កីឡាជាតិ
ជាតិ
កីឡា​បាល់​ទឹក ក្លាយជា​ប្រភេទ​កីឡា​ថ្មី​មួយទៀត​សម្រាប់​ការប្រកួត​នៅ​ចុងឆ្នាំ​
13, Jul 2018 , 9:59 pm        
រូបភាព
ដោយ:
​កីឡាករ និង​អតីត​កីឡាករ​ហែល​ទឹក​មកពី​បណ្តា​ក្លិប​-​សមាគម​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត ចំនួន​២៤​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​គ្រូបង្វឹក​កីឡា​បាល់​ទឹក​កម្រិត​មូលដ្ឋាន​ពី​អ្នកជំនាញ​គុយបា​។ វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃនេះ ផ្តោត​សំខាន់​លើ​ច្បាប់​ប្រកួត និង​តួនាទី​គ្រូបង្វឹក​។ នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​រៀបចំ​ការប្រកួត​កីឡា​បាល់​ទឹកជា​លើកដំបូង​នៅ​កម្ពុជា​។



​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឺ​ក បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​កីឡា​បាល់​ទឹកជា​លើកដំបូង ដើម្បី​បណ្តុះបណ្តាល​ពី​ច្បាប់​ប្រកួត និង​តួនាទី​គ្រូបង្វឹក​ដល់​កីឡាករ និង​អតីត​កីឡាករ​ហែល​ទឹក​ចំនួន​២៤​នាក់​។ វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំ​ពីថ្ងៃ​ទី​១១-១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC ក្រោម​បទឧទ្ទេស​របស់​អ្នកជំនាញ​គុយបា Alexander អតីត​កីឡាករ​បាល់​ទឹក និង​ជា​អ្នកឯកទេស​កីឡា​បាល់​ទឹក​។   



​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ទោះបី​ប្រភេទ​វិញ្ញាសា​នេះ ត្រូវបាន​បណ្តា​ប្រទេស​លើ​ពិភពលោក​លេង​ជា​យូរ​មកហើយ​ក្តី តែ​វា​ជា​ប្រភេទ​វិញ្ញាសា​ថ្មី​សឡាង​សម្រាប់​កម្ពុជា​។ កីឡា​បាល់​ទឹក ជា​ប្រភេទ​កីឡា​អូឡាំពិក ដែល​គេ​លេង​ក្នុង​អាងទឹក​មាន​ជម្រៅ​ជាង​២​ម៉ែត្រ​ជាមួយ​សមាជិក​ម្ខាង​៤​នាក់​។ ប៉ុន្តែ​ក្រុម​នីមួយៗ​មាន​សមាជិក​ចំនួន​១៣​នាក់​។ 

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​និយាយថា ក្រោយ​វគ្គ​បណ្តុះបណ្តាល​នេះ សហព័ន្ធ​នឹង​រៀប​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​បន្ថែមទៀត​ជា​បន្តបន្ទាប់​។ លោក​រំពឹងថា សិក្ខា ដែល​បានការ​បណ្តុះបណ្តាល​ខាងលើ នឹង​យកចំណេះ​ជំនាញ​ទៅ​បង្ហាត់​សិស្ស​តាម​ក្លិប​-​សមាគម​ក្នុង​មូលដ្ឋាន ដើម្បី​ពង្រីក​វិសាលភាព​កីឡា​នេះ​ឲ្យ​កាន់តែ​ធំ​ថែមទៀត​។ លោក​បន្តថា សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​កីឡា​បាល់​ទឹក​លើកដំបូង​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ 



​សិក្ខាកាម​ទាំង​២៤​នាក់​ខាងលើ​មកពី​៧​ក្លិប​-​សមាគម​រួមមាន​ក្រសួងមហាផ្ទៃ​, វិទ្យាស្ថាន​ជាតិ អប់រំ​កាយ​និង​កីឡា​, មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​, ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន​, ជ្រោយចង្វារ​, ក្រសួងពត៌មាន និង​ខេត្តកំពង់ចាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com