កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​រុស្ស៊ី Abramovic ចាយ​អស់​១២០​លាន​ដុល្លារ​លើ​ការបញ្ចប់​តំណែង​គ្រូ Chelsea
14, Jul 2018 , 8:30 pm        
រូបភាព
​ចាប់តាំងពី​សេដ្ឋី​ជនជាតិ​រុស្ស៊ី​លោក Roman Abramovich ឡើងកាន់​កាប់​ក្លិប Chelsea ពី​ឆ្នាំ ២០០៣​មក ក្លិប​នេះ​បាន​ផ្លាស់ប្តូរ​អ្នកចាត់ការ​ចំនួន​៨​រូប​ហើយ បន្ទាប់ពី​បញ្ចប់​តំណែង​លោក Antonio Conte នៅ​ឆ្នាំ​២០១៨​នេះ​។ ក្លិប​រហស្សនាម​តោ​ខៀវ​បាន​ចំណាយ​ប្រាក់​រហូតដល់​៩០​លាន​ផោន ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក ពី​ការបញ្ចប់​តំណែង​គ្រូ​ទាំង​៨​រូបនេះ ដ្បិត​ពួកគេ​នៅជាប់​កិច្ចសន្យា​។​



អត្ថបទទាក់ទង

​លោក Antonio Conte ជា​អ្នកចាត់ការ​ទូទៅ​ទី​៨​ហើយ​ដែល Chelsea បានប្រកាស​ចែកផ្លូវ​ក្រោយ​ដឹកនាំ​បាន​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​ការចាកចេញ​ពី Stamford Bridge  អតីត​គ្រូ​ជម្រើសជាតិ​អ៊ីតាលី និង Juventus នេះ ទទួលបាន​ប្រាក់​សំណង ១២​លាន​ដុល្លារ​ផងដែរ ព្រោះ​នៅជាប់​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ទៀត​។​


​  
​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ ក្នុង​សម័យកាល​កាន់កាប់​របស់លោក Abramovich ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ Chelsea បាន​ផ្លាស់ប្តូរ​គ្រូ​រហូតដល់​ទៅ​៩​លើក​មកហើយ ដែល​ក្នុងនោះ​អ្នកចាត់ការ Manchester United បច្ចុប្បន្ន​គឺ​លោក Jose Mourinho មាន​ប្រវត្តិ​ចែកផ្លូវ​ជាមួយ​តោ​ខៀវ​ដល់​ទៅ​២​ដង​។ 
 
​ក្នុងការ​បញ្ចប់​តំណែង​អ្នកចាត់ការ​ទាំង​៨​រូប​កន្លងមក Chelsea បាន​ចំណាយ​ប្រាក់​សំណង​ទៅដល់​ពួកគេ​សរុប​រហូតដល់​១២០​លាន​ដុល្លារ ដែល​ក្នុងនោះ​រួមមាន​លោក Claudio Ranieri នៅ​ឆ្នាំ ២០០៤ ចំនួន ៧.៨៨​លាន​ដុល្លារ​, Jose Mourinho (២០០៧) ២៣.៦៤​លាន​ដុល្លារ​, Avram Grant (២០០៨) ៧.២២​លាន​ដុល្លារ​, Luiz Felipe Scolari (២០០៩) ១៦,៥៥​លាន​ដុល្លារ​, Carlo Ancelotti (២០១១) ៧.៨៨​លាន​ដុល្លារ​, Andre Villas-Boas (២០១២) ១៥.៧៦​លាន​ដុល្លារ​, Roberto Di Matteo (២០១២) ១៤​លាន​ដុល្លារ​, Jose Mourinho (២០១៥) - ១២.៤៨, Antonio Conte (២០១៨) ១២​លាន​ដុល្លារ​។ លោក Rafael Benitez ដែល​បាន​ជួយ​ឲ្យ Chelsea ឈ្នះ​ពាន Europa League មិន​ស្ថិត​ក្នុងចំណោម​គ្រូបង្វឹក​ទាំងនោះ​ឡើយ ពីព្រោះ​លោក​គ្រាន់តែ​ដឹកនាំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ នា​រដូវ​កាល ២០១២-២០១៣ ។​
 
​បន្ទាប់ពី​បញ្ចប់​តំណែង​លោក Conte ក្រុមតោខៀវ បានតែងតាំងលោក Maurizio Sarri អតីត​អ្នកចាត់ការ​ទូទៅ Napoli មក​ដឹកនាំបន្ត​ក្នុងកិច្ចសន្យា​បីឆ្នាំ៕

Tag:
 បាល់ទាត់​
  Chelsea
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com