ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន​៖ គ្រូ បានផ្ដល់​ចំណេះដឹង​ដល់​ខ្ញុំ ដូច្នេះ​ខ្ញុំ​សងគុណ​វិញ ដោយ​ការលើកស្ទួយ​វិស័យ​អប់រំ​
13, Jul 2018 , 5:45 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​កំពង់ចាម​៖ «​ខ្ញុំ​ចង់​សងគុណ​គ្រូបង្រៀន ដែល​បាន​បង្រៀន​ខ្ញុំ​ឱ្យ​ចេះដឹង ហើយ​អ្វីដែល​ត្រូវ​សងគុណ​មានតែ​ផ្ដល់​ធនធាន​ជា​ថវិកា​ឱ្យ​កាន់តែច្រើន​ដល់​វិស័យ​អប់រំ​ជាង​ពេលមុន និង​ពេលនេះ នឹង​ប្រែក្លាយ​វិស័យ​អប់រំ​ឱ្យទៅជា​វិស័យ​មួយ​ឈានមុខ ព្រមទាំង​មានការ​ទទួលស្គាល់​ពីស​ង្គ​ម​ជាតិ ឪពុកម្ដាយ សិស្ស រាជរដ្ឋាភិបាល និង​សិស្សានុសិស្ស​ទាំងអស់​»​។ នេះ​ជាការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការងារ និង​ជូន​បណ្ណ​សរសើរ​ដល់​បុគ្គលិក​អប់រំ ខេត្តកំពង់ចាម​។



​សំឡេង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន​៖




​ក្នុង​ពិធី​ខាងលើ ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅ​ខេត្តកំពង់ចាម លោក ហង់ ជួន ណា​រ៉ុ​ន ថ្លែងបន្តថា បើ​និយាយ​អំពី​វិស័យ​អប់រំ​យើង​ធ្វើបាន​ជោគជ័យ​ជាមួយគ្នា​ហើយ ហើយក៏​មិនមែនជា​ជោគជ័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​តែម្នាក់ឯង​ដែរ គឺជា​ជោគជ័យ​របស់​មនុស្ស​ទាំង​អស់​គ្នា ក្នុងសង្គម​ទាំងមូល​។ លោក រដ្ឋមន្ត្រី​បន្ថែមថា ដូច្នេះ ការអប់រំ​ខ្លាំង អ្នកសិក្សា​នឹងមាន​អនាគត​ល្អ ហើយ​ប្រទេសជាតិ​ទៅ​អនាគត​នឹង​រីកចម្រើន​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បង្ហើប​ពី​គម្រោង​ធំៗ​ចំនួន​៧ រយៈពេល ៥​ឆ្នាំ​ទៅមុខទៀត ដោយ​ផ្ដោត​សំខាន់​ទៅលើ​គ្រូ និង​សាលារៀន​។ ដើម្បីឱ្យ​គុណភាព​ការអប់រំ​ខ្លាំង ត្រូវ​ពង្រឹង​ដល់​សាលា ក្នុងនោះដែរ​ត្រូវមាន​ធនធាន​សម្ភារ​គ្រប់គ្រាន់ និង​បរិស្ថាន​ល្អ​។ នេះ​ជាការ​បន្ថែម​របស់លោក ហង់ ជួន ណា​រ៉ុ​ន ហើយ​បាន​លើកឡើងថា ដោយ​កន្លងមក​ក្រសួង​បានរៀបចំ​ឱ្យមាន​ការប្រឡងប្រណាំង គ្រូ​ល្អ នាយក​សាលា​ល្អ និង​សាលា​ស្អាត​។
 
​លោក ហង់ ជួន ណា​រ៉ុ​ន លើកឡើង​បន្ថែមថា បច្ចុប្បន្ន​គ្រូបង្រៀន​ត្រូវបាន​សង្គម​ទាំងមូល​ទទួលស្គាល់ ហើយ​លោក ជឿជាក់ថា ទៅ​ថ្ងៃ​អនាគត កិត្តិយស​គ្រូបង្រៀន នឹង​លេច​ត្រដែត​ឡើង​ស្កឹមស្កៃ ហើយ​វិស័យ​អប់រំ​កាន់តែ​វិ​វ​ឌ្ឍ​ទៅមុខ​ឥតឈប់ឈរ​។​

​នៅក្នុង​ពិធី​ដដែល រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​គ្រប់រូប ឲ្យ​ខិតខំ​បំពេញការងារ​ឱ្យអស់​លទ្ធភាព និង​តម្រង់ទិស​វិស័យ​អប់រំ​នៅ​កម្ពុជា ដើម្បី​បង្កើត​ធនធានមនុស្ស​ដ៏​មានចំណេះដឹង និង​ជំនាញ​សមត្ថភាព​ពិតប្រាកដ ដើម្បី​យក​ឧត្ដមភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​

​គូសបញ្ជាក់ថា បុគ្គលិក​អប់រំ ដែល​ទទួលបាន​មេដាយមាស​មាន​ចំនួន ១៥២៩​នាក់ ក្នុង​ដោយ​ក្នុងនោះ ស្ត្រី មាន ៦០៦​នាក់ និង​អង្គភាព​ដែល​ទទួលបាន​ទង់ និង​ប័ណ្ណសរសើរ​មាន​ចំនួន ៣៧​អង្គភាព​៕



Tag:
 ​គ្រូបង្រៀន​-​មានគុណ​
  ​ចំណេះដឹង​
  វិស័យ​អប់រំ​
 ​ហង់ ជួន ណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com