣-២០១៧ កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍សរុប ១៥១៤៥ លានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
AKP បានស្រង់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ ដែលកម្ពុជាទទួលចំណូលបានពីវិស័យទេសចរណ៍ មានឆ្នាំ២០១៣ កម្ពុជាទទួលចំណូលបាន ២៥៤៧លានដុល្លារ, ឆ្នាំ២០១៤ ទទួលចំណូលបាន ២៧៣៦លានដុល្លារ, ឆ្នាំ២០១៥ ទទួលចំណូលបាន ៣០១២លានដុល្លារ, ឆ្នាំ២០១៦ ទទួលចំណូលបាន ៣២១២លានដុល្លារ និងឆ្នាំ២០១៧ ទទួលចំណូលបាន ៣៦៣៨លានដុល្លារ។
គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ ដែលចុះបញ្ជីជាផ្លូវការប្រមាណ ៣៩៤ កន្លែង រួមមានរមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ១១៤កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ-ធម្មជាតិ ២១កន្លែង រមណីយដ្ឋានកែច្នៃ៣៣កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌-ធម្មជាតិ ២៧កន្លែង និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ១៩៦កន្លែង។
តាមរយៈរមណីយដ្ឋានទេសចរណ៍ទាំងនេះ បានជំរុញឲ្យមានការរីកចម្រើនផ្នែកសណ្ឋាគារចំនួន៧៨១ ហើយផ្ទះសំណាក់ចំនួន២២០០។ ទីភ្នាក់ងារទេសចរណ៍មានជាង ៦០០កន្លែង ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ៣៨ក្រុមហ៊ុន និងមគ្គុទ្ទេសក៍ទេសចរជាង ៥២០០នាក់ ដែលជាមគ្គុទ្ទេសក៍ទេសចរភាសាចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ និងវៀតណាម។
ជារូមចំណូលដែលបានពីវិស័យទេសចរណ៍ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិតជាចំណែកសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលរាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ លើសពីនេះវិស័យទេសចរណ៍ ក៏ជាប្រភពចំណូលជាតិយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។
ដោយឡែក ៤ខែដំបូង ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ២លាននាក់ ដោយកើនឡើងជិត១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ តាមការព្យាករ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់នៅបំណាច់ឆ្នាំ២០១៨, ប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ដែលអាចនាំមកនូវចំណូលប្រមាណ ៥០០០លានដុល្លារ ថែមទាំងអាចបង្កើតការងារបានប្រមាណ១លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com