នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃក្រសួងការពារជាតិ បានចេញសេចក្ដីសម្រេច បែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ទៅនាយឧត្តមសេនីយ៍ ១២រូប ឧត្តមសេនីយ៍ឯក ១រូប និងនាយឧត្តមនាវី ២រូប។
លោក សៅ សុខា ដែលទើបកាន់តំណែងជាអគ្គបញ្ជាការស្តីទីនៃក្រសួងការពារជាតិ កាលពីថ្ងៃទី៩ ខែកក្កដា បានចុះហត្ថលេខាលើសម្រេចមួយស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួរកងទ័ព ដោយលោកផ្ទាល់មានសមត្ថកិច្ចក្នុងការបញ្ជាកងយោធពលទាំងមូល និងជាអ្នកទទួលខុសត្រូវចាត់តាំងអនុវត្តភារកិច្ចការពារជាតិនៃរាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ លោកក៏មានភារកិច្ចដឹកនាំគ្រប់គ្រងដោយផ្ទាល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងទទួលផ្ទាល់លើការងារខុទ្ទការល័យទីចាត់ការបុគ្គលិក នាយកដ្ឋានស្រាវជ្រាវ-ការកិច្ចទីចាត់ការហិរញ្ញវត្ថុ និងការងារអធិការដ្ឋាន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយស្ដីទីសេនាធិការចម្រុះ មេបញ្ជាការស្ដីទីកងទ័ពជើងគោក ទទួលភារកិច្ចជួយអគ្គមេបញ្ជាស្ដីទីលើករាងារដឹកនាំបញ្ជា និងគ្រប់គ្រងកងទ័ពជើងគោក។ រីឯនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ទទួលភារកិច្ចជួយអគ្គមេបញ្ជាការស្ដីទី លើការងារដឹនាំបញ្ជា និងគ្រប់គ្រងបបញ្ជាការដ្ឋានអង្គរក្ស។
សម្រាប់ នាយឧត្តមនាវី អ៊ុង សំខាន់ អគ្គមេបញ្ជាការរង ទទួលភារកិច្ចជួយអគ្គមេបញ្ជាការស្ដីទី លើការងារសារនិងបំភ័ន្តអក្ខរៈ។ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការង ទទួលភារជួយអគ្គមេបញ្ជាការស្ដីទី លើការងារមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា។
ភារកិច្ចជួយមេបញ្ជាការស្ដីទី លើការងារហ្វឹកហ្វឺននិងអប់រំ ព្រមទាំងជួយការងារដល់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយស្ដីទីសេនាធិការចម្រុះ ក្នុងពេលដែលកំពុងបំពេញបេសកកម្ម ជាបន្ទុករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង។ ចំណែកការងារទំនាក់ទំនងសាធារណៈ មាននាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង ជាអ្នករ៉ាប់រង។
អគ្គមេបញ្ជាការរងផ្សេងទៀត រួមមាន នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ជួយមេបញ្ជាការស្តីលើការងារសេនាធិការកងអន្តរាគមន៍ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន លើការងារព្រំដែន នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ដែលជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ទទួលបន្ទុកលើការងារដឹកនាំបញ្ជា និងគ្រប់គ្រងបញ្ជាការដ្ឋានវិស្វកម្ម។
មុខងារសុខាភិបាលនិងយេនឌ័រ ជាបន្ទុករបស់ នាយឧត្តមសេនីយ៍ ម៉ី មនដារី ចំណែកនាយឧត្តមសេនីយ៍ អ៊ុយ សារិន្ទ ទទួលខុសត្រូវលើការងារអភិវឌ្ឍន៍ នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស ទទួលខុសត្រូវលើការងារ ដឹកនាំបញ្ជា និងគ្រប់គ្រងទ័ពអាកាស និងបញ្ជាការដ្ឋានការពារអាកាស។
ជួយមេបញ្ជាការស្ដីទី លើមុខងារដឹកនាំបញ្ជា និងគ្រប់គ្រងកងទ័ពជើងទឹក ជាភារកិច្ចរបស់ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។ នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នាយកទីចាត់ការកលយុទ្ធ រ៉ាប់រងលើមុខងារផែនការនិងប្រតិបត្តិការសឹក រីឯមុខងារដឹកនាំបញ្ជា និងគ្រប់គ្រងបញ្ជាការដ្ឋានកាំភ្លើងធំ មាននាយឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ជាអ្នកទទួលខុសត្រូវ៕